បណ្តាញសង្គម

លោក សុខ ឥសាន៖ ចំណុចពិសេសរបស់អ្នកនាំពាក្យ គឺ «បើឆ្លើយត្រូវរួចខ្លួន បើឆ្លើយខុសមានបញ្ហា»

(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ចំណុចពិសេសរបស់អ្នកនាំពាក្យ គឺ «បើឆ្លើយត្រូវរួចខ្លួន តែបើឆ្លើយខុសវិញប្រាកដជាមានបញ្ហា»។

លោក សុខ ឥសាន បានថ្លែងបែបនេះ នៅក្នុងឱកាសដែលលោក អញ្ជើញជាវាគ្មិន ដែលរៀបចំឡើងដោយ ក្រសួងការពារជាតិ ក្នុងកម្មវិធីរៀបចំវគ្គ បណ្តុះបណ្តាលស្តីពីតួនាទី និងការទទួលខុសត្រូវ របស់អ្នកនាំពាក្យ ដើម្បីចែករំលែកចំណេះ ដឹងបទពិសោធន៍ ដល់ក្រុមអ្នកនាំពាក្យក្នុងក្រសួង សម្រាប់យកទៅប្រើប្រាស់ ក្នុងការនាំសាររបស់អង្គភាព  ទៅកាន់អ្នកសារព័ត៌មាន និងសាធារណជន ឲ្យបានល្អ និងត្រឹមត្រូវ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ។

ពិធីនេះក៏មានការអញ្ជើញ ចូលរួមពីវាគ្មិនសំខាន់ៗរួមមាន៖ នាយឧត្តមសេនីយ៍បណ្ឌិត នាង ផាត, នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ, លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី, លោកសាស្រ្តាចារ្យបណ្ឌិត រស់ ចន្រ្តាបុត្រ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា, លោក ឆាយ សុផល សាស្រ្តាចារ្យព័ត៌មាន និងទំនាក់ទំនង និងលោក ឯក ថា អ្នកសារព័ត៌មានជើងចាស់ជាដើម។

លោក សុខ ឥសាន បានថ្លែងយ៉ាងដូច្នេះថា «យើងដឹងហើយថា ចំណុចពិសេសរបស់អ្នកនាំពាក្យរបស់យើង ឆ្លើយត្រូវគឺរួចខ្លួន តែបើឆ្លើយខុសមានបញ្ហា អាហ្នឹងវាជាការពិតជាក់ស្តែងហើយ អញ្ចឹងដែលផ្អែកទៅលើមូលដ្ឋាននេះធ្វើឲ្យយើងមានការប្រុងប្រយ័ត្ន»។

លោក សុខ ឥសាន បានបន្តថា អស់លោកជាអ្នកនាំ ពាក្យរបស់អង្គភាពមួយ កាលណាមានប្រសាសន៍ទៅ អ្នកផ្សេងនឹងគិតថា នេះជាជំហរ ឬជាសម្តីរបស់អង្គភាពហ្នឹងឯង ដូច្នេះអ្នកនាំពាក្យត្រូវផ្តល់ សារសំខាន់ ហើយអ្នកនាំពាក្យ ត្រូវមានស្មារតីទទួលត្រូវ និងការច្នៃប្រឌិតរបស់អ្នក នាំពាក្យរបស់ស្ថានប័ននីមួយៗ ផ្ទាល់ខ្លូនតែប៉ុណ្ណោះ ថាធ្វើយ៉ាងម៉េច ឲ្យសម្រេចបាននូវសំណូ ពររបស់អង្គភាព និងថ្នាក់ដឹកនាំរបស់ខ្លួនតែម្តង។

អ្នកនាំពាក្យបក្ស កាន់អំណាចរូបនេះ បានបញ្ជាក់ថា អ្នកនាំត្រូវធ្វើយ៉ាងណា ឲ្យសារព័ត៌មានស្តាប់បាន ហើយយកទៅផ្សព្វផ្សាយ ទទួលបានក្នុងការទទួល យកពីសាធារណជន ទាំងនេះជាបញ្ហាសំខាន់ ដែលអ្នកនាំពាក្យត្រូវគិតពីចំណុចនេះ។

ពាក់ព័ន្ធបញ្ហានេះ នាយឧត្តមសេនីយ៍បណ្ឌិត នាង ផាត ក៏បានបញ្ជាក់ផងដែរថា អ្នកនាំពាក្យត្រូវតែយល់ ដឹងពីអ្វីដែលបានកើតឡើង ហើយអ្នកនាំពាក្យត្រូវចាប់ អារម្មណ៍ចំពោះបញ្ហាទាំងឡាយឲ្យបាន ច្បាស់លាស់ជាមុនសិន មុននឹងផ្តល់ព័ត៌មានដល់អ្នកដ៏ទៃ៕

ដកស្រង់ពី៖ Fresh News