បណ្តាញសង្គម

អបអរបុណ្យចូលឆ្នាំថ្មី! ​លោក ឃួង ស្រេង ចំណាយថវិកាជិត១២០លានរៀល ដើម្បីឧបត្ថម្ភដល់មន្ដ្រីរាជការរបស់រដ្ឋបាលរាជធានីភ្នំពេញ​

(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានឧបត្តម្ភដល់ មន្ត្រីរាជការរដ្ឋបាល រាជធានីភ្នំពេញ ជិត៣០០នាក់ ក្នុងម្នាក់ៗថវិកា៤០០,០០០រៀល និងស្រាបៀ២កេស ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដើម្បីឲ្យមន្ដ្រីរាជការមានឱកាស សប្បាយរីករាយ ក្នុងពិធីបុណ្យប្រពៃណីនេះ ហើយក៏ជាការលើកទឹកចិត្ត ដែលបងប្អូនបាន បំពេញការងារបានល្អអស់មួយ ឆ្នាំកន្លងមកនេះ។

ការផ្តល់ជាអំណោយ សម្រាប់ចូលឆ្នាំថ្មីនេះ បានធ្វើឡើងនៅ ព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ ក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរបស់ រដ្ឋបាលរាជធានី នៅសាលារាជធានី ភ្នំពេញ។

ក្នុងឱកាសនោះ លោក ឃួង ស្រេង បានថ្លែងថា កិច្ចការងាររដ្ឋបាល រាជធានីភ្នំពេញមានច្រើន និងមមាញឹកណាស់ ដែលធ្វើឲ្យមន្ត្រី មួយចំនួនត្អូញត្អែរថា ការងារច្រើន តែមិនត្រូវត្អូញ ត្អែរនោះទេ ពោលមន្ដ្រីទាំង អស់ត្រូវរិះរកគន្លឹះ ដើម្បីធ្វើឲ្យបានសម្រេច និងជោគជ័យ ក្នុងការបម្រើសេវា ជូនប្រជាពលរដ្ឋ។

ជាក់ស្ដែង បញ្ហារឿងគ្រូ យកលុយសិស្ស ទោះបីជាយ៉ាង ណាក្តីឃើញថា បានសាបរលាបហើយដែរ ដែលនេះដោយសារតែ ការខិតខំមន្ដ្រី ទាំងអស់គ្នា ហើយការខំប្រឹង មិនមែនមានន័យថា ឥតប្រយោជន៍នោះទេ គឺយើងទទួលបាន ការកោតសរសើរពីប្រជាជន ធ្វើឲ្យយើងកាន់ តែមានកម្លាំងចិត្ត ក្នុងការធ្វើឲ្យ ភ្នំពេញកាន់តែល្អ និងកាន់តែមានការអភិវឌ្ឍន៍។

 អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំ ឲ្យមន្ត្រីទាំងអស់ ពេលប្រជាពល រដ្ឋទូរស័ព្ទមក ត្រូវប្រើប្រាស់សំដីឲ្យបានល្អ ទៅកាន់ពួកគាត់វិញ បើទោះបី ការពឹងពាក់នោះ មិនចំគោលដៅ ឬខុសនីតិវិធីក៏ដោយចុះ។

លោកថា «ពលរដ្ឋទូរស័ព្ទមក មានន័យថា គេជឿជាក់លើយើងហើយ ក្នុងការពឹងពាក់យើងឲ្យជួយគាត់ តែបើយើងប្រើប្រាស់សំដីមិនល្អ គាត់ពិតជាអស់សង្ឃឹម ហើយក៏លែងជឿជាក់លើយើងទៀតដែរ» ដូច្នេះត្រូវតែប្រើប្រាស់ សម្តីឲ្យបានល្អជា មួយប្រជាពលរដ្ឋ៕

ដកស្រង់ពី៖  Fresh News