បណ្តាញសង្គម

សម្ដេចក្រឡាហោម ស ខេង អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ និងលើកទិសដៅបន្ដ របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅបន្ដ របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍។

កិច្ចប្រជុំនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ស្នងការរាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។

នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍បានឲ្យដឹងថា លទ្ធផលនៃការជំរឿន អគ្គនាយកដ្ឋានអន្តោប្រវេសន្តបានរកឃើញថា ជនបរទេសអន្តោប្រវេសន្តសរុប ៤៦,៧៧៦គ្រួសារ ស្មើនឹងចំនួនមនុស្ស ១៧៦,៨១២នាក់ ក្នុងនោះស្រីចំនួន៧៩,៧២៨នាក់ កំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា។

បើតាមនាយឧត្តមសេនីយ៍ ក្នុងចំណោមជនបរទេស អន្តោប្រវេសន្តជាង១៧ម៉ឺនាក់ ក្នុងមានជនបរទេសអន្តោប្រវេសន្តចំនួន ២០,២១៨គ្រួសារ ស្មើនឹងចំនួនមនុស្ស ៧៣,៣៩៧នាក់ ស្រី ៣៥,៨៨៨នាក់ មាន០៥សញ្ជាតិ កំពុងកាន់កាប់ប្រើប្រាស់ឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតី ដែលឯកសារទាំងនោះមាន ០៧ប្រភេទឯកសារ។ 

ឯកសារទាំង ០៧ប្រភេទនោះរួមមាន សៀវភៅស្នាក់នៅចំនួន ១៨,៥៨០ក្បាល, សៀវភៅគ្រួសារចំនួន ២,១៧៧ក្បាល, សំបុត្រកំណើតចំនួន ១១,៣៣៦ច្បាប់, សំបុត្រអាពាហ៍ពិពាហ៍ចំនួន២៤១ច្បាប់, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ៦,៧២២ប័ណ្ណ,  លិខិតឆ្លងដែនកម្ពុជា ចំនួន ៦៣២ក្បាល និងបណ្ណសម្គាល់កម្មសិទ្ធិអចលនវត្ថុចំនួន ៤១បណ្ណ៕

ដកស្រង់ពី៖ FRESH NEWS