បណ្តាញសង្គម

រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំអនុគណៈកម្មាការសម្រាប់ការរៀបចំព្រឹត្តិការណ៍ «សង្ក្រាថ្មីសំបូរព្រៃគុក» ឆ្នាំ២០១៨

(កំពង់ធំ)៖ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨នេះ លោក សុខ លូ អភិបាលខេត្តកំពង់ធំ រួមជាមួយអភិបាលរងខេត្ត សហភាពសហព័ន្ធយុវជនខេត្ត មន្ត្រីរាជការជុំវិញខេត្ត ចូលរួមប្រជុំអនុគណៈកម្មការ សម្រាប់ការរៀបចំព្រឹត្តិការណ៍ «សង្ក្រានថ្មីសំបូរព្រៃគុក» ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ឆាប់ៗនេះ។

ក្នុងឱកាសនោះលោក សុខ លូ ក៏បានស្នើឲ្យគណៈកម្មការរៀបចំ សង្ក្រានថ្មីសំបូរព្រៃគុកទាំងអស់ ត្រូវខិតខំរៀបចំដំណើរការ នៃកម្មវិធីសង្ក្រានថ្មី សំបូរព្រៃគុក ឲ្យមានលក្ខណៈល្អប្រសើរ ដើម្បីកំដរបរិយាកាសឲ្យមានភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសបងប្អូន ដែលរស់នៅក្នុងខេត្តកំពង់ធំយើងទាំងមូល ក៏ដូចជាតាមបណ្តាតាមខេត្តផ្សេងៗ ដែលបានចូលមកទស្សនា។

លោក សុខ លូ បានបន្តថា «ក្នុងនាមយើងជា ថ្នាក់ដឹកនាំកម្មវិធី ត្រូវធ្វើយ៉ាងណាជួយធ្វើ ការដោះស្រាយបញ្ហាដែល កើតមានឡើង ក្នុងនោះ បញ្ហាដែលយើងទាំងអស់គ្នា ត្រូវគិតគូររួមមាន បញ្ហាចរាចរណ៍ ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ត្រូវមានកន្លែងសម្រាប់ចត ទុកដាក់យានជំនិះរបស់បងប្អូន ដែលមកទស្សនា និងរៀបចំឲ្យមាន ការសំដែងកម្មវិធីកំសាន្តសប្បាយ និងលេងល្បែងរបាំ ប្រជាប្រិយការ សម្តែងនូវសិល្បៈ របាំរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ការប្រគុំតន្ត្រី ឡើងសសរខ្លាញ់ ទាញព្រ័ត ចោលឈូង បវរកញ្ញាធ្លាក់ទឹក ប្រដាក់បិទមុខប្រណាំង រទេះគោជាដើម ក្នុងនោះ ក៏មានការដាក់ តាំងនូវផលិតផលភូមិមួយ ផលិតផលមួយ ក្នុងខេត្តជាពិសេស ផលិតផលកសិកម្ម សិប្បកម្ម និងការលក់ដូរ របស់បងប្អូនអាជីវករឲ្យមានសណ្តាប់ធ្នាប់ និងប្រកបដោយសោភ័ណ្ឌភាព ព្រមទាំងបង្ហាញពី តម្លៃវប្បធម៌របស់ខ្មែរ ដែលមានតាំងពី យូរយាណាស់ មកហើយដើម្បីគាំទ្រ និងលើកស្ទួយ កេរ្តិ៍មរតករបស់ជាតិខ្មែរ»។

គួរបញ្ជាក់ថា៖ នេះជាលើកទី៤ហើយ (២០១៥-២០១៨) ដែលរដ្ឋបាលខេត្តកំពង់ធំ សហការជាមួយ អាជ្ញាធរពាក់ព័ន្ធ និងដោយមានការចូល រួមពីយុវជនស្ម័គ្រចិត្តគ្រប់ទិសទី បានរៀបចំព្រឹត្តិការណ៍ សង្ក្រានថ្មីសំបូរព្រៃគុក ក្នុងគោលបំណង ផ្ដល់ឱកាសឲ្យយុវជន, ភ្ញៀវជាតិ-អន្តរជាតិ, និងសាធារណជនខ្មែរទូទៅ ជាពិសេស ប្រជាពលរដ្ឋនៅក្នុង ខេត្តកំពង់ធំ បានចូលរួមអបអរសាទ រពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងនាមជាមហា គ្រួសារខ្មែរតែមួយ ក្រោមស្មារតីសុខដុម សប្បាយរីយរាយ សុភមង្គល និងដើម្បីផ្ដល់ឱកាសឲ្យយុវជនខ្មែរ ជំនាន់ក្រោយបានស្វែង យល់នូវភាពរុងរឿង នៃព្រះរាជាណាចក្រកម្ពុជា តាំងពីសម័យមហានគរ។

ម្យ៉ាងវិញទៀត ដើម្បីលើកតម្កើង នូវអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ ជំនឿ សាសនា និងប្រពៃណីដ៏ល្អផូរផង់ រួមនឹងសម្បត្តិបេតិកភ័ណ្ណពិភពលោក ទាំងរូបីយ និងអរូបីយរបស់ខ្លួនឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានស្វែងយល់ និងបន្តពង្រីកនូវកិត្យានុភាពនេះ នៅលើឆាកអន្តរជាតិទៀតផង៕

ចុងក្រោយ លោកបានស្នើដល់កងកម្លាំង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ធ្វើយ៉ាងណាការពារ សុខសុវត្ថិភាពជូន ប្រជាពលរដ្ឋឲ្យបានល្អ៕

ដកស្រង់ពី៖  Fresh News