Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលរងខេត្តពោធិ៍សាត់៖ វត្តអារាម គឺជាមណ្ឌលវប្បធម៌ អក្សរសាស្រ្ត ជាថ្នាលបណ្តុះនូវធនធានមនុស្ស អប់រំពលរដ្ឋ ឲ្យយល់ដឹងពីបុណ្យ បាប គុណ ទោស ជៀសចាកឆ្ងាយពីគ្រឿងញៀន

  • បោះពុម្ព

(ពោធិ៍សាត់)៖ លោក ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងលោក ម៉ៅ ធនិន អភិបាលនៃគណៈ អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា វត្តអារាម គឺជាមណ្ឌលវប្បធម៌ អក្សរសាស្រ្ត ជាថ្នាលបណ្តុះនូវធនធានមនុស្ស អប់រំពលរដ្ឋ ពិសេសយុវជនឲ្យយល់ដឹងពីបុណ្យ បាប គុណ ទោស ឲ្យជៀសចាកឆ្ងាយពីគ្រឿងញៀន អំពើអាណាចារ និងក្រុមក្មេងទំនើង ហើយការអប់រំសីលធម៌ និងសុជីវធម៌ដល់យុវជនជំនាន់ក្រោយ គឺជាប្រការយ៉ាងសំខាន់។

លោកបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កុដិថ្មដ៏ធំស្កឹមស្កៃ ១ខ្នង កម្ពស់២ជាន់ ប្រក់ក្បៀង ទំហំ២៣ម៉ែត្រ គុណ១៣ម៉ែត្រ និងសមិទ្ធផលនានា ក្នុងវត្តស្រះស្រង់ ស្ថិតក្នុងភូមិក្រាំងតាសែន សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨នេះ ដែលចំណាយថវិកាសរុបជាង ១៩ម៉ឺនដុល្លារអាមេរិក សុទ្ធសឹងជាការចូលរួមចូល ជាបច្ច័យរបស់ថ្នាក់ដឹកនាំ និងសប្បុរសជននានា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ វិស័យព្រះពុទ្ធសាសនា។

លោក ចេង ឡៃ បានបន្តថា «កម្ពុជាបានឆ្លងកាត់ប្រវត្តិសាស្ត្រ ដ៏ជូរចត់ជាច្រើនជំនាន់ ដែលបណ្តាលមកពីភ្លើងសង្គ្រាម ហើយសង្គ្រាមបានបង្ក វិនាសកម្ម សោកនាដកម្ម អន្តរាយហិនហោចប្រទេស ជាតិគ្រប់បែបយ៉ាង ជាក់ស្តែងបានបន្សល់ទុក ជនពិការ ក្មេងកំព្រា ព្រាត់ប្រាស់ក្រុមគ្រួសារ ជនអនាថាគ្មានទីពឹងជាដើម»។

លោកបានបន្តទៀតថា «កម្ពុជាបច្ចុប្បន្នបានវិវឌ្ឍន៍ ខ្លួនជាប្រទេសដែលមាន ចំណូលគួរសម បើប្រៀបធៀបជាមួយ បណ្តាប្រទេសក្នុងតំបន់ និងបន្តការអភិវឌ្ឍលើគ្រប់វិស័យដោយឥតឈប់ឈរ ប៉ុន្តែដើម្បីរក្សាបាននូវការរីកចម្រើននេះ ត្រូវពឹងផ្អែកលើកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ និងសុវត្ថិភាពសង្គមជាចម្បង និងចាំបាច់ត្រូវពឹងផ្អែកឲ្យមានការចូលរួមពីប្រជាពលរដ្ឋទូទៅ»។

លោកអភិបាលរងខេត្ត បានបញ្ជាក់ទៀតថា ការរីកចម្រើនវិស័យពុទ្ធចក្រ និងអាណាចក្រ ត្រូវពឹងផ្អែកលើកត្តាសន្តិសុខ ស្ថេរភាពនយោបាយ និងសុវត្ថិភាពសង្គមជាចាំបាច់ ដោយមិនអាចខ្វះបាន។

លោកក៏បានអំពាវនាវ សូមប្រជាពលរដ្ឋ កុំជឿតាមការញុះញង់ លាបពណ៌ បំបែកបំបាក់ នាំឲ្យមានការប្រកាន់ពូជសាសន៍ ជាហេតុបណ្តាលឲ្យមានការបែកបាក់សាមគ្គី។ ជាចុងក្រោយ លោក ចេង ឡៃ បានប្រគល់លិខិតថ្លែងអំណរគុណ ជូនដល់សប្បុរសជន ដែលបានបរិច្ចាគថវិកា ដើម្បីឧបត្ថម្ភដល់ការសាងសង់ សមិទ្ធផលនានាក្នុងទីអារាមនេះ និងបានកាត់ខ្សែបូរសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ចាប់ពីពេលនេះតទៅ៕

ដកស្រង់ពី៖  Fresh News