បណ្តាញសង្គម

ប្រទេសចិន ផ្តល់ជំនួយ និងកម្ចីឥតការប្រាក់ជិត ១ពាន់លានយ័ន ដល់កម្ពុជា

ប្រទេសចិន បានសម្រេចផ្តល់ ប្រាក់កម្ចីឥតសំណង ៧០០លានយ័ន និងផ្តល់កម្ចី ឥតការប្រាក់ ២០០លានយ័ន មកដល់កម្ពុជា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម កម្ពុជា ឲ្យកាន់តែរីកចំរើន និងរឹងមាំទ្វេឡើងថែមទៀត។ នេះបើយោងតាមការ ផ្សព្វផ្សាយ ពីទូរទស្សន៍ជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤។

ប្រភពខាងលើបានឲ្យដឹងទៀតថា នៅរសៀលថ្ងៃទី១៨ ខែឧសភា ដែលជាថ្ងៃទី១ នៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូល លើកទី៤ នៃសន្និសីទអន្តរសកម្មភាព និង វិធានការ កសាងទំនុកចិត្តនៅអាស៊ី នៅទីក្រុងសៀងហៃ សាធារណរដ្ឋ ប្រជាមានិតចិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីព្រះរាជាណាចក្រកម្ពុជា បាន ចូលជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតី សាធារណរដ្ឋ ប្រជាមានិតចិន។

នៅក្នុងជំនួបនោះ ប្រធានាធិបតីចិន បានមានប្រសាសន៍យ៉ាងមុតមាំថា ចិនចង់ឃើញប្រទេស កម្ពុជា មានការរីកចំរើន លើគ្រប់វិស័យ តាមរយៈនេះ បានផ្តល់ ជំនួយ ឥតសំណង់ ចំនួន ៧០០ លានយ័ន និងកម្ចីឥតការ ប្រាក់ចំនួន ២០០លានយ័ន ដល់កម្ពុជា ដើម្បីរួមចំណែក ដល់ការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម កម្ពុជា ឲ្យកាន់តែ រីកចំរើន និងរឹងមាំទ្វេ ឡើងថែមទៀត។

សម្តេច តេជោ នាយករដ្ឋមន្រ្តី មានប្រសាសន៍ថ្លែង អំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះ រដ្ឋាភិបាល និងប្រជាជន ចិន ដែលតែងតែ គាំទ្រឥតសំចៃ ដល់ការស្តារ និងអភិវឌ្ឍន៍ប្រទេស កម្ពុជាឡើងវិញ។ សម្តេច តេជោបន្តថា ការរីកចំរើន របស់ កម្ពុជា ពិសេស កំណើនសេដ្ឋកិច្ច កម្ពុជា នាពេលបច្ចុប្បន្ន មិនអាចកាត់ផ្តាច់ចេញពីការចូលរួមវិភាគទាន យ៉ាងធំធេង របស់ថ្នាក់ដឹកនាំ និងប្រជាជនចិន ក្នុងការផ្តល់ជំនួយ ឥតសំណងជំនួយគ្មានការប្រាក់ ដល់ការស្តារ និងកសាងសេដ្ឋកិច្ច របស់ កម្ពុជាឡើងវិញ។

ប្រទេសកម្ពុជានឹង ធ្វើជាម្ចាស់ផ្ទះ នៃការ ប្រកួតកីឡាស៊ីហ្គេមនៅពេលខាងមុខនោះ សម្តេច តេជោ បាន ស្នើដល់សមភាគីចិន ឯកឧត្តម ស៊ី ជិនពីង បន្តជួយផ្តល់នូវ ជំនួយឥតសំណង និងកម្ចីឥត ការប្រាក់ដល់កម្ពុជា ដើម្បីកសាងពហុកីឡាដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធ ដទៃទៀត ដែលបំរើឲ្យ ការអភិវឌ្ឍន៍សេដ្ឋកិច្ច របស់ប្រទេស កម្ពុជា ឲ្យកាន់តែរីក ចំរើនទ្វេឡើង ថែមទៀត។

សម្តេចតេជោបន្តថា ការកសាង នូវទីលានកីឡានោះ ពិតជាមានសារសំខាន់ ក្នុងការជំរុញលើកកម្ពស់ ដល់យុវជនកម្ពុជា ជំនាន់ ក្រោយ។ ជាការឆ្លើយតប លោក ប្រធានាធិបតីចិន បានទទួលយកសំណើរ ដ៏មានសារសំខាន់នោះ តាមរយៈការបង្កើតនូវ ការក្រុមការងារវាយតំលៃ នៃគំរោងដ៏មាន សារសំខាន់នេះ។

ឯកឧត្តមប្រធានាធិបតី មានប្រសាសន៍ សង្កត់ធ្ងន់ថា ចិននិង បន្តខិតខំ ជួយកម្ពុជា ជាបន្តទៅទៀត តាមរយៈ ការជួយទិញកសិផល កសិកម្ម ពីកម្ពុជា និងការជំរុញ ភ្ញៀវទេសចរណ៍ចិន ទៅទស្សនាកម្ពុជា ឲ្យកាន់តែមាន ចំនួនច្រើនឡើង៕