បណ្តាញសង្គម

សម្ដេច ហេង សំរិន ជួបសំណេះសំណាលគណៈប្រតិភូស្ដ្រី ដើម្បីអបអរខួបទី១០៧ ទិវាអន្ដរជាតិនារី៨មីនា ក្រោមប្រធានបទ «ស្ដ្រីរួមគ្នារក្សាសន្ដិភាព ដើម្បីអភិវឌ្ឍជាតិ»

(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នេះ បានទទួលជួបសំណេះសំណាល ជាមួយគណៈប្រតិភូស្ត្រីមួយក្រុម ដែលដឹកនាំដោយលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដើម្បីអបអរសាទរខួបទី១០៧ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍជាតិ»។

សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ការជួបជុំគ្នានៅពេលនេះគឺជាឱកាសដ៏ល្អប្រសើរមួយ និងប្រកបដោយអត្ថន័យសម្រាប់ស្ត្រីទាំងអស់ ដើម្បីរំលឹកឡើងវិញនូវស្នាដៃដ៏ មហិមារបស់ស្រ្តីនៅលើពិភពលោក ដែលក្នុងនោះរួមទាំងស្ត្រីកម្ពុជាផងដែរ ដែលបានតស៊ូលះបង់នូវកម្លាំងកាយ កម្លាំងចិត្ត ពេលវេលា ធនធាន និងអាយុជីវិត នៅក្នុងការប្រយុទ្ធតស៊ូដើម្បីបុព្វហេតុស្រ្តី និងដើម្បីបុព្វហេតុរបស់មនុស្សជាតិ។

សម្ដេចប្រធានរដ្ឋសភា បានបន្ថែមថា ថ្ងៃទី៨មីនា គឺជាទិវាដែលផ្តល់កិត្តិយសចំពោះស្នាដៃរបស់ស្ត្រី និងជាថ្ងៃដែលទាំងអស់គ្នា ជាពិសេសបុរសត្រូវតែបន្តជម្រុញ

និងលើកតម្កើងនូវតម្លៃ ឋានៈ តួនាទី និងសិទ្ធិរបស់ស្ត្រីកម្ពុជាឲ្យកាន់តែមានភាពប្រសើរ និងថ្លៃថ្លាថែមទៀត។

បន្ថែមពីនេះ សម្តេចបានវាយតម្លៃខ្ពស់ចំពោះរបាយការណ៌របស់រដ្ឋមន្ត្រី ក្រសួងកិច្ចការនារី ដែលបានឆ្លុះបញ្ចាំងឲ្យឃើញពីឆន្ទៈយ៉ាងមោះមុត និងកិច្ចខិតខំប្រឹងប្រែង យ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពារ និងលើកស្ទួយនូវតម្លៃ ឋានៈ តួនាទី សិទ្ធិ និងជីវភាពរបស់ស្រ្តី ដែលឆ្លើយតបទៅនឹងសេចក្តីប្រកាសផែនការសកម្មភាព នៃទីក្រុងប៉េកាំង ដែលបានដាក់ចេញនៅក្នុងសន្និសីទ ស្រ្តីពិភពលោកលើកទី៤ ឆ្នាំ១៩៩៥ គោលដៅ អភិវឌ្ឍន៍សហសវត្សរ៍ និងសេចក្តីសម្រេចលើកទី៨ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិស្តីពី «ស្ត្រី សុខសន្តិភាព និងសន្តិសុខ»។

ការជ្រើសរើសប្រធានបទ «ស្រ្តីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍជាតិ» សម្រាប់ទិវា៨មីនា ឆ្នាំ២០១៨នេះ ពិតជាមានសារៈសំខាន់ និងស្របទៅនឹងបរិបទតំបន់ និងសកល ជាពិសេសសម្រាប់កម្ពុជាដែលជានិច្ចកាលបានផ្តល់តម្លៃជាសារវ័ន្តនូវតម្លៃសន្តិភាព និងការលើកកម្ពស់វប្បធម៌អហិង្សា ដែលរាជរដ្ឋាភិបាលបាន និងកំពុងគាំទ្រជំរុញឲ្យ មានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរស ទាំងស្រ្តី ដើម្បីអភិវឌ្ឍសង្គមឆ្ពោះទៅបន្តលើកកម្ពស់សិទិ្ធ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្រ្តី ព្រមទាំងសុខុមាលភាពសង្គម។

សម្តេចបន្ដថា ជាការពិតណាស់សន្តិភាពពិតមានសារៈសំខាន់ និងមិនអាចខ្វះបាន ហើយវាគឺជាបំណងប្រាថ្នារបស់ទាំងអស់គ្នា ព្រោះបើមានសុខសន្តិភាព គឺមានការ

អភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងគ្រប់ទីកន្លែង ក៏ជាកាលានុវត្តភាព របស់ស្រ្តីចូលអភិវឌ្ឍសង្គមជាតិ។

ផ្ទុយទៅវិញជម្លោះ និងអំពើហិង្សា គឺជាឧបសគ្គដ៏ ចម្បងនៃវឌ្ឍនភាពសេដ្ឋកិច្ចសង្គម ហើយធ្វើឲ្យប៉ះពាល់ដល់សុខុមាលភាពផ្លូវកាយ និងផ្លូវចិត្តបុគ្គល ជាពិសេស អំពើហិង្សាលើស្រ្តី និងក្មេងស្រី ដែលជាការរំលោភសិទ្ធិមនុស្ស ហើយផ្តល់ផលប៉ះពាល់អវិជ្ជមានខ្លាំងទៅលើស្ត្រី និងកូនរបស់ពួកគេ។

ជាក់ស្តែងសង្គ្រាមនៅកម្ពុជាដែលបានអូសបន្លាយអស់ជាងបីទសវត្សរ៍ បានបង្ករនូវសោកនាដកម្មយ៉ាងជូរចត់ និងបន្សល់ទុកនូវក្តីទុក្ខវេទនា និងការលំបាកដ៏ធ្ងន់ធ្ងរ ចំពោះស្រ្តីកម្ពុជាដោយធ្វើឲ្យស្រ្តីជាច្រើនសែននាក់ត្រូវវិនាស ព្រាត់ប្រាសគ្រួសារ សាច់ញាតិ បងប្អូន និងមិត្តភ័ក្រ ហើយបានក្លាយខ្លួនជាស្រ្តីមេម៉ាយ និងរស់ក្នុងសភាពក្រីក្រ ទុរគត និងភ័យខ្លាច រកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ៕

ដកស្រងពី៖ Fresh News