បណ្តាញសង្គម

ភ្ញៀវទេសចរបរទេស ​មកលេងប្រទេសឡាវ «ធ្លាក់ចុះខ្លាំង​កាលពី​ឆ្នាំមុន» ខណៈមូលហេតុ​ធំៗ​ត្រូវបានរកឃើញ...

(ឡាវ)៖ នាយកដ្ឋានទេសចរណ៍ឡាវបានឱ្យដឹងថា ចំនួនភ្ញៀវទេសចរបរទេស ដែលបានមកទស្សនាប្រទេសឡាវមានចំនួនសរុប ៣.៨៦លាននាក់ កាលពីឆ្នាំ២០១៧ ដែលចំនួននេះបានធ្លាក់ចុះ ៨.៧៣ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៦។

នេះបើតាមការ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០៧ ខែមីនា ឆ្នាំ២០១៨។

នាយកដ្ឋានទេសចរណ៍ឡាវ ផ្អែកលើទិន្នន័យរបស់ខ្លួន ចេញផ្សាយនៅថ្ងៃពុធនេះ បានបញ្ជាក់បន្ថែមថា ភ្ញៀវទេសចរមកពីតំបន់អឺរ៉ុបបានធ្លាក់ចុះ ២៧% ឬស្មើនឹង ១៦១,១៩២នាក់ ខណៈភ្ញៀវទេសចរមកពីទ្វីបអាមេរិកធ្លាក់ ២៦% ឬស្មើនឹង ៦៤,២២៧នាក់ កាលពីឆ្នាំ២០១៧។

ចំណែកឯ ភ្ញៀវទេសចរមកពីប្រទេសអាស៊ានចំនួន ០៩ ក៏បានធ្លាក់ចុះអស់ ១១% ផងដែរ ឬស្មើនឹង ២.៧៤លាននាក់ ស្របពេលភ្ញៀវទេសចរពីតំបន់ប៉ាស៊ីហ្វិកធ្លាក់ចុះ ០៧ភាគរយ ឬក៏ស្មើនឹង ៣.៦៣លាននាក់ ហើយភ្ញៀវទេសចរមកពីជប៉ុន ធ្លាក់ចុះរហូតដល់ ៣៥% ឬ ៣២,០៦៤នាក់ និងកូរ៉េខាងត្បូងធ្លាក់ចុះ ០២% ឬស្មើ ១៧០,៥៧១នាក់។ គួរបញ្ជាក់ថា ជុំវិញការធ្លាក់ចុះចំនួនភ្ញៀវទេសចរនេះដែរ នាយកនៃនាយកដ្ឋានទេសចរឡាវ លោក បួនថាវី ស៊ីសាវ៉ា (Bounthavy Sisava) បាននិយាយថា បើតាមគំនិតរបស់លោក មូលហេតុនៃការធ្លាក់ចុះនេះ គឺដោយសារតែខេត្តមួយចំនួន គ្មានភាពទាក់ទាញ រីឯសេវាកម្មមិនអាចបំពេញតម្រូវការគ្រប់គ្រាន់ ហើយផលិតផលទាក់ទាញក្នុងវិស័យទេសចរណ៍ ក៏មិនស្របតាមតម្រូវការស្ដង់ដាថែមទៀត៕

ដកស្រង់ពី៖  Fresh News