បណ្តាញសង្គម

ពលទាហានថ្មីនៅខេត្តពោធិ៍សាត់ចំនួន៤៧នាក់ ត្រូវបញ្ជូនទៅហ្វឹកហ្វឺននៅសាលាយោធភូមិភាគទី៥, អភិបាលខេត្តផ្តាំផ្ញើឲ្យតស៊ូប្រឹងប្រែងរៀនសូត្រ ដើម្បីមានសមត្ថភាព ការពារបូរណភាពទឹកដី

(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានផ្តាំផ្ញើដល់កងទ័ព ជាពលទាហានទាំងអស់ ដែលទៅហ្វឹកហ្វឺននៅសាលាពលទាហានត្រូវ អនុវត្តឲ្យបានល្អនូវរាល់បញ្ជា របស់កងយោធពលខេមរភូមិន្ទ ពិសេសត្រូវតស៊ូប្រឹងប្រែងរៀនសូត្រ នូវរាល់មេរៀនរបស់កងទ័ព និងក្បួនយុទ្ធសាស្រ្តនានា ដើម្បីឲ្យមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារបូរណភាព ទឹកដី និងការពារសេចក្តីសុខជូនប្រជាជនកម្ពុជា ការពាររដ្ឋធម្មនុញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រជាពលដ្ឋបោះឆ្នោតជូន។

លោកអភិបាលខេត្ត បានផ្តាំផ្ញើបែបនេះ នៅតំបន់ប្រតិបត្តិការសឹករងខេត្ត ក្នុងឱកាសជួបសំណេះសំណាល ជូនដំណើរពលទាហាន ដែលទើបជ្រើសរើសថ្មី ចំនួន៤៧នាក់ ទៅរៀនសូត្រ នៅសាលាហ្វឹកហ្វឺនយោធភូមិភាគទី៥ ខេត្តបាត់ដំបង សម្រាប់បញ្ចូលក្របខណ្ឌ នៃកងយោធពលខេមរភូមិន្ទ ដោយបានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះមេគណខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ ប្រធាន អនុប្រធានមន្ទីរនានាជុំវិញខេត្ត នាយទាហាន នាយទាហានរង និងពលទាហានយ៉ាងច្រើនកុះករ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧។

បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ ប៉ែន ណាវណ្ណ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត មានមតិស្វាគមន៍រួចមក លោកវរសេនីយ៍ឯក ឯក សឹម ប្រធានផ្នែកជ្រើសរើសទ័ព បានរាយការណ៍ថា ក្រោយពីបានទទួលផែនការរបស់យោធភូមិភាគទី៥ហើយ តំបន់ប្រតិបត្តិការសឹករងខេត្តពោធិ៍សាត់ បានអញ្ជើញអង្គភាព និងសាម៉ីខ្លួន ដែលមានការពាក់ព័ន្ធ ដូចជាផ្នែកជ្រើសរើសទ័ពស្រុក ក្រុង កងរាជអាវុធហត្ថ ស្នងការ អធិការ និងប៉ុស្ដិ៍រដ្ឋបាលគ្រប់ ឃុំ សង្កាត់ ប្រជុំពិភាក្សាគ្នាអំពីបញ្ហានេះ។

លោកវរសេនីយ៍ឯក បានបន្តថា ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ ផ្នែកជ្រើសរើសទ័ពស្រុក ក្រុង បានចុះទៅដល់គោលដៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ស្រុក ក្រុង ដើម្បីចែកពាក្យដល់ យុវជនស្ម័គ្រចិត្ត ចូលបម្រើក្នុងជួរកងយោធពលខេមរៈភូមិន្ទ ព្រមទាំងមានការផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ របស់អនុគណៈកម្មការឃោសនាផ្សព្វផ្សាយ រយៈពេល៣៣ថ្ងៃផងដែរ។ លោកវរសេនីយ៍ឯក បានបន្ថែមថា ពលទាហានជ្រើសរើសថ្មីបញ្ចូលក្របខណ្ឌ នៃកងយោធពលខេមរៈភូមិន្ទ នៅតំបន់ប្រតិបត្តិការសឹករងខេត្ត ដែលត្រូវបញ្ជូនទៅរៀនសូត្រ នៅសាលា ហ្វឹកហ្វឺនយោធភូមិភាគទី៥ ខេត្តបាត់ដំបងនាពេលនេះ មានចំនួន៤៧នាក់។

ចំពោះខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន ក៏ត្រូវបញ្ជូនទៅក្នុងថ្ងៃជាមួយគ្នានោះផងដែរ។ ថ្លែងសំណេះសំណាល លោក ម៉ៅ ធនិន អភិបាលខេត្ត បានលើកឡើងថា ការជ្រើសរើសទ័ពនាពេលនេះ គឺដើម្បីបំពេញក្របខ័ណ្ឌឲ្យយោធភូមិភាគទី១ កងទ័ពជើងគោក ដូច្នេះទាមទារ ឲ្យប្អូនៗត្រូវយកចិត្តទុកដាក់គ្រប់មេរៀនទាំងអស់ ដើម្បីមានចំណេះដឹងសម្រាប់យកទៅអនុវត្ត ក្នុងការការពារបូរណភាពទឹកដី និងអាយុជីវិតប្រជាពលរដ្ឋកម្ពុជា។ មិនតែប៉ុណ្ណោះ បានជួយដកស្ទូង ច្រូតកាត់ បូមទឹក និងជួយសង្គ្រោះ អន្តរាគមន៍ ដល់ប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយ ឬបញ្ហាផ្សេងៗ។

លោកអភិបាលខេត្ត បានលើកឡើងថា កងទ័ពមានសិទ្ធិការពាររាជរដ្ឋាភិបាល ការពារថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាល ដែលប្រសូត្រចេញពីការបោះឆ្នោតស្របច្បាប់ មិនបណ្ដោយឲ្យក្រុមណា ឬជនណាមកបំបែកបំបាក់បានឡើយ។

ក្នុងឱកាសនោះ លោក ម៉ៅ ធនិន បានចែកជូនវត្ថុកំដរដៃ ដល់ពលទាហានថ្មីទាំង៤៧នាក់ ដោយក្នុងម្នាក់ៗទទួលបាន ក្រមា១ និងថវិកា ៥ម៉ឺនរៀល និងបានចែកបាយមួយប្រអប់ និងទឹកបរិសុទ្ធមួយដប សម្រាប់ធ្វើដំណើរចេញទៅសាលាហ្វឹកហ្វឺនយោធភូមិភាគទី៥ ខេត្តបាត់ដំបង។ ដោយឡែកសម្រាប់អ្នកចូលរួមទាំងអស់ ម្នាក់ៗទទួលបានក្រមា១ផងដែរ៕

ដកស្រង់ពី៖FRESH NEWS