បណ្តាញសង្គម

សវនាការកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ នៅតុលាការកំពូលត្រូវបានផ្អាកបន្តិច ហើយនឹងកាត់ក្តីបន្តទៀត នៅម៉ោង២រសៀល

(ភ្នំពេញ)៖ រហូតដល់ម៉ោងជាង ១២៖០០នាទី វេលាថ្ងៃត្រង់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សវនាការជំនុំជម្រះ កាត់ទោសរំលាយ គណបក្សសង្រ្គោះជាតិ នៅតុលាការកំពូល ត្រូវបានផ្អាកបន្តិច ហើយសវនាការនេះ នឹងចាប់ផ្តើមធ្វើបន្តទៀត នៅម៉ោង២រសៀល។

នេះបើតាមការ អះអាងរបស់ អ្នកនាំពាក្យ តុលាការកំពូល ដែលបានបញ្ជាក់ប្រាប់ បណ្តាញព័ត៌មាន Fresh News ក្រោយពេលបិទសវនាការ ។ សូមបញ្ជាក់ថា នៅវេលាម៉ោង ៨៖៤០នាទី ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តុលាការកំពូល បានបើកសវនាការ ជាសាធារណៈលើបណ្តឹង « រំលាយបក្សសង្គ្រោះជាតិ » ដោយមានចៅក្រម ៩រូប និងតំណាង មហាអយ្យការមួយរូប ក្រឡាបញ្ជីមួយរូប និងមានមេធាវី ដើមបណ្តឹងមាន៤រូប ។ នៅក្នុងអង្គសវនាការ គឺមិនអនុញ្ញាត ឲ្យថតសំឡេង និងថតរូបភាពទេ ហើយអ្នកចូលរួម តាមដានអាចកត់ត្រាបាន ។

សវនាការរបស់ តុលាការកំពូល ដើម្បីជំនុំជម្រះរឿងរំលាយ គណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង បទល្មើសក្បត់ជាតិនេះ បានធ្វើឡើងពុំ មានការតវ៉ា ពីសកម្មជនរបស់ គណបក្សប្រឆាំងទេ ខណៈដែល លោកស្រី មួរ សុខហួរ អនុប្រធានគណបក្ស ដែលជាប់ចោទរឿង ក្បត់ជាតិមួយនេះ បានអំពាវនាវ ឱ្យសកម្មជន និងអ្នកគាំទ្រខ្លួន ប្រមូលផ្តុំគ្នានៅមុខតុលាការ ។

ចំពោះសវនាការនេះ ក្រុមមេធាវីតំណាង ក្រសួងមហាផ្ទៃ ក៏បានស្នើឱ្យ តុលាការកំពូល ធ្វើការផ្អាកសកម្មភាព នយោបាយរយៈពេល ៥ឆ្នាំ ដល់ក្បាលម៉ាស៊ីន និងសមាជិកជាន់ខ្ពស់ របស់គណបក្សសង្រ្គោះជាតិ ចំនួន ១១៨រូបផងដែរ ។

អ្នកនាំពាក្យតុលាការ កំពូលលោក អ៊ុក គឹមសិទ្ធិ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា សាលដីការបស់ តុលាការកំពូល ដែលកាត់ទោស « រំលាយគណបក្ស សង្រ្គោះជាតិ » នឹងត្រូវប្រកាសនៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះតែម្តង ដោយមិនរង់ចាំ ដល់ថ្ងៃស្អែកនោះទេ ។ លោក បានបញ្ជាក់ យ៉ាងដូច្នេះថា៖ «សាលដីកានឹង ប្រកាសថ្ងៃនេះ ដាច់ខាតមិន ឲ្យរំលងដល់ថ្ងៃទី១៧ ខែវិចិ្ឆកាឡើយ ខណៈពេលនេះ សវនាការ កំពុងដំណើរការ តាមនីតិវិធី » ៕

ដកស្រង់ពី ៖FreshNews