បណ្តាញសង្គម

វេទិកាសម្ព័ន្ធសង្គមស៊ីវិល ប្រជុំជាមួយអាជ្ញាធរខេត្តតាកែវ កែប និងកំពត ដើម្បីជជែកពិភាក្សា និង​ពិគ្រោះយោបល់ដោយផ្ទាល់​ជាមួយអង្គការ​សង្គមស៊ីវិលលើ​បញ្ហាប្រឈម​នានា

(កំពត)៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានសហការជាមួយអាជ្ញាធរខេត្តតាកែវ កែប និងកំពត រៀបចំ «វេទិកាសន្ទនារវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាមួយអង្គការ សមាគម សហជីព និងសហគមន៍» ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ នៅខេត្តតាកែវ កែប និងកំពត។

លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វេទិកាសម្ព័ន្ធសង្គមស៊ីវិល បានអញ្ជើញចូលរួមជាគណៈអធិបតីជាមួយលោក អ៊ុន វណ្ណា អភិបាលរងខេត្តតាកែវ លោក ងិន ងិនដា អភិបាលរងខេត្តកែប និងលោក ជ្រឹង ផល្លា អភិបាលរងខេត្តកំពត ក្នុងវេទិកាសន្ទនាដែលបានរៀបចំ ដាច់ដោយឡែកពីគ្នានៅខេត្តនីមួយៗ ដោយមានអ្នកចូលរួមជា ច្រើននាក់មកពីមន្ទីរ អង្គភាពពាក់ព័ន្ធនានា ក្រុមប្រឹក្សាស្រុក ក្រុង ឃុំសង្កាត់ ព្រមទាំងតំណាងអង្គការ សមាគម សហជីព និងសហគមន៍នៅក្នុងខេត្តនីមួយៗ។

គោលបំណងនៃការរៀប ចំវេទិកាសន្ទនានេះ គឺដើម្បីផ្សព្វផ្សាយអំពីតួនាទី និងបេសកកម្មរបស់ វ.ស.ស. ក៏ដូចជាការងារដែល វ.ស.ស. បានបំពេញនាពេលកន្លងមក។ វេទិកាសន្ទនានេះ បានផ្តល់ជាឱកាសសម្រាប់ ការជជែកពិភាក្សា និងពិគ្រោះយោបល់ដោយ ផ្ទាល់ជាមួយអង្គការសង្គម ស៊ីវិលលើបញ្ហាប្រឈមនានា និងបានបង្កើតឱ្យមាន បរិយាកាសស្និទ្ធស្នាល រាជរដ្ឋាភិបាលនិងរវាងអង្គការសង្គមស៊ីវិល ដែលជាដៃគូមិនអាចខ្វះ បានក្នុងការអភិវឌ្ឍសង្គមជាតិ។

ថ្លែងក្នុងវេទិកា សន្ទនាទាំងបីថ្ងៃនេះ លោកប្រធានក្រុមប្រឹក្សា វ.ស.ស.បានបញ្ជាក់យ៉ាងច្បាស់ថា វ.ស.ស. មិនមែនជាបញ្ញត្តិករ គ្រប់គ្រងអង្គការសង្គមស៊ីវិល នៅកម្ពុជាឡើយ។

វ.ស.ស. គឺជាអ្នកសម្របសម្រួល បំពេញបន្ថែមជាមួយ ក្រសួងស្ថាប័ន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលជាមួយ បណ្តាអង្គការសង្គមស៊ីវិល ឱ្យកាន់តែប្រសើរ ឡើងថែមទៀតហើយ វ.ស.ស. មានគោលបំណងពង្រីកភាពជាដៃគូ ជាមួយអង្គការសង្គមស៊ីវិលនានា ដើម្បីសហការអនុវត្តគម្រោងជាក់ស្តែង សំដៅចូលរួម ចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ សុខុមាលភាពរបស់ប្រជាលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រកបដោយចីរភាព។

វេទិកាសន្ទនាដែល បានរៀបចំឡើងដោយ វ.ស.ស. ដោយមានការសហការ ជាមួយអាជ្ញាធរថ្នាក់ខេត្ត ក៏បានបើកទូលាយឱ្យអង្គការ សមាគម សហជីព និងសហគមន៍ បានពិភាក្សាដោយ ត្រង់ទៅត្រង់មក និងបានលើកឡើងអំពី បញ្ហាប្រឈមនិងសំណូម ពររបស់ខ្លួនផងដែរ។ ជាលទ្ធផល បញ្ហាប្រឈមនិងសំណូ មពរមួយចំនួន ត្រូវបានដោះស្រាយ  ជាក់ស្តែងនៅក្នុងកិច្ចពិភាក្សា ហើយបញ្ហាដែល សេសសល់មួយចំនួនទៀត នឹងត្រូវយកទៅពិភាក្សា ជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីស្វែងរក ដំណោះស្រាយ៕

ដកស្រង់ពី៖Fresh News