បណ្តាញសង្គម

អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត៖ ស្រ្តី គឺមានតម្លៃដ៏ថ្លៃថ្លា ជាពិសេសស្រ្តីមានសារសំខាន់ណាស់ ក្នុងការជួយអភិវឌ្ឍន៍ ក្នុងសង្គមគ្រួសារ ក៏ដូចជាប្រទេសជាតិទាំងមូល

(ភ្នំពេញ)៖ ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី១០៧ ទិវាអន្តរជាតិនារី៨ មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ» លោកសាស្រ្តាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានថ្លែងថា ស្រ្តី គឺមានតម្លៃដ៏ថ្លៃថ្លាខ្ពង់ខ្ពស់បំផុត មិនអាចកាត់ថ្លៃបាន ពិសេសស្រ្តីមានសារៈសំខាន់ណាស់ ក្នុងការជួយអភិវឌ្ឍន៍ ក្នុងសង្គមគ្រួសារ ក៏ដូចជាប្រទេសជាតិទាំងមូល ឲ្យរីកចម្រើនជឿនលឿន។

ពិធីអបអរសាទរខួបលើកទី១០៧ ទិវាអន្តរជាតិនារី៨ មីនា ខាងលើនេះ បានរៀបចំធ្វើឡើង នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨នេះ នៅអគារសម្តេចតេជោ នៃមន្ទីរពេទ្យកាល់ម៉ែត ក្រោមអធិបតី ភាពលោកស្រី គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងស្រ្តីនៅមន្ទីរពេទ្យកាល់ម៉ែត ដែលមានចំនួន៦៨១នាក់ នៃបុគ្គលិកសរុប១,២៦៩នាក់ ស្មើ៥៤% នៃចំនួនបុគ្គលិកទាំងអស់។

បន្ទាប់ពីលោកស្រី គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិកាក្រសួងសុខាភិបាល បានអាននូវព្រះរាជសារ របស់សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុង សេរីភាពសេចក្តី ថ្លៃថ្នូ និងសុភមង្គល រួមមកលោកសាស្រ្តាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានថ្លែងសំណេះសំណាល ជាមួយបុគ្គលិក ក៏ជាកូនចៅនារីថា ទិវា៨ មីនា ត្រូវបានប្រារព្វធ្វើឡើងក្នុងបណ្តា ប្រទេសជាច្រើន ក្នុងពិភពលោករួមទាំងប្រទេសកម្ពុជាផងដែរ។

លោកសាស្រ្តាចារ្យអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានលើកឡើងថា ប្រធានបទសម្រាប់ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០១៨នេះ គឺ«ស្រ្តីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ» តួនាទីស្រ្តីកម្ពុជា កាន់តែលេចធ្លោ ក្រោយពីប្រទេសកម្ពុជា ទទួលបានមរតកដ៏ថ្លៃថ្លា គឺសន្តិភាព ដែលជាមរតករបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបញ្ចប់ភ្លើងសង្រ្គាម ដ៏រ៉ាំរ៉ៃទាំងស្រុងនៅ ឆ្នាំ១៩៩៨តាមរយៈ នយោបាយឈ្នះឈ្នះ ដែលបានធ្វើឲ្យសង្គមគ្រួសារខ្មែរទាំងមូល ដែលធ្លាប់ទាស់ទែងគ្នា ក្នុងអតីតកាលបានរូបរួមសាមគ្គីគ្នា មានឯកភាពទឹកដីទាំងស្រុង និងរួមរស់ ជាមួយគ្នា ប្រកបដោយមោទនភាពបំផុត។

លោកសាស្រ្តាចារ្យ បានបន្តទៀតថា ស្រ្តីគឺជាឆ្អឹងខ្នង នៃប្រទេសជាតិ ស្ត្រីជាមាតានៃពិភពលោក ដូច្នេះការកសាងប្រទេសមួយ ឲ្យមានការអភិវឌ្ឍន៍រីកចំរើនជឿនលឿន ទៅបានគឺមិនអាចខ្វះស្រ្តី បានទេដូច្នេះបងប្អូនស្រ្តី ត្រូវតស៊ូឡើងបន្តទៀត ដើម្បីជៀសវាងពីពាក្យតំណាលថា ស្រ្តីបង្វិលចង្រ្កានមិនជុំនោះ។ ដូច្នេះស្រ្តីក៏មានសិទ្ធិស្មើបុរសដែរ ព្រោះស្រ្តីជាកម្លាំងចលករ មួយជួយអភិវឌ្ឍន៍ ប្រទេសជាតិ ដោយសមភាពប្រកបដោយចីរភាព។ លោកសាស្រ្តាចារ្យ បានថ្លែងថា បងប្អូននារី ជាធនធានមនុស្សមិនអាចខ្វះបាន ដោយបងប្អូននារី បានបំពេញការងារ បំរើឲ្យសង្គមជាតិយ៉ាងច្រើន និងមិនខ្លាចនឿយហត់។

លោកបន្តថា ពិធីនេះធ្វើឡើង ដើម្បីរំលឹកឡើងវិញ ពីវីរៈភាពរបស់ស្ត្រី ដែលបានប្រឆាំងនឹងលក្ខខណ្ឌការងារ តួនាទីរបស់ស្រ្តី ក្នុងកិច្ចការសន្តិភាព ការអភិវឌ្ឍន៍ការជំរុញឲ្យបញ្ឈប់នូវ ការរើសអើង ព្រមទាំងការពង្រឹង ឲ្យមានការគាំទ្រដល់ស្រ្តី ក្នុងការប្រើប្រាស់សិទ្ធិរបស់ខ្លួន ឲ្យបានពេញលេញផងដែរ។

លោកបានបន្តទៀតថា ប្រធានបទ «ស្រ្តីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ» ក្នុងគោលបំណងបន្តរំលេច ពីតម្លៃនៃសន្តិភាព និងការលើកកម្ពស់ វប្បធម៌អហិង្សា ដែលរាជរដ្ឋាភិបាលបាននឹង កំពុងគាំទ្រ ជំរុញឲ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរសទាំងស្រ្តី ដើម្បីវឌ្ឍនភាពសង្គមឆ្ពោះ ទៅលើកកម្ពស់សិទ្ធិស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្ត្រី ក៏ដូចជា សុខមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សា ព្រមទាំងដោះស្រាយជម្លោះនាន ដោយសន្តិវិធី។

គួរបញ្ជាក់ថា ក្នុងពិធីនោះដែរ លោកសាស្រ្តាចារ្យ អគ្គនាយកមន្ទីរពេទ្យ ក៏បានអញ្ជើញបុគ្គលិកនារីម្នាក់ មកបង្ហាញកាយវិកាពីឥរិយាបថ ក្នុងការបង្ហាញជូនពីភាពទន់ភ្លន់ (ឧទាហរណ៍)ដូចជា ការទទួលភ្ញៀវ ឬក៏ទទួលសេវាជម្ងឺនឹងក្រុមគ្រួសារ អ្នកជម្ងឺដែលមកទទួលសេវានៅមន្ទីរពេទ្យផងដែរ។

មុននិងបញ្ចប់កម្មវិធីលោកសាស្រ្តាចារ្យ អគ្គនាយកមន្ទីរពេទ្យ ក៏បានជូនបាប់ផ្កា និងវត្ថុអនុស្សាវរីយ៍ សម្រាប់បុគ្គលិកផ្នែកនារីផងដែរ៕

 

ដកស្រង់ពី៖  Fresh News