បណ្តាញសង្គម

អ្នកជំនាញអង្គការ ហាមឃាត់អាវុធគីមី របស់UN នឹងចុះពិនិត្យ ទីតាំងគ្រាប់បែកគីមី នៅថ្ងៃស្អែក

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ស្អែកនេះ ក្រុមបច្ចេកទេសអង្គការ ហាមឃាត់អាវុធគីមី (OPCW) របស់អង្គការសហប្រជាជាតិ (UN) នឹងចុះប្រតិបត្តិការ ទៅតាមខេត្ត៣ ដែលរកឃើញគ្រាប់បែកគីមី ជាក់ស្ដែងតែម្ដង ហើយនេះក៏ជាជោគជ័យ ជំហានដំបូងផងដែរ ។

 

ក្នុងឱកាសអញ្ជើញផ្សព្វផ្សាយ ផែនការសកម្មភាពជាតិគីមី ជីវសាស្រ្ដ វិទ្យុសកម្ម និងនុយក្លេអ៊ែរ នាសណ្ឋាគារភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ សម្ដេច ទៀ បាញ់ បានមានប្រសាសន៍ថា នេះគឺជាជោគជ័យជំហ៊ានដំបូង ដែលកម្ពុជាធ្លាប់តែរងគ្រោះ ដែលត្រូវអ្នកជំនាញរបស់ UN ចុះមកមើលទីតាំងមានគ្រាប់បែកគីមីដោយផ្ទាល់ ។

សម្ដេចពិជ័យសេនាបញ្ជាក់ថា “បន្ទាប់ពីយើងធ្លាប់ធ្វើការងារដ៏ច្រើនដែរ ពីគ្រប់ទិសទីទាំងអស់ បានន័យថា យើងនិយាយទៅ សំឡេងឮកាន់តែខ្លាំងទៅ គឺបានការឆ្លើយតប។  ឥឡូវនេះ កាលពីយប់មិញហ្នឹង គឺខាង OPCW គឺបានបញ្ជូនមនុស្សមកហើយ ហើយតាមកម្មវិធី ចាប់ផ្ដើមពីស្អែកនេះ យើងនឹងចុះទៅប្រតិបត្តិការ នៅតំបន់ដែលរកឃើញ (គ្រាប់បែកគីមី) ជាក់ស្ដែងតែម្ដង” ។

សម្ដេចបន្តថា ទោះបីជាយ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងបញ្ហាគ្រាប់បែកគីមីនេះ គឺទទួលបានការចាប់អារម្មណ៍ ពីអង្គការហាមឃាត់អាវុធគីមី ក្នុងការដោះស្រាយ និងរកវិធីបន្សាបដែលអាមេរិកទម្លាក់ កាលសម័យសង្គ្រាមផងដែរ ។

សម្ដេចបន្ថែមថា កម្ពុជា ជាប្រទេសទី១ ក្នុងចំណោមប្រទេស តំបន់អាស៊ីអាគ្នេយ៍ ដែលទទួលបាន ការយកចិត្តទុកដាក់ ពីសហគមន៍អឺរ៉ុប ក្នុងការបើកសិក្ខាសាលាផ្សព្វផ្សាយ ផែនការសកម្មភាពជាតិគីមី ជីវសាស្រ្ដ វិទ្យុសកម្ម និងនុយក្លេអ៊ែរ ។ចបន្ថែមទៀតថា តាមគម្រោងក្រុមការងាររបស់កម្ពុជា និងក្រុមបច្ចេកទេស OPCW នឹងចុះប្រតិបត្តិការ នៅខេត្តស្វាយរៀង ត្បូងឃ្មុំ មណ្ឌលគិរី ។

ពាក់ព័ន្ធកម្ពុជាស្នើអាមេរិក ជួយដោះគ្រាប់បែកគីមីនៅកម្ពុជា សម្ដេច ទៀ បាញ់ ថ្លែងថា អាមេរិកមិនទាន់ មានការឆ្លើយតប ជាវិជ្ជមានណាមួយឡើយ ប៉ុន្តែអង្គការ OPCW ក៏មានទំនាក់ទំនង ជាមួយអាមេរិកដែរ ។សម្ដេចគូសបញ្ជាក់ថា ការទុកដាក់គ្រាប់បែកគីមី ដោយគ្រាន់តែវេចខ្ចប់ក្នុងថង់បែបនេះ ទុកមិនបានជារៀងរហូតនោះទេ ដូច្នេះត្រូវពឹងពាក់ពីបរទេស ដើម្បីឈានទៅបំផ្លាញចោលទាំងស្រុង ។

សូមរំលឹកថា លោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ កាលពីថ្ងៃ១៦ តុលា បានសរសេរលិខិតមួយច្បាប់ ជូនលោក Ahmet Üzümcü អគ្គនាយកនៃអង្គការ ហាមឃាត់អាវុធគីមី (OPCW) ដែលមានទីស្នាក់ការនៅទីក្រុងឡាអេ ដើម្បីរៀបរាប់ពីការរកឃើញ អាវុធគីមីនៅកម្ពុជា និងស្វែងរកជំនួយរបស់ អង្គការហាមឃាត់អាវុធគីមី ក្រោយពីការស្នើសុំ ក្រុមមន្រ្តីនៃអង្គការនេះ បានមកដល់កម្ពុជា នារាត្រីថ្ងៃទី១១ ធ្នូ៕

ដកស្រង់ពី៖ដើមអម្ពិល