បណ្តាញសង្គម

ទឹកអំពៅរបស់ខ្មែរ នៅតែជាទីពេញនិយមរបស់ប្រជាពលរដ្ឋ ទោះបីមានវត្តមានហាងកាហ្វេជាច្រើន រីកដូចផ្សិតក៏ដោយ!

(ភ្នំពេញ)៖ បើទោះបីជាមានវត្តមានហាងកាហ្វេទាំង Brand និងមិនមែន Brand ជាច្រើន ចូលមកទីផ្សារកម្ពុជា នាពេលបច្ចប្បន្ននេះក៏ដោយ ក៏ទឹកអំពៅដែលជារបស់ធម្មជាតិ នៅតែមានអ្នកផឹកច្រើន ដោយពួកគេគិតថា វាគ្មានជាតិគីមី និងមិនមានផលប៉ះពាល់ដល់សុខភាព ដូចជាជំងឺទឹកនោមផ្អែមជាដើម ហើយសម្រាប់ដើមអំពៅក៏ មានដាំនៅក្នុងស្រុកស្រាប់។

នាពេលបច្ចុប្បន្ននេះ យើងសង្កេត់ឃើញថា គឺមានហាងកាហ្វេ Brand ជាច្រើនបើកនៅកម្ពុជា ដែលបានវាលុកទីផ្សារភេសជ្ជៈពិតមែនក្ដី ក៏ទឹកអំពៅរបស់ខ្មែរ នៅតែពេញនិយមចំពោះអតិថិជន និងតទៅមុខទៀត អាចនឹងមានការកើនឡើងថែមទៀតផងដែរ។

បើតាមការលើកឡើងរបស់អាជីវករអ្នកលក់ទឹកអំពៅឈ្មោះ ស៊ីណា ដែលបានចាប់អាជីពលក់ទឹកអំពៅអស់រយៈពេល៤ឆ្នាំ នៅម្តុំកោះពេជ្រ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា សម្រាប់ទឹកអំពៅវិញ បើទោះបីជាមានការបើកហាងកាហ្វេច្រើនក៏ដោយ ក៏នៅមានអ្នកបរិភោគធម្មតា ហើយក៏លក់ដាក់ដូចពីមុនដែរ ព្រោះទឹកអំពៅ គឺជាទឹកធម្មជាតិ គ្មានជាតិគីមី ទើបនៅមានអ្នកចូលចិត្តច្រើនដដែរ។

អ្នកលក់រូបនេះបញ្ជាក់ថា «ខ្ញុំនៅតែមានក្ដីសង្ឃឹម ចំពោះអាជីពលក់ទឹកអំពៅមួយនេះ ហើយក៏មិនមានជាតិគីមីទៀត ទើបអតិថិជន នៅតែពេញនិយមចំពោះទឹកអំពៅ។ ចំណែកឯតម្លៃវិញទឹកអំពៅ គឺមានតម្លៃសមរម្យ មិនដូចជាតម្លៃកាហ្វេផ្សេងៗ ដែលក្នុងមួយកែវ ស្មើនឹងពីរទៅបីកែវ នៃតម្លៃទឹកអំពៅផងដែរ»។

អ្នកស្រីបន្តថា សម្រាប់ការបើកមុខរបរ លក់ទឹកអំពៅមួយនេះ ជាដំបូងត្រូវ ចំណាយទិញធុងទឹកអំពៅ និងសម្ភារៈទាំងអស់សរុបជាង១,០០០ដុល្លារ ទើបអាចប្រកបមុខរបរនេះបាន ហើយសម្រាប់ការរកចំណូលក្នុងមួយថ្ងៃ បានជាមធ្យមចន្លោះពី ១០០,០០០រៀលទៅ ១២០,០០០រៀល និងសម្រាប់ខែក្ដៅវិញ គឺអាចរកចំណូលបានក្នុង មួយថ្ងៃបានជាមធ្យម ចន្លោះពី១៧០,០០០រៀលទៅ ២០០,០០០រៀលផងដែរ។

អ្នកលក់ទឹកអំពៅជាង២ឆ្នាំ នៅជិតផ្សារសាំហាន់ ឈ្មោះ សាម ធីតា បានបញ្ជាក់ឲ្យដឹងថា «ចំពោះទឹកអំពៅវិញ បើទោះបីមានការប្រជែងពីហាងកាហ្វេច្រើន នៅទីផ្សារកម្ពុជាក៏ដោយ ក៏អតិថិជននៅតែចាប់អារម្មណ៍ និងពេញនិយមចូលចិត្តបរិភោគទឹកអំពៅរបស់ខ្មែរ ដែលមិនមានផ្ទុកសារជាតិគីមី ដូចផលិតផលផ្សេងៗ ដែលនាំចូលមកពីក្រៅប្រទេសឡើយ»។

អ្នកលក់ទឹកអំពៅរូបនេះបានបញ្ជាក់ទៀតថា «សម្រាប់ការរកចំណូលក្នុងមួយថ្ងៃ កាលពីមុនអាចរកបានជាមធ្យមពី៥០,០០០រៀលទៅ ៧០,០០០រៀល ហើយមកបច្ចុប្បន្ននេះ គឺអាចរកចំណូលក្នុងមួយថ្ងៃបានជាមធ្យមចាប់ពី ៤០,០០០រៀលទៅ ៦០,០០០រៀល ព្រោះមូលហេតុដោយសារតែមានអ្នកចាប់យកអាជីពនេះច្រើន ទើបបណ្ដាលឲ្យចំណូលរបស់ខ្ញុំ មានការថយចុះបន្តិចផងដែរ»។

អ្នកស្រីបន្តថា បើទោះជាមានការថយចុះយ៉ាងនេះក្ដី ក៏អ្នកស្រីអាចបន្តអាជីពមួយនេះតទៅមុខទៀត ហើយក៏រំពឹងថា នឹងមានការចូលចិត្តច្រើនថែមទៀតពីអតិថិជនជាពិសេស គឺលោកតា លោកយាយដែលនិយមចូលចិត្តពិសា ព្រោះទឹកអំពៅ មិនមានផលប៉ះពាល់ដល់សុខភាព ដូចជាភេសជ្ជៈមួយចំនួន ដែលមាននៅលើទីផ្សារឡើយ។

លោក ចាន់ ធារ៉ា ដែលជាអ្នកលក់ទឹកអំពៅមួយរូបអស់រយៈពេល៤ឆ្នាំ នៅម្តុំទួលសង្កែ បានបញ្ជាក់ពីអាជីពប្រចាំថ្ងៃរបស់គាត់ថា «ការចាប់យកអាជីពមួយនេះ គឺវាបានជួយដល់ជីវភាពប្រចាំថ្ងៃរបស់ខ្ញុំ ដែលក្នុងមួយថ្ងៃអាចរកចំណូលជាមធ្យមបានជាង ១០០,០០០រៀល ហើយការបើកមុខរបរមួយនេះ ត្រូវប្រើដើមប្រហែលជាជាង៤០០ដុល្លារអាមេរិក ដើម្បីប្រកបមុខរបរនេះបាន»។

លោកបញ្ជាក់ទៀតថា សម្រាប់ការមានវត្តមាន ហាងកាហ្វេជាច្រើននៅ កម្ពុជាយើងសព្វថ្ងៃនេះ គឺមិនមានការប៉ះពាល់ ដល់ការលក់ទឹកអំពៅ របស់គាត់ឡើយ ព្រោះទឹកអំពៅនៅតែ ពេញនិយមចំពោះ អតិថិជនទាំងចាស់ ទាំងក្មេង និងបុគ្គលិកក្រុមហ៊ុននានា ដែលគេនិយមចូលចិត្តរបស់ធម្មជាតិផងដែរ។

លោកបន្តថា ការលក់ទឹកអំពៅនេះ គឺក្នុងមួយថ្ងៃអាចលក់អស់អំពៅជាង៥ទៅ៦បាច់ ហើយក្នុងមួយបាច់ចាប់ពី ៦,០០០រៀលទៅ ១០,០០០រៀលផងដែរ។ ចំណែកឯតម្លៃលក់ទឹកអំពៅនេះវិញ គឺចាប់ពីតម្លៃ៥០០រៀលទៅ២,០០០រៀល សម្រាប់ការលក់ចេញក្នុងមួយកែវ។

លោក យាន ដែលជាអ្នកលក់ទឹកអំពៅមួយរូបទៀតនៅម្តុំសួនច្បារក្តាន់ពីរ បានបញ្ជាក់ថា «ទោះមានវត្តមានហាងកាហ្វេច្រើននៅកម្ពុជាក៏ដោយ ក៏ការលក់របស់ខ្ញុំ នៅតែមានការ លក់ដាច់ដដែល ហើយថ្ងៃខ្លះ ក៏មានការកើនឡើង នៃចំនួនអតិថិជន ដែលមកទិញទឹកអំពៅរបស់ខ្ញុំផងដែរ ព្រោះអតិថិជនបានគិតថា ទឹកអំពៅ គឺជាទឹកដែលមិនមានជាតិគីមី ដូចផលិតផលផ្សេងៗ ដែលដាក់លក់នៅ លក់ទីផ្សារសព្វថ្ងៃនេះឡើយ»។

លោកបានបញ្ជាក់ទៀតថា សម្រាប់កាលពីមួយឆ្នាំមុខគាត់អាចរកចំណូលក្នុងថ្ងៃបានត្រឹមតែ ៤០,០០០រៀលទៅ ៥០,០០០រៀលប៉ុណ្ណោះ តែមកពេលបច្ចុប្បន្ននេះវិញ គឺមានការកើនឡើងជាងពីមុន ដែលគាត់អាចរកចំណូលក្នុងមួយថ្ងៃបាន ៦០,០០០រៀលទៅ ៨០,០០០រៀល ហើយគាត់ក៏រំពឹងទុកថា ទៅថ្ងៃអនាគត គឺអាជីពមួយនេះវាអាច នឹងមានការកើនឡើងថែមទៀតផងដែរ។

អ្នកលក់ទឹកអំពៅមួយរូបទៀត គឺអ្នកស្រី ឡេង សាវ៉ាង លក់នៅម្តុំសាលាបឋមសិក្សាពញាក្រែក បានលើកឡើងថា «សម្រាប់ការចាប់យកអាជីព ជាអ្នកលក់អំពៅអស់រយៈពេល៣ឆ្នាំមកនេះ ខ្ញុំយល់ឃើញថា គឺជាអាជីពមួយដែលងាយស្រួល ព្រោះថាមិនចាំបាច់ត្រូវ ប្រើកម្លាំងទាញរ ហាត់ទឹកអំពៅដូចសម័យមុន ដែលគ្រាន់តែទាញម៉ាស៊ីនឲ្យឆេះ ហើយយកអំពៅដាក់ចូលទៅក្នុងម៉ាស៊ីន និងកិនបានទឹកអំពៅមកដោយ មិនចាំបាច់ប្រើកម្លាំងច្រើនឡើយ។

អ្នកលក់ទឹកអំពៅរូបនេះបានបញ្ជាក់ថា សម្រាប់ការមានវត្ត មានហាងកាហ្វេច្រើន ដូចបច្ចុប្បន្ននេះ គឺវាអាចនឹងមានផលប៉ះពាល់ដល់ ការលក់ទឹកអំពៅផងដែរ ដែលកាលពីមុនអាចរកចំណូល ជាមធ្យមក្នុងមួយថ្ងៃបានពី ៣០០,០០០រៀលទៅ ៤០០,០០០រៀល តែមកបច្ចុប្បន្ននេះ អាចរកចំណូលជាមធ្យមក្នុងមួយថ្ងៃបានត្រឹមតែ១០០,០០០រៀលទៅ ២០០,០០០រៀលប៉ុណ្ណោះ។

លោកស្រីបានបញ្ជាក់ទៀតថា សម្រាប់តម្លៃ នៃការលក់ទឹកអំពៅនេះវិញ គឺតម្លៃពី១,០០០រៀលដល់២,០០០រៀល ហើយអាចមានតម្លៃលើនេះទៀត ទៅតាមការទិញរបស់អតិថិជនចង់បាន ហើយបើធៀបនឹងតម្លៃកាហ្វេប្រេនវិញ គឺវាខុសគ្នាច្រើន៕

ដកស្រង់ពី៖  Fresh News