បណ្តាញសង្គម

រដ្ឋលេខាធិការ​ក្រសួងវប្បធម៌ លើកទឹកចិត្តដល់ផលិតករទាំងអស់ ត្រូវផលិតរឿងដាក់បញ្ចាំង លើទីផ្សារឲ្យបានច្រើន និងកុំមានចិត្តរារែក

(ភ្នំពេញ)៖ លោក សោម សុគន្ធ រដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានថ្លែងកោតសរសើរដល់ផលិតករទាំងអស់ ដែលបានខិតខំប្រឹងប្រែង ចំណាយទាំងកម្លាំងកាយ កម្លាំងចិត្ត និងធនធានផ្ទាល់ខ្លួន ដើម្បីផលិតរឿងដាក់បញ្ចាំង នៅលើទីផ្សាររបស់ភាពយន្តខ្មែរ និងសុំឲ្យផលិតករទាំងអស់នោះ កុំមានចិត្តរារែក ឬស្ទាក់ស្ទើរអ្វីឲ្យសោះ ជាមួយនឹងបទដ្ឋានគត្តិយុទ្ធនានារបស់ក្រសួង ទៅលើផលិតកម្ម ខណៈទីផ្សារភាពយន្តខ្មែរ នៅក្នុងប្រទេស កំពុងតែជួបប្រទះនូវការខ្វះខាតច្រើន ដែលមិនទាន់អាចឆ្លើយតប តាមតម្រូវការ របស់ទស្សនិកជនបានឡើយ។

ការថ្លែងបែបនេះ របស់លោក លោក សោម សុគន្ធ រដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ គឺក្នុងឱកាសដែលលោក អញ្ជើញជាអធិតីភាពសម្ពោធខ្សែភាពយន្ត បែបយុវវ័យថ្មីមួយទៀត មានចំណងជើងថា «កំពូលអ្នកថត Selfie» ដែលជាវណ្ណកម្មរបស់ផលិតកម្ម ខ្មែរមេគង្គ នាល្ងាចថ្ងៃទី២៦ខែមីនា ឆ្នាំ២០១៨នេះ នៅរោងភាពយន្ត Major ផ្សារទំនើបសូរីយា ដោយក្នុងនោះ ក៏មានការអញ្ជើញចូលរួម ពីសំណាក់ផលិតករជាតិ និងអន្តជាតិ ព្រមទាំងតារាសម្ដែង និងទស្សនិកជន យ៉ាងច្រើនកុះករ។

រដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈរូបនេះ បានថ្លែងសង្កត់ធ្ងន់ទៀតថា បច្ចុប្បន្ននេះ ទីផ្សារភាពយន្តខ្មែរកំពុងតែមានការខ្វះខាតច្រើនណាស់ ជាក់ស្ដែងការរាយការណ៍ឲ្យដឹង ពីសំណាក់អ្នកគ្រប់គ្រងរោងភាពយន្ត គឺក្នុងមួយឆ្នាំ មានភាពយន្តខ្មែរប្រមាណ២៥ទៅ៣០ភាគរយប៉ុណ្ណោះ ដាក់បញ្ចាំងលើរោងភាពយន្តនានា ក្រៅពីនោះ គឺសុទ្ធសឹងតែភាពយន្តបរទេសទាំងអស់។

ដូច្នេះលោកសូមធ្វើការលើកទឹកចិត្ត ដល់បណ្ដាផលិតកទាំងអស់ ក្នុងប្រទេសកម្ពុជា មេត្តារួមដៃគ្នាផលិតភាពយន្តឲ្យបានច្រើន និងកុំរារែកចិត្តឲ្យសោះ ជាពិសេសតាមអ្វីដែលលោករំពឹងទុក ការតម្រូវឲ្យផលិតករ ឬតារាសម្ដែងបង់ពន្ធផ្សេងៗចូលរដ្ឋ នាពេលកន្លងមកនោះ ក្រសួងនឹងអាចពិចារណាបន្ធូរបន្ថយ នៅក្នុងចំណុចណាមួយ និង ក្នុងរយៈពេលច្រើនឆ្នាំទៀត ដើម្បីទុកលទ្ធភាពឲ្យភាពយន្តខ្មែរ កាន់តែរីកចម្រើនជាងនេះ បន្ថែមទៀត។

ដោយឡែកផលិតករឿង «King Selfie» បានថ្លែងបញ្ជាក់ថា រឿង «King Selfie» ជាស្នាដៃថ្មីមួយទៀត របស់ផលិតករភាពយន្ត បន្ទាប់បានទទួលពានរង្វាន់ ភាពយន្តឆ្នើមប្រចាំមហោស្រព ថ្នាក់ជាតិកន្លងទៅ។

រឿង «កំពូលអ្នកថត Selfie» រៀបរាប់ពីដំណើររបស់យុវវ័យសម័យបច្ចុប្បន្ន ដែលឈ្លក់វង្វេងនឹងការថតរូប selfie រហូតបានក្លាយជា តារាតាមទូរទស្សន៍ដ៏ល្បី តែបែរជាបាត់បង់មិត្តភក្តិ ដ៏ស្និទ្ធរបស់ខ្លួនទៅវិញ។

នេះជាសមិទ្ធផលថ្មីមួយទៀត រឿងនេះបង្ហាញពីការនិយមថតរូប របស់យុវវ័យសម័យថ្មី ដំណើរដែលក្លាយជាតារា ហើយក៏ត្រូវបង្ខំចិត្តធ្វើកិច្ចការមួយចំនួន ដែលខ្លួនមិនចង់ធ្វើរហូតដល់ចំណុចមួយ ដែលមិនអាចបកក្រោយបាន។

រឿងនេះនឹងដាក់បញ្ចាំង គ្រប់រោងភាពយន្ត ចាប់ពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៨ នេះតទៅ។ សូមបញ្ជាក់ថា ភាពយន្តរឿង «King Selfie ឬកំពូលអ្នកថត Selfieតួ » មានការចូលរួមសម្ដែង ដោយតារាល្បីៗជាច្រើនដួង រួមមាន លោក ខាត់ សម្បត្ដិ កិត្យា, លោក សេង រតនៈ, កញ្ញា ឃុន ចន្ទ័ ម៉ូនណា, កញ្ញា ឌី សូនីតា, កញ្ញា សុវណ្ណ រ៉ាផា, លោក ដាង កុសល ព្រមទាំងតារាប្រុសស្រី ជាច្រើនរូបទៀត៕

ដកស្រង់ពី៖  Fresh News