បណ្តាញសង្គម

មេដឹកនាំចិន-កម្ពុជា រីករាយខ្លាំង ដោយសារ ទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងមេដឹកនាំចិន បានសម្តែងការសាទររបស់ខ្លួន ទៅនឹងការរីក ចម្រើន នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទេ្វភាគី រវាងប្រទេសទាំងពីរ ដែលត្រូវបានពង្រឹង និង ពង្រីកកាន់តែខ្លាំងឡើងជាបន្តបន្ទាប់ ។

ទីភ្នាក់ងារព័ត៌មានកម្ពុជា (AKP) រាយការណ៍ឱ្យដឹង នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤ នៅក្នុងជំនួបជា មួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅឯផ្ទះភ្ញៀវរដ្ឋ ក្នុងទីក្រុងសៀងហៃ កាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១៤ លោក វង់ ចែវរ៉ុយ (Wang Jiarui) អនុប្រធានសភាពិគ្រោះនយោបាយ និងជា រដ្ឋមន្រ្តីគណៈទាក់ទងអន្តរជាតិ នៃគណៈកម្មាធិការកណ្តាល បក្សកុម្មុយនីស្តចិន បានសម្តែងនូវការ  សប្បាយរីករាយខ្លាំងណាស់ ដោយសារតែ ប្រទេសទាំងពីរ កម្ពុជា-ចិនមានទំនាក់ទំនង និងកិច្ចសហប្រតិ បត្តិការល្អ ក្នុងការជួយគ្នាទៅវិញទៅមក ទាំងក្នុងក្របខណ្ឌទ្វេភាគីពហុភាគី និងបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា នោះ ។

AKP ដែលស្រង់ពីការផ្សាយ របស់ទូរទស្សន៍ជាតិកម្ពុជា បានឱ្យដឹងទៀតថា ក្នុងជំនួបពិភាក្សាគ្នានោះ ថ្នាក់ដឹកនាំទាំងពីរ បានសម្តែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរ ជាថ្មីម្តងទៀត ចំពោះទំនាក់ទំនង កិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរកម្ពុជា-ចិន កំពុងមានភាពល្អប្រសើរ ជាពេលណាៗទាំងអស់ ពោលគឺទំនាក់ទំនង នៃប្រទេសទាំងពីរ មានភាពល្អប្រសើរចាប់តាំងពីថ្នាក់ដឹកនាំកំពូល រហូតដល់ ស្រទាប់ យុវវ័យ ពិសេសប្រទេសទាំងពីរ មានទំនាក់ទំនងល្អ ទាំងក្នុងស្ថាប័ន នីតិបញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ និង គ្រប់ស្ថាប័នទាំងអស់ ។

ប្រភពដដែលបន្តថា អនុប្រធានសភា ពិគ្រោះនយោបាយ បានស្នើឲ្យមានការ ផ្លាស់ប្តូរ នូវដំណើរទស្សន កិច្ចពីគ្នាស្ថាប័នទាំងអស់ ពិសេសស្រទាប់យុវជនដែលជាទំពាំងស្នងឫស្សី សំដៅធ្វើយ៉ាងណាឲ្យទំនាក់ ទំនង នៃប្រទេសទាំងពីរ កាន់តែមានភាពរឹងមាំទ្វេឡើង ថែមទៀត ។

សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ ថ្លែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតជូនចំពោះថ្នាក់ដឹក នាំ និងប្រជាជនចិន ដែលជួយដល់ប្រទេសកម្ពុជា លើការស្តារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យ កាន់តែមាន ការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ។ សម្តេចក៏បានចាត់ទុកថា បើទោះបីជាវត្តមានរបស់ សម្តេចនៅពេល នេះ គឺដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល នៃសន្និសីទអន្តរសកម្មភាព និងវិធានការកសាង ទំនុកចិត្តនៅអាស៊ី ក៏ពិតមែន ប៉ុន្តែ វាបានបន្ថែមទម្ងន់ថែមទៀត ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការនៃប្រទេស ទាំងពីរឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត ។

លោក វង់ ចែវរ៉ុយ (Wang Jiarui) បានរៀបចំ ពិធីលៀងសាយភោជន៍ជាមហាកិត្តិយស ដ៏ខ្ពង់ខ្ពស់ បំផុត ជូន ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា ដែល បានអញ្ជើញមកចូលរួម កិច្ចប្រជុំកំពូលលើកទី៤ នៃសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្ត នៅអាស៊ីនៅទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន ។ ក្នុងនាមលោកប្រធានាធិបតីចិន ស៊ី ជិន ពីង លោក វង់ ចែវរ៉ុយ បានសម្តែងនូវការស្វាគមន៍ និងសូមចាត់ទុកសម្តេចតេជោ គឺជាមិត្តដ៏ល្អបំផុត សម្រាប់ថ្នាក់ដឹកនាំ និងប្រជាជនចិនទាំងក្នុង និងក្រៅប្រទេស ៕