Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមអ្នកស្រាវជ្រាវ និងប្រវត្តិសាស្រ្ត រិះគន់ថា ប្រទេសមហាអំណាចហ៊ានធ្វើអ្វី ដើម្បីប្រយោជន៍ពួកគេ ដោយមិនគិតពីទឹកភ្នែកពលរដ្ឋ នៅប្រទេសតូចតាច

  • បោះពុម្ព

(ភ្នំពេញ)៖ នៅក្នុងកិច្ចពិភាក្សាតុមូល «ស្តីពីតួនាទីរបស់មហាអំណាចក្នុងកិច្ចការតំបន់ និងពិភពលោក» នៅរាជបណ្ឌិត្យសភា នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រុមអ្នកស្រាវជ្រាវ និងអ្នកប្រវត្តិសាស្រ្តកម្ពុជា បានរិះគន់ដល់ ប្រទេសមហាអំណាច ដែលហ៊ានធ្វើអ្វីៗ ដើម្បីតែប្រយោជន៍របស់ពួកគេ ដោយមិនគិតពីប្រទេសតូចតាច និងប្រជាពលរដ្ឋនៅប្រទេសតូចៗ ដូចជាកម្ពុជាឡើយ។

លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលជាវាគ្មិននៅក្នុងវេទិកាតុមូលនេះ បានលើកឡើងថា ប្រវត្តិសាស្រ្តកាលពីអតីតកាល បានបង្រៀនឱ្យកម្ពុជា ស្គាល់នូវភាពពិសពលរបស់ប្រទេសមហាអំណាច ជាពិសេសគឺសហរដ្ឋអាមេរិក ដែលប្រើប្រាស់អ្នកនយោបាយខ្មែរ ដើម្បីតែប្រយោជន៍ ផ្ទាល់ខ្លួន ហើយនៅពេលមានបញ្ហា ប្រទេសមហាអំណាចនោះ និងអ្នកនយោបាយដែលបម្រើមនោគមន៍វិជ្ជារបស់ពួកគេ ពុំបានចេញមុខដោះស្រាយទេ បន្សល់ទុកឱ្យរាស្រ្តខ្មែររងនូវទឹកភ្នែក។

លោក សុខ ទូច បានលើកឡើងយ៉ាងដូច្នេះថា៖ «ក្រុមប្រទេសមហាអំណាចហ៊ាន ធ្វើអ្វីៗ គឺដើម្បីតែប្រយោជន៍ពួកគេ ដោយមិនគិតពីប្រយោជន៍ ប្រទេសតូចតាចទេ។ មានតែពលរដ្ឋខ្មែរជាអ្នកសម្រេចជោគវាសនាខ្លួន ហើយអ្នកដែលស្រក់ទឹកភ្នែកមិនមែន អ្នកនយោបាយនោះទេ គឺប្រជាជនកម្ពុជា ស្លូតត្រង់តែប៉ុណ្ណោះ។ នៅពេលជួបបញ្ហា អ្នកនយោបាយតែងតែរត់ចោលស្រុកអស់ គឺទុកឲ្យប្រជាពលរដ្ឋរងគ្រោះទៅវិញ»។

លោកបណ្ឌិត សុខ ទូច បានរំលឹកថា នៅឆ្នាំ១៩៧០ ដោយសារអ្នកនយោបាយខ្មែរ គិតខុសចាប់យកពួកចក្រព័ទ្ធនិយម ដើម្បីទម្លាក់សម្តេច នរោត្តម សីហនុ បានធ្វើឱ្យប្រទេសកម្ពុជាធ្លាក់ចូលក្នុងភ្លើងសង្រ្គាមស៊ីវិលអស់រាប់ទស្សវត្ស។

ដូច្នេះគួរណាស់អ្នកជំនាន់ក្រោយផ្សព្វផ្សាយឱ្យបានទូលាយថា តើពួកមហាអំណាចបានគិតអ្វីខ្លះដល់ប្រទេសតូចតាច? ហើយនៅពេលពួកគេឈ្លោះគ្នា ពួកមហាអំណាចទាំងនោះមិនដែលប្រឈមមុខដាក់គ្នា ម្តងណានោះទេ ពួកគេតែងតែទាញប្រទេសចូលទៅក្នុងវិបត្តិធ្ងន់ធ្ងរ។ លោកបណ្ឌិត សុខ ទូច បានបន្តថា ទោះបីសហរដ្ឋអាមេរិកដឹងថា ខ្មែរក្រហមសម្លាប់ពលរដ្ឋខ្មែរអស់រាប់លាននាក់ នៅតែបន្តរក្សាអាសនៈ របស់ខ្មែរក្រហម នៅអង្គការសហប្រជាជាតិដដែល គឺដើម្បីតែប្រយោជន៍របស់ខ្លួនតែប៉ុណ្ណោះ។

តើមានពួកមហាអំណាចណាមួយ ដែលបានស្រក់ទឹកភ្នែកដើម្បីប្រជាជនខ្មែរ? តើមហាអំណាចណាមួយផ្តល់ភាពយុត្តិធម៌ដល់ប្រជាជនខ្មែរ ជាការពិតចុងក្រោយមកគេឃើញមានព្រឹត្តិការណ៍ថ្មីទី១៖ សម្លាប់គ្នាដោយសារមនោគមន៍ របស់ពួកមហាអំណាច, ទី២៖ ការសាកល្បងសព្វាវុធ របស់ពួកមហាអំណាច សហភាពសូវៀត អាមេរិក ចិន ធ្វើឲ្យប្រជាជនស្លូតត្រង់ស្លាប់បាត់បង់ជីវិត តើពួកគេទាំងនោះទទួលបានភាពយុត្តិធម៌ឬទេ? បន្ទាប់ពីមានការរំលឹកបែបនេះ លោកបណ្ឌិត ស្នើឱ្យអ្នកនយោបាយកម្ពុជា ប្រជាជនកម្ពុជា ពិចារណឲ្យច្បាស់ថា កម្ពុជាត្រូវចេះរៀបចំដំណើររបស់ខ្លួន ដោយខ្លួនឯង មិនត្រូវពឹងលើពួកបរទេសនោះទេ ដូច្នេះសូមអ្នកនយោបាយខ្មែរកុំផ្គាប់មុខលើមនោគមន៍នយោបាយបរទេសដែលនាំឲ្យជាតិខ្មែរ បាត់បង់សាមគ្គីភាព។

គេមិនដែលឃើញបរទេសណាឈ្លោះគ្នា ដើម្បីសុខសន្តិភាពរបស់កម្ពុជា នោះទេ។ ដោយឡែក លោកបណ្ឌិត ឌៀប សុផល អ្នកស្រាវជ្រាវផ្នែកប្រវត្តិសាស្ត្រ និងទំនាក់ទំនងអន្តរជាតិ ក៏បានថ្លែងដែរថា គ្មានអ្នកណាយល់ពីស្ថានភាពកម្ពុជា ជាងប្រជាជនខ្លួននោះទេ ប្រសិនបើគ្មានសន្តិភាព និងសង្គ្រាមនៅតែបន្តអត់មានថ្ងៃនេះនោះទេ ហើយលោកជឿថា ខ្មែរដើរលើខ្សែមួយ ដោយបត់បែនទៅតាមគំនិតខ្លួនឯង ដោយមិនត្រូវចងភ្ជាប់ខ្លួនទៅនយោបាយមហាអំណាចមួយណាទេ។

លោកបណ្ឌិត ឌៀប សុផល បានបន្តថា ក្រុមប្រទេសមហាអំណាចធំៗ ពួកគេតែងតែបញ្ចៀសការប៉ះទង្គិចគ្នាដោយអាវុធ ប៉ុន្តែគ្រប់ពេលអ្នកដែលរងគ្រោះមានតែប្រទេសតូចតាចទេ ដូចជាករណីសង្រ្គាមដោយសារមនោគមន៍វិជ្ជារវាងលទ្ធិប្រជាធិបតេយ្យ និងកុម្មុយនីស្ត នៅគុយបា សង្រ្គាមនៅឥណ្ឌូចិន ជាដើម ទាំងនេះហើយសបញ្ជាក់ថា ពួកមហាអំណាចមិនដែលឲ្យតម្លៃទៅលើប្រទេសតូចតាចជាងប្រទេសរបស់ខ្លួននោះទេ៕

ដកស្រង់ពី៖FRESH NEWS