បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូចាកចេញពីកម្ពុជាហើយដើម្បីចូលរួមកិច្ចប្រជុំ កំពូលអាស៊ានលើកទី៣២ នៅសិង្ហបុរី

(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់ ចាកចេញពី កម្ពុជាហើយ ដើម្បីចូលរួម កិច្ចប្រជុំកំពូល អាស៊ានលើកទី៣២ ដែលនឹងប្រព្រឹត្ត ទៅនៅប្រទេស សិង្ហបុរី ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨។

សេចក្តីប្រកាស របស់ក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា វត្តមានរបស់ សម្តេចតេជោ ហ៊ុន សែន នៅប្រទេសសិង្ហបុរី លើកនេះ គឺធ្វើឡើងតប តាមការអញ្ជើញរបស់ លោក លី សៀន ឡុង (Lee Hsien Loong) នាយករដ្ឋមន្រ្តី នៃសាធារ ណរដ្ឋសិង្ហបុរី និងជាប្រធាន កិច្ចប្រជុំកំពូល។

ឥស្សរជនកម្ពុជា ដែលនឹងអម ដំណើរសម្តេចតេជោ រួមមាន លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្ម និង លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងសមាជិក ដទៃទៀតនៃ រាជរដ្ឋាភិបាលកម្ពុជា ។

កិច្ចប្រជុំកំពូល អាស៊ានលើកទី៣២ ក្រោមមូលបទ «ភាពរឹងមាំ និង នវានុវត្តន៍របស់ អាស៊ាន» នឹងឆ្លុះបញ្ចាំង នូវអភិក្រម ដ៏សំខាន់ ដែលអាស៊ាន ប្រកាន់យក ដើម្បីរក្សាសារៈ សំខាន់របស់ខ្លួន ក្នុងនាមជាអង្គការ តំបន់ដែលទទួល បានការជឿទុកចិត្ត នៅក្នុងការ ថែរក្សា និងលើកកម្ពស់ សន្តិភាព ស្ថិរភាព និងវិបុលភាព ។

នៅក្នុងឱកាសដ៏ សំខាន់នេះដែរ ថ្នាក់ដឹកនាំនឹង ធ្វើការពិភាក្សា និងផ្លាស់ប្តូរទស្សនៈ ស្តីពីការកសាង ភាពរឹងមាំ និងនវានុវត្តន៍ របស់អាស៊ាន ការបង្កើតបណ្តាញ ទីក្រុងឆ្លាតអាស៊ាន កិច្ចសហប្រតិបត្តិការ សន្តិសុខតាម ប្រព័ន្ធអ៊ីនធឺណែត ទំនាក់ទំនងក្រៅ តំបន់អាស៊ាន និងទិសដៅ អនាគត ព្រមទាំងបញ្ហា នៅក្នុងតំបន់ និងអន្តរជាតិដែល ជាផលប្រយោជន៍រួម។

នៅចុងបញ្ចប់នៃ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣២ ឯកសារសំខាន់ៗ មួយចំនួននឹងត្រូវបាន ចេញផ្សាយ អនុម័ត និងកត់សំគាល់។

ក្រៅពីកិច្ចប្រជុំ កំពូលអាស៊ានលើកទី៣២ សម្តេចតេជោ នាយករដ្ឋមន្រ្តី នឹងជួបពិភាក្សា ការងារទ្វេភាគីជាមួយ ថ្នាក់ដឹកនាំ របស់ប្រទេស អាស៊ានមួយចំនួនផងដែរ។

ក្រសួងការបរទេស បានប្រកាសទៀតថា ដើម្បីត្រៀមរៀប ចំកិច្ចប្រជុំកំពូល អាស៊ានលើកទី៣២នេះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញចូលរួម កិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសអាស៊ាន កិច្ចប្រជុំលើកទី១៧ របស់ក្រុមប្រឹក្សា សហគមន៍នយោបាយ-សន្តិសុខអាស៊ាន និងកិច្ចប្រជុំលើកទី២១របស់ក្រុមប្រឹក្សា សម្របសម្រួលអាស៊ាន៕

ដកស្រង់ពី៖  Fresh News