បណ្តាញសង្គម

រកឃើញទឹកក្រូច ស្រាបៀរ និងកាហ្វេខូចគុណភាព ដាក់លក់នៅផ្សារតាំងក្រសាំង ខេត្តកំពង់ធំ, មន្រ្តីកាំកុងត្រូលប្រមូលទុកដុតកម្ទេចចោល

(កំពង់ធំ)៖ ទឹកក្រូច ស្រាបៀរ និងកាហ្វេម៉ាកណេសកាហ្វេខូចគុណភាព ដែលក្រុមអាជីវករយកដាក់លក់ នៅផ្សារតាំងក្រសាំង ធ្វើឲ្យប៉ះពាល់សុខភាពនោះ ត្រូវបានមន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ធំ បានរកឃើញ និងប្រមូលយកទៅដុតកម្ទេចចោល។

ការរកឃើញទឹកក្រូច ស្រាបៀរ និងកាហ្វេម៉ាកណេសកាហ្វេទាំងនេះ បានធ្វើឡើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ ពេលមន្រ្តីសាខាកាំកុងត្រូល សហការជាមួយ មន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី បានបន្តចុះពិនិត្យ ផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ នៅក្នុងផ្សារតាំងក្រសាំង ស្ថិតនៅភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីចូលរួមលើកកម្ពស់សុខភាព និងសុវត្ថិភាពចំណីអាហារ។

មន្រ្តីកាំកុងត្រូលខេត្តកំពង់ធំ បានឲ្យដឹងថា បន្ទាប់ពីចុះត្រួតពិនិត្យ ក្រុមការងារបានរកឃើញ ផលិតផលជាច្រើន ដែលខូចគុណភាព ដូចជា៖ ទឹកក្រូច ម៉ាកBig ចំណុះ៣,១l ចំនួន១១ដប ផលិតនៅប្រទេសថៃ ទឹកក្រូច ម៉ាក Sprite ចំណុច១,៥l ចំនួន៧ដប ផលិតនៅប្រទេសកម្ពុជា និងកាហ្វេម៉ាក Nescafec ចំណុះ ១៨០ ml ចំនួន១២០កំប៉ុង ផលិតនៅប្រទេសកម្ពុជា។

ក្រុមការងារក៏បានធ្វើតេស្ត ទៅលើម្ហូបអាហារមួយចំនួនរួមមាន ៖ បង្គារ មឹក គុយទាវ សណ្តែក បណ្តុះ សរសៃមីលឿង នំបញ្ចុក ស្ពៃជ្រក់ ជ្រក់ត្រសក់ ជ្រក់ត្រពាំង គូគ្រីវ ម្រះ ស្លឹក គូឆាយ ជាដើម តែលទ្ធផល នៃការធ្វើតេស្តបឋម គឺទទួលបានលទ្ធផលល្អ។

ជាមួយគ្នានោះ ក្រុមកាងារក៏បានចែកផ្សាយ នូវរូបភាពPoster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ដឹង ពីផលវិបាកដែលបណ្តាលមកពីការបរិភោគ អាហារហួសកាលបរិច្ឆេទ ប្រើប្រាស់និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ ចូលក្នុងម្ហូបអាហារ។

ទន្ទឹមនឹងនេះ ក្រុមការងារបានណែនាំដល់អាជីវករ ឲ្យចៀសវៀងពីការប្រើប្រាស់សារធាតុគីមីបន្ថែម ទៅលើផលិតផលម្ហូបអាហារ ឬការកែច្នៃម្ហូបអាហារ ដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាព ។ បើតាមលោក លៀង សុភា ប្រធានសាខា បានឲ្យដឹងថា សកម្មភាពចុះតាមផ្សារតាមម៉ាត របស់មន្រ្តីសាខាកាំកុងត្រូលកំពង់ធំ គឺជាសកម្មភាពប្រចាំខែ ប្រចំាឆ្នាំរបស់អគ្គនាយកដ្ឋាន កាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ដែលបានដាក់ចេញគោលការណ៍ច្បាស់៕

ដកស្រង់ពី៖ Fresh News