បណ្តាញសង្គម

ឧត្តមសេនីយ៍ត្រី ប៉ុច ពុន មេបញ្ជាការកងយន្តហោះប្រដេញ នៃកងទ័ពជើងអាកាស ដែលបម្រើជាតិ៣០ឆ្នាំ ទទួលមរណភាព បន្សល់ទុកប្រពន្ធកូនរស់នៅកំព្រាឯកា

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី ប៉ុច ពុន មេបញ្ជាការកងយន្តហោះប្រដេញ នៃមូលដ្ឋានទ័ពជើងអាកាស ដែលបានបម្រើជាតិប្រមាណ៣០ឆ្នាំមកហើយនោះ បានទទួលមរណភាព នៅម៉ោង១១៖០០នាទីយប់ ថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ក្នុងជន្មាយុ៥១ឆ្នាំ ដោយរោគាពាធ។

លោកឧត្តមសេនីយ៍ត្រី ប៉ុច ពុន កើតនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ១៩៦៦មានស្រុកកំណើតនៅភូមិចក ឃុំព្រះពន្លាស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយលោកស្រី ជុំ សុជាត ក្នុងឆ្នាំ១៩៩៣ហើយមានបុត្រចំនួន០២នាក់ ប្រុសម្នាក់និងស្រីម្នាក់។កូនប្រុសទី១ របស់សពលោកឧត្តមសេនីយ៍ត្រី ប៉ុច ពុន មានឈ្មោះ ប៉ុច រ៉ូប៊ីន និងកូនស្រីទី២ ឈ្មោះ ប៉ុច រមនា។

តាមការបញ្ជាក់របស់ក្រុមគ្រួសារ លោក ប៉ុច ពុន ធ្លាប់បានបញ្ចប់ការសិក្សា ការបើកបរយន្តហោះចម្បាំង ធុន MiG-21 ពីប្រទេសរុស្សី កាលពីឆ្នាំ១៩៨៩ ហើយលោកបាន ចូលបំរើការងារជូនជាតិ មកទល់សព្វថ្ងៃ មានឋានន្តរសក្តិ ជាវរសេនីយ៍ឯក ដែលមានតួនាទីជា មេបញ្ជាការកងយន្តហោះប្រដេញ នៃមូលដ្ឋានទ័ពជើងអាកាសពោធិ៍ចិនតុង។

ដោយសារបុព្វហេតុបម្រើជាតិមាតុភូមិ លោក ប៉ុច ពុន ធ្លាប់មានគ្រោះថ្នាក់ធ្លាក់យន្តហោះធ្ងន់ធ្ងរ ក្នុងអំឡុងពេលបំពេញភារកិច្ច ក្នុងខេត្តព្រះវិហារតែអាយុលោកថ្លៃ ទើបមិនស្លាប់ ប៉ុន្តែជាអកុសលលើកទី២នេះ លោក ប៉ុច ពុន បានធ្លាក់ខ្លួនឈឺជាទំងន់ ដោយសារជំងឺកាចសាហាវ គឺមហារីកបំពង់ទឹកប្រមាត់ កាលពីខែកក្កដា ឆ្នាំ២០១៧ ទើបលោកបានទទួលមរណភាព នៅថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅវេលាម៉ោង២៣៖០០នាទីក្នុងអាយុ៥១ឆ្នាំ។

មរណភាពរបស់លោក ប៉ុច ពុន គឺជាការបាត់បង់នូវស្វាមី និងឪពុក ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ក្រុមគ្រួសារ និងបាត់បង់ធនធានមនុស្សដ៏សំខាន់មួយ ក្នុងវិស័យការពារជាតិ។

សូមជម្រាបថា សពរបស់លោកឧត្តមសេនីយ៍ត្រី ប៉ុច ពុន ត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យ និងបូជាតាមប្រពៃណី នៅវត្តស្វាយពពែ៕

ដកស្រង់ពី៖ Fresh News