បណ្តាញសង្គម

ក្រសួងការបរទេសកម្ពុជា ថ្កោលទោស និងជជែកពិភាក្សាជាមួយស្ថានទូតអូស្ត្រាលីរឿងខ្មែរ​ នៅអូស្ត្រាលីដុតរូបទីងមោង

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការដុតរូបទីងមោង ដោយភ្ជាប់ជាមួយ រូបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយបាននិងកំពុងធ្វើការ ជាមួយស្ថានទូតអូស្ត្រាលី ដើម្បីបញ្ឈប់សកម្មភាពដ៏អសីល ធម៌ទាំងនេះផងដែរ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា «ក្រសួងបាននិងកំពុងធ្វើការ សម្របសម្រួល តាមផ្លូវការទូតជាមួយអូស្ត្រាលីដើម្បីធានាបាននូវការគោរពចំពោះកិត្តិយស និងភាពថ្លៃថ្នូរបស់ថ្នាក់ដឹកនាំកម្ពុជា ជាពិសេសក្នុងឱកាសដែល សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅទីក្រុងស៊ីដនី ក្នុងខែមីនាខាងមុខ តាមការអញ្ជើញផ្លូវការរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី»។

បើទោះបីជាយ៉ាងណាលោក ជុំ សុន្ទរី មិនបានបញ្ជាក់លំអិតពីកិច្ចពិភាក្សា រវាងក្រសួងការបរទេសកម្ពុជា ជាមួយស្ថានទូត អូស្ត្រាលីនោះឡើយ។

បើតាមលោក ជុំ សុន្ទរី ក្រសួងការបរទេសក៏ នឹងធ្វើដូចគ្នានេះ ជាមួយបណ្តាប្រទេសដទៃទៀត ចំពោះករណីដុតរូបថ្នាក់ ដឹកនាំកម្ពុជាផងដែរ។ ការចរចារវាងក្រសួង ការបរទេសកម្ពុជា ជាមួយស្ថានទូតអូស្ត្រាលី ដើម្បីឲ្យមានការគោរពភាព ថ្លៃថ្នូររបស់មេដឹកនាំខ្មែរនេះ បានធ្វើឡើងបន្ទាប់ពីពល រដ្ឋខ្មែរនៅអូស្ត្រាលី ដែលដឹកនាំដោយលោក ហុង លីម តំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរ បាននាំគ្នាដុតរូបទីងមោង ដោយមានភ្ជាប់ជាមួយរូបរបស់ សម្តេចតេជោ ហ៊ុន សែន ជាមួយការនិយាយ នូវពាក្យអសុរោះជាច្រើន ថែមទៀតផង។

ក្រៅពីពលរដ្ឋខ្មែរនៅអូស្ត្រាលី ពលរដ្ឋខ្មែរនៅកាណាដា ដែលគេដឹងថាសុទ្ធតែជាមនុស្ស មាននិន្នាការគាំទ្រអតីតបក្សសង្គ្រោះជាតិ ក៏បាននាំគ្នាដុតរូបបែបនេះផងដែរ។ ការដុតរូបរបស់ពួកគេបាន ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានព្រមានតាមវាយពួកគេដល់ ផ្ទះប្រសិនបើមានការដុតរូបសម្តេច។

មានការលើកឡើងថា រដ្ឋាភិបាលអូស្ត្រាលី ត្រូវតែពិចារណាលើទង្វើដ៏ឆ្គាំឆ្គងរបស់ខ្មែរនៅអូស្ត្រាលី ព្រោះការធ្វើសកម្មភាពនេះ ជារឿងប៉ះពាល់ដល់កិត្តិយស របស់ថ្នាក់ដឹកនាំខ្មែរ និយាយដោយឡែកនិយាយជារួមវិញ ក៏ជាការប៉ះពាល់ដល់ កិត្តិយសរបស់មេដឹកនាំ អាស៊ានផងដែរ។

នៅខែក្រោយនេះអូស្ត្រាលី អញ្ជើញមេដឹកនាំអាស៊ានទាំង១០ ឲ្យទៅប្រជុំនៅក្នុងប្រទេសរបស់ខ្លួន តែបែរជាបណ្តោយឲ្យមានការប្រមាថ ដល់ភាពថ្លៃថ្នូរបស់មេដឹកនាំអាស៊ានទៅវិញ តើអ្វីទៅជាបំណងពិតរបស់អូស្ត្រាលី តើអូស្ត្រាលីចង់បង្កើតទំនាក់ ទំនងល្អជាមួយអាស៊ាន ឬមួយយ៉ាងណា? អាស៊ាន គួរតែដឹងពីគោលការណ៍ កុងសង់ស៊ីរបស់អាស៊ាន ដូច្នេះបើអូស្ត្រាលីធ្វើឲ្យ មេដឹកនាំអាស៊ានណាមួយមិនសប្បាយចិត្តជាមួយខ្លួន នោះកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី ដែលធ្វើអំឡុងថ្ងៃទី១៧-១៨ ខែមីនា ឆ្នាំ២០១៨ខាងមុខនេះ អាចនឹងមិនមានលទ្ធផលល្អនោះឡើយ៕

ដកស្រង់ពី៖ FRESH NEWS