បណ្តាញសង្គម

រដ្ឋមន្ត្រីសុខាភិបាល ស្នើឲ្យមន្ត្រីសុខាភិបាលគ្រប់ថ្នាក់ បង្កើនការយកចិត្តទុកដាក់ ក្នុងការបំពេញការងាររបស់ខ្លួនឲ្យកាន់តែល្អប្រសើរ ជូនប្រជាពលរដ្ឋ នៅមូលដ្ឋាន និងសហគមន៍

(កំពត)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលគ្រប់ថ្នាក់ទូទាំងខេខេត្ត សូមបង្កើនការយកចិត្តទុកដាក់ ក្នុងការបំពេញការងាររបស់ខ្លួន ឲ្យកាន់តែល្អប្រសើរ ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន និងសហគមន៍។ មន្ត្រីសុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាពនានា លោកគ្រូអ្នកគ្រូ និងបុគ្គលិកផ្តល់សេវាសុខាភិបាលទាំងអស់ ត្រូវខិតខំប្រឹងប្រែងបង្កើនចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែមទៀត ដើម្បីឈានទៅដល់ការសម្រេចគោលដៅអនុវត្តការងារឆ្នាំ២០១៨។

លោករដ្ឋមន្រ្តីបាន បន្ថែមការលើកឡើងនេះ នៅក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារ សុខាភិបាលឆ្នាំ២០១៧ និងលើកទិសដៅ អនុវត្តការងារឆ្នាំ២០១៨ ដែលបាន រៀបចំនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅក្នុងសាលប្រជុំ មន្ទីរសុខាភិបាលខេត្ត ដោយមានការចូលរួមពី សំណាក់លោកអភិបាល ខេត្តកំពត ជាវ តាយ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីសុខាភិបាល ដែលពាក់ព័ន្ធ។

លោក ជាវ តាយ អភិបាលខេត្តកំពត បានឡើកឡើងថា សម្រាប់ខេត្តកំពត វិស័យសុខាភិបាល មានលក្ខណៈល្អប្រសើរ មន្ត្រីសុខាភិបាលគ្រប់ជាន់ថ្នាក់ ចេះប្រើ ភាពឈ្លាសវៃ និងមានការប្តេជ្ញាចិត្តដ៏មុតមាំ ក្នុងការអនុវត្តការងារ សម្រេចបានលទ្ធផលល្អ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកអភិបាលខេត្ត សូមអំពាវនាវដល់លោក លោកស្រីជាប្រធាន និងមន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់ បន្តយកចិត្តទុកដាក់នឹងបង្កើនកិច្ចសហការគ្នាឲ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីឈានទៅសម្រេចទិសដៅការងារ ឆ្នាំ២០១៨នេះ ជូនជាតិ និងប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។

លោករដ្ឋមន្ត្រីសុខាភិបាល បានបញ្ជាក់ថា «រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានយកចិត្តទុកដាក់លើវិស័យសុខាភិបាល ជាពិសេស សុខមាលភាព របស់ប្រជាពលរដ្ឋ តាមរយៈការបង្កើន ប្រាក់បៀរវត្សរ៍ ជូនមន្ត្រីរាជការមួយឆ្នាំ២ដង ការផ្តល់ប្រាក់បុរេ ដល់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ការអនុវត្តអង្គភាពថវិកា ការអនុវត្តនូវ គម្រោងលើកទឹកចិត្ត មួយចំនួនដូចជា ការផ្តល់ប្រាក់លាភការបន្ថែម, ប្រាក់ឧបត្ថមឆ្មបបង្កើតកូនរស់, មូលនិធិសមធម៌សុខាភិបាល ក្នុងគោលបំណងធ្វើយ៉ាងណា សំដៅបង្កើនគុណភាព ប្រសិទ្ធភាព នៃសេវាសុខាភិបាល ដើម្បីឲ្យប្រជាពលរដ្ឋអាចមានលទ្ធភាព ចូលមកប្រើប្រាស់សេវាសុខាភិបាល សាធារណៈ ប្រកបដោយសមធម៌ ដើម្បីឈានទៅ កាត់បន្ថយអត្រាឈឺ និងស្លាប់របស់មាតា ទារក និងកុមារ កាត់បន្ថយអត្រាឈឺ និងស្លាប់ដោយជំងឺឆ្លង និងបន្ថយបន្ទុកជំងឺមិនឆ្លង ព្រមទាំងបញ្ហា សុខភាពសាធារណៈផ្សេងៗទៀត ដើម្បីចូលរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ឲ្យរីកចម្រើន ដូចបណ្តាប្រទេសជឿន លឿននៅលើពិភពលោក»៕

ដកស្រង់ពី៖ Fresh News