បណ្តាញសង្គម

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញសូត្រមន្តក្រុងពាលី សូមពរជ័យសិរីសួស្តី ការចាប់ផ្តើមដាក់រូបចម្លាក់ដំរីក្បាលបី គ្រុឌ​ ហង្ស និងសសរពេជ្រនៅវិមានឈ្នះឈ្នះ

(ភ្នំពេញ)៖ បន្ទាប់ពីបានដំណើរការសាងសង់វិមានឈ្នះឈ្នះ អស់រយៈពេល២ឆ្នាំរួចមក នៅថ្ងៃទី0៦ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាពពិធីសូត្រមន្ត ក្រុងពាលី សូមពរជ័យសិរីសួស្តី ការចាប់ផ្តើមដាក់រូបចម្លាក់ដំរីក្បាលបី គ្រុឌ ហង្ស និងសសរពេជ្រ នៅវិមានឈ្នះឈ្នះ។

បើតាមការឲ្យដឹងពីនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបញ្ជាក់ថា ដោយមានការណែនាំពីសម្តេចពិជ័យសេនា ទៀ បាញ់ ក្រុមការងារសាងសង់វិមានឈ្នះឈ្នះ បានចុះមក រៀបចំវាយតម្លៃការ សាងសង់សំណង់វិមានឈ្នះឈ្នះបង្ហើយ ក្នុងដំណាក់កាលទី២ និងបន្តការងារសាងសង់ ដំណាក់កាលទី៣ ការចាក់ដីបំពេញទីធ្លារ ការបំពាក់រូប ចម្លាក់ដំរីក្បាលបី រូបគ្រុឌ និងរូបហង្ស នៅតាមចែងនៃខឿនសំណង់ វិមានឈ្នះឈ្នះ ព្រមទាំងសសរពេជ្រនៅក្លោងទ្វារ បន្ទាប់ពីក្រុមការងារសាង សង់វិមានឈ្នះឈ្នះ បានបំពាក់សិលាចារឹក និងផ្តែរលើក្លោងទ្វាររួចមក ដើម្បីដាក់ឆ្លងកិច្ចប្រជុំគណៈកម្មការសាងសង់វិមានឈ្នះឈ្នះ ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់។

លោក ណឹម សុវត្ថិ បានបញ្ជាក់ថា ការបំពាក់រូបចម្លាក់លើសំណង់វិមានឈ្នះឈ្នះនាពេលនេះ បានមកពីការខិតខំសិក្សាស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ អំពីប្រវត្តិសាស្ត្រ និងរចនាបទនៅតាមប្រាង្គប្រាសាទបុរាណនានា នៅតាមសម័យកាលនីមួយៗ ឲ្យសមស្របទៅនឹងទស្សនវិស័យនៃសន្តិភាព។

ចំពោះខ្លឹមសារនៃរូបចម្លាក់ ដែលបានបំពាក់នៅលើវិមានឈ្នះឈ្នះ នាពេលនេះ រូបហង្ស គឺជាស្តេចនៃបក្សីសួគ៌ និងជានិមិត្តរូបនៃសេចក្តីចម្រុងចម្រើន ឬភាពសម្បូរខាង ទ្រព្យធនធាន។

រូបគ្រុឌ ជានិមិត្តរូបនៃកម្លាំងដ៏មហិមា ល្បឿនលឿនឆ្ពោះទៅមុខ រីឯដំរីក្បាលបី ជាយានជំនិះរបស់ព្រះឥន្ទ ដែលជាស្តេចនៃឋានសួគ៌ ជាទេពនៃទិសខាងកើត។

ដំរីក្បាលបី មានឈ្មោះថា Ariravata ដែលជាវត្ថុពិសិដ្ឋមួយ កើតចេញមកពីការកូរសមុទ្រទឹកដោះ រវាងពួកយក្ស និងពួកទេព។ លើសពីនេះទៅទៀត គឺដំរីក្បាលបីមាននាទីជាអ្នកយាមទ្វារព្រះរាជវាំងរបស់ព្រះឥន្ទ។ ការផ្តុំរូបទាំងបីនេះ ក៏ជានិមិត្តរូប ដី អាកាស និងឋានសួគ៌ផងដែរ។

ការបំពាក់រូបចម្លាក់ដំរីក្បាលបី ដែលមានរូបគ្រុឌ និងរូបហង្សនៅពីលើ នាពេលនោះ មានការចាប់អារម្មណណ៍ និងការចូលរួមទស្សនាពីភ្ញៀវទេសចរ និងនិស្សិត បញ្ញាវ័ន្ត ដែលបានស្វ័យចូលរួមដោយស្ម័គ្រ និងមានការចូលរួមពីអ្នកសារព័ត៌មានអន្តរជាតិទៀតផង។

សូមបញ្ជាក់ថា ការសាងសង់វិមានឈ្នះឈ្នះ បានចាប់ផ្តើមក្រោមគំនិតផ្តួចផ្តើម ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងការ ចង្អុលបង្ហាញណែនាំដោយផ្ទាល់ របស់សម្តេចពិជ័យសេនា ទៀ បាញ់ តាមការប្រគល់ភារកិច្ច ជាក់ស្តែងរបស់រាជរដ្ឋាភិបាល។

វិមានឈ្នះឈ្នះ ដែលបានសាងសង់ឡើងនាពេលនេះ មានអត្ថន័យធំធេងណាស់ ហើយគ្របដណ្តប់ទូទៅទៀតផង ដែលមានគោលបំណងដើម្បី រំឭកដល់ជ័យជំនះនៃការ បញ្ចប់សង្គ្រាមបាន ទទួលនូវការឯកភាព និងទទួលបានសន្តិភាព ដោយសន្តិវិធីបានផ្តល់សិទ្ធិមនុស្ស សុខសន្តិភាពផ្លូវច្បាប់ ដែលជាកេរ្តិ៍ដំណែល នៃប្រវត្តិសាស្រ្ត សម្រាប់អ្នក ជំនាន់ក្រោយមកទស្សនា បានយល់ដឹងពី តម្លៃនៃសុខសន្តិភាព ដែលកម្ពុជាកំពុង ទទួលបានរហូតដល់សព្វថ្ងៃនេះ។

សំណង់វិមានឈ្នះឈ្នះ មានទីតាំងស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ទល់មុខពហុកីឡដ្ឋានជាតិ «មរតកតេជោ» ក្នុងតំបន់អភិវឌ្ឍន៍ លី យ៉ុងផាត់៕

ដកស្រង់ពី៖ Fresh News