បណ្តាញសង្គម

ព្រះវិហារ និងសមិទ្ធផលតម្លៃជាង១លានដុល្លារ នៅវត្តដងទង់ ក្នុងខេត្តស្វាយរៀង ត្រូវដាក់សម្ពោធនៅថ្ងៃនេះ, លោកស្រី ម៉ែន សំអន៖ ការរីកចម្រើនលើគ្រប់វិស័យ កើតឡើងដោយការដឹកនាំ យ៉ាងត្រឹមត្រូវរបស់តេជោ សែន

(ស្វាយរៀង)៖ លោកស្រីឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា ការរីកចម្រើន និងវិបុលភាពគ្រប់វិស័យក្នុង សម័យតេជោនេះ មិនមែនជារឿងចៃដន្យទេ គឺកើតឡើងដោយការ ដឹកនាំយ៉ាងត្រឹមត្រូវខាងនយោបាយ ប្រកបដោយភាពឈ្លាសវៃ បំផុតរបស់សម្តេចតេជោ ទើបកម្ពុជាយើងមានអ្វីៗ ដូចសព្វថ្ងៃនេះ ហើយអ្វីៗទាំងអស់នេះ កើតចេញពីមាតា ៧មករា ឆ្នាំ១៩៧៩។

លោកស្រីបានថ្លែងបែបនេះ ក្នុងឱកាសដែលអញ្ជើញសំណេះសំណាល ក្នុងពិធីសម្ភោធព្រះវិហារនិងសមិទ្ធផល នានាក្នុងវត្តដងទង់ ស្ថិតនៅភូមិច្រកឬស្សី សង្កាត់បាទី ក្រុងបាវិតខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលជាការផ្តួចផ្តើមសាងសង់ដោយលោក សោម សុធា និងលោកស្រី ម៉ម ពិសី ព្រមទាំងបុត្រ និងក្រមការងារចំណាយ ការសាងសង់សរុបសមទ្ធិផលទាំង អស់ជាង១លានដុល្លារ។

លោកស្រី ម៉ែន សំអន ក៏បានថ្លែងផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងពីរ តែងតែមានមនោសញ្ចេតនា ស្រលាញ់រាប់អាន និងរួមសុខទុក្ខជាមួយបងប្អូនជន រួមជាតិទាំងអស់ និងជួយដោះស្រាយ ទុក្ខលំបាកសព្វ បែបយ៉ាង គ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។

លោកស្រី បានបញ្ជាក់ថា ក្រោយពីប៉ុន្តែក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ គឺក្រោមការអនុវត្តនូវគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលដាក់ចេញនូវវិធាន ការជាច្រើន ក្នុងកិច្ចធ្វើឲ្យប្រសើរឡើង នូវមនុស្ស ផ្លូវ ទឹក ភ្លើង ហើយវិស័យអាណាចក្រ វិស័យពុទ្ធចក្របានរស់ឡើងវិញ ហើយយើងទាំងអស់គ្នាក៏មានសិទ្ធិ និងសេរីភាពគ្រប់បែប យ៉ាងផងដែរ។

លោកស្រីថា ១យើងបានកសាងប្រទេសពីបាតដៃទទេ ដោយខិតខំស្តារកសាងឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដូចជា ផ្លូវថ្នល់ ស្ពាន ទំនប់ ប្រឡាយ សាលារៀន មន្ទីរពេទ្យ និង ព្រះវិហារ -ល- រហូតទទួលបាននូវការអភិវឌ្ឍគ្រប់វិស័យ ដូចដែលយើងទាំងអស់គ្នា បានឃើញមាននាសព្វថ្ងៃនេះ។

ខ្ញុំសូមរំលឹកផងដែរថា ប្រទេសយើងដែលធ្លាប់តែទទួលកងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ពេលនេះបានក្លាយជាប្រទេស ដែលបានបញ្ជូនកងទ័ពជំនាញ ជាពិសេស ខាងដោះមីន ដើម្បីចេញប្រតិបត្តិការ បម្រើពិភពលោកក្នុងក្របខណ្ឌ អង្គការសហប្រជាជាតិ នៅប្រទេសមួយចំនួន ក្នុងពិភពលោក»។

ដោយឡែក នៅក្នុងខេត្តស្វាយរៀង ក៏មានការរីកចម្រើន គួរឲ្យកត់សម្គាល់ផងដែរ ដែលមានសហគ្រាសគ្រឹះស្ថាននានាចំនួន១៦៤ ក្នុងនោះ មានរោងចក្រកាត់ដេរ២៨រោងចក្រ, ស្បែកជើង៦ ក្រុមហ៊ុនសន្តិសុខ៤, ក្រុមហ៊ុនសំណង់៤, សណ្ឋាគារ និងភោជនីយដ្ឋាន២៥, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថ៤៨, ក្រុមហ៊ុនដឹកជញ្ជូនសន្និធិស្តុក២, ក្រុមហ៊ុនអចលនទ្រព្យ៣ និងផ្សេង៤៤ ដែលគ្រឹះស្ថានទាំងអស់នេះ បានទាក់ទាញកម្លាំងពលកម្ម និងបានបង្កើនឱកាសការងាររហូតដល់៥៨,៧៨១នាក់ ស្ត្រី ៣៩,៤៩០។

រាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់ ក្នុងការផ្តល់នូវមណ្ឌលសុខភាពមួយ នៅស្រុករមាសហែក ដែលជាទីតាំងនៅកៀង និងតំបន់ដែលរងនូវផលប៉ះពាល់ នៃសារធាតុគីមី ដែលបាន បន្សល់ដោយការទម្លាក់គ្រាប់បែក របស់សហរដ្ឋអាមេរិក ដើម្បីជួយសម្រួលដល់សុខុមាល ភាពរបស់ប្រជាពរដ្ឋនៅតំបន់នោះ។ ចំណែកឯលទ្ធផលបណ្តោះអាស្នន នៃការបោះឆ្នោតជ្រើស តាំងព្រឹទ្ធសភា អាណតិទី៤នៅក្នុងភូមិភាគ៦ ដែលមានខេត្តព្រៃវែង និងខេត្តស្វាយរៀង ក្នុងនោះនៅខេត្តស្វាយរៀង គឺគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះ១០០ភាគរយ ។

ទន្ទឹមនឹងនោះផងដែរ សម្តចតេជោ ក៏នៅតែចុះជួបសំណេះសំណាល ជាមួយកម្មករ-កម្មការរិនី តាមបណ្តារោងចក្រមួយចំនួន នៅតាមរាជធានី-ខេត្ត។

ក្នុងជំនួបនោះផងដែរ សម្តេចតេជោក៏បានដោះស្រាយនូវការលំបាក របស់បងប្អូនកម្មករនិយោជិកដូចជាការតម្លើងប្រាក់ខែ ការផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មការិនីពេលឆ្លងទន្លេ ការខិតខំប្រឹងប្រែងក្នុងការអនុវត្តន៍គោល នយោបាយជាតិគាំពារសង្គម ការមិនតម្លើងថ្លៃជួលផ្ទះ ក្នុងឆ្នាំ២០១៨ ការបញ្ចុះតម្លៃ ទឹក ភ្លើង -ល-។

លោកស្រី បានបញ្ជាក់ថា ក្នុងចំណោមសមិទ្ធិផលជាច្រើនឥតគណនា ដែលរាជរដ្ឋាភិបាល រួមជាមួយព្រះតេជគុណ លោក-លោកស្រី សប្បុរសជនជិតឆ្ងាយ បានខិតខំពុះពារក្នុងការ កសាងឲ្យកើតជាសមិទ្ធិផល ដូចដែលមាននៅក្នុងវត្តដងទង់នាពេលនេះ។

ទន្ទឹមនឹងសមិទ្ធិផល ដែលយើងទទួលបាននាពេលនេះ លោកស្រីសូមឲ្យអាជ្ញាធរ និងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ ទូទាំងខេត្តស្វាយរៀង បន្ដបំពេញការងារ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ជាពិសេសត្រូវចុះឲ្យដល់មូលដ្ឋាន ជាក់ស្ដែងក្ដាប់ឲ្យបានច្បាស់លាស់ពីកង្វះខាត សំណូមពរផ្សេងៗ ដែលប្រជាពលរដ្ឋនៅមូលដ្ឋាន ត្រូវការជាចាំបាច់ ហើយដោះស្រាយជូនគាត់ឲ្យបានទាន់ពេល ដើម្បីរួមចំណែកកាត់បន្ថយកភាពក្រីក្រ និងជួយលើកកម្ពស់ជីវភាពរស់នៅ របស់ពួកគាត់ឲ្យកាន់តែល្អប្រសើរ។

លោកស្រីបានបន្តទៀតថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តខិតខំថែមទៀត ក្នុងការការពារសន្ដិសុខសណ្ដាប់ធ្នាប់ សង្គមរបៀបរៀបរយសាធារណៈ អនុវត្ដន៍ឲ្យបាននូវគោលនយោបាយ របស់រាជរដ្ឋាភិបាល ស្តីពី ភូមិ-ឃុំ មានសុវត្ថិភាព បន្ដជំរុញកសាង ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ ខិតខំដោះស្រាយ ឲ្យបានល្អនូវបាតុភាពផ្សេងៗ ក្នុងមូលដ្ឋានព្រមទាំងធ្វើយ៉ាងណា ឲ្យសមិទ្ធិផលនានា ដែលយើងបានកសាងទាំងអស់នេះ បានដំណើរការល្អ ថែរក្សាគង់វង្ស និងបន្តធ្វើឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។

លោកស្រី ម៉ែន សំអន បានថ្លែងអំណរគុណចំពោះ អ៊ំ ពូ មីង បងប្អូន ក្មួយៗ ទាំងអស់ ដែលបានជឿទុកចិត្ត និងដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជា នាពេលកន្លងមក និងសូមបន្ត គាំទ្រគណបក្សប្រជាជនកម្ពុជា និងគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងអាណត្តិថ្មីបន្តទៀត តាមរយៈការគៀងគរ សមាជិកនៅក្នុងគ្រួសារ និងបងប្អូនឲ្យបោះឆ្នោត ជូនគណបក្សប្រជាជន សម្រាប់ការបោះឆ្នោតជាតិ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ព្រោះមានតែគណបក្សប្រជាជន តែមួយគត់ ដែលបានរួមសុខ រួមទុក្ខជាមួយបងប្អូន ប្រជាពលរដ្ឋ មិនចេះភូតភរកុហកបោកប្រាស់ និងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដឹកនាំប្រទេសឆ្ពោះទៅរកវឌ្ឍនភាព និងធានាបាននូវសុខសន្តិភាពជូនប្រទេសជាតិ។

លោកស្រី ក៏សូមអំពាវនាវឲ្យបងប្អូនទាំងអស់គ្នា ត្រូវចូលរួមថែរក្សាសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ មិនត្រូវជឿតាមការញុះញង់របស់គណបក្សប្រឆាំង ឬពួកអគតិមួយចំនួន ដែលចូល ចិត្តបំភ្លៃការពិត និងតែងតែរារាំង ដល់ការអភិវឌ្ឍរបស់ប្រទេស ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងចូលរួមថែរក្សាសមិទ្ធផលនៅទីនេះ ឲ្យបានល្អប្រសើរសម្រាប់ទុកជាទីកន្លែងសិក្សា និងស្រាវជ្រាវ ដល់អ្នកជំនាន់ក្រោយៗទៀត៕

ដកស្រង់ពី៖Fresh News