បណ្តាញសង្គម

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញកាត់ឬស្សសីមាសម្ពោធព្រះវិហារ និងសមិទ្ធផលនៅវត្ត «ជ័យមង្គល» តម្លៃជិត៤លានដុល្លារ

(កំពង់ចាម)៖ នៅថ្ងៃព្រហស្បតិ៍ ១៥កើត ពេញបូរមី ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញកាត់ឫស្សសីមាព្រះវិហារនិងសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានានៅក្នុងវត្ត «ជ័យមង្គល»ហៅវត្តជ្រៃស្ថិតនៅឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមដែលចំណាយថវិកាសាងសង់ជិត ៤លានដុល្លារអាមេរិក។

អភិបាលខេត្តកំពង់ចាមលោក គួច ចំរើន បានឲ្យដឹងថាវត្តជ័យមង្គលត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៩៤ និងបានឆ្លងកាត់ដំណាក់កាលគ្រប់គ្រង ដឹកនាំកសាងដោយ ព្រះចៅអធិការច្រើនជំនាន់ តែវត្តជ័យមង្គលនេះ ក៏មិនខុសពីបណ្តាវត្តផ្សេងទៀតទូទាំងប្រទេស ត្រូវបានពួកប៉ុលពតបំផ្លិចបំផ្លាញ ស្ទើរគ្មានសល់ហើយបានប្រើប្រាស់ ទីអារាមនេះធ្វើជាមន្ទីរឃុំឃាំង និងទីពិឃាតជនស្លូតត្រង់អស់ ៣,៩៩៧នាក់។

លោកអភិបាលខេត្តបន្តថា ក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ ព្រះសង្ឃនិងពុទ្ធបរិស័ទ បានរួមគ្នាស្តារទីអារាមនេះឡើងវិញ សម្រាប់គោរពបូជារហូតមកដល់ប៉ុន្មាន ឆ្នាំចុងក្រោយនេះលោកឧកញ៉ា ថៃ ជាហួត ប្រធានក្រុមហ៊ុនបូរីប៉េងហួត ដែលមានទីកំណើតលើទឹកដីនេះ បានដឹកនាំកសាងព្រះវិហាររបង ខ្លោងទ្វារវត្តចាក់បេតុង ជុំវិញព្រះវិហារប្រវែង៥០០ម៉ែត្រ ដាក់បង្គោលភ្លើងចំនួន ២៦បង្គោល ដងទង់ចំនួន២ដើម សួនផ្កាលំអរ បុស្សសាបុក ខឿនរង្វង់មូល ក្រាលការ៉ូឡាសាងសង់ សាលាតាជីយាយជី១ខ្នង ៩បន្ទប់ និងសមិទ្ធផលនានាជាច្រើនទៀត មានដូចជាជួសជុលអគារ វិទ្យាល័យស្វាយតានាន់១ខ្នង ២ជាន់ អគារទីចាត់ការ ១ខ្នង២ជាន់ ជួសជុលអគារ ធ្វើរបង និងខ្លោងទ្វារសាលាឃុំ ជួសជុលមណ្ឌលសុខភាពឃុំព្រែករំដេង សាងសង់សាលាបឋមសិក្សាព្រែកឪជ្រឹង ១ខ្នង៦បន្ទប់ ចាក់បេតុងផ្លូវចូលវត្តជ័យមង្គល ប្រវែង ១,១០០ម៉ែត្រ សាងសង់ផ្លូវភ្ជាប់ ពីឃុំព្រែកតានង់ ស្រុកកោះសូទិន មកឃុំព្រែករំដេង ស្រុកស្រីសន្ធរបានប្រវែង ៥,០០០ម៉ែត្រ សរុបទឹកប្រាក់ជិត ៤លានដុល្លារអាមេរិក។

លោក គួច ចំរើន បានឲ្យដឹងថា នៅទូទាំងខេត្តកំពង់ចាមមានវត្តសរុប៣៧៦ គណៈមហានិកាយចំនួន ៣៦៤វត្ត គណៈធម្មយុត្តិកនិកាយ ១២វត្ត អាស្រម ១៥កន្លែង ដែលមានព្រះសង្ឃសរុប ៦,០៣២អង្គ សាលាពុទ្ធិកបឋមសិក្សា ២២កន្លែង សាលាពុទ្ធិកអនុវិទ្យាល័យ ៣កន្លែង សាលាពុទ្ធិកវិទ្យាល័យ ០១កន្លែង ពុទ្ធិកសាកលវិទ្យាល័យ ០១កន្លែង៕

ដកស្រង់ពី៖Fresh News