បណ្តាញសង្គម

នៅព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីជិត ២ម៉ឺននាក់ នៅក្រុងបាវិត ខេត្តស្វាយរៀង

(បាវិត, ស្វាយរៀង)៖ នៅព្រឹកថ្ងៃព្រសហ្បតិ៍ ១១រោច ខែពិសាខ សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅទីតាំងតំបន់សេដ្ឋកិច្ចពិសេស អ៉ិនធើវៀ អូតូម៉ូបាល អ៉ិនដាសស្រ្ទី ខមផ្លេកស៍ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។

កម្មករ-កម្មការិនីក្នុងខេត្តស្វាយរៀង ដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយនេះ មកពីរោងចក្រ សហគ្រាសចំនួន៣២ ក្នុងនោះមកពីរោងចក្រ សហគ្រាសនៅតំបន់សេដ្ឋកិច្ចពិសេសតាយសេងចំនួន ២៤រោងចក្រ, តំបន់សេដ្ឋកិច្ចពិសេសនាគរាជចំនួន ៤រោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេសសានតុងចំនួន ៤រោងចក្រ។

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៉ិត សំហេង បានឲ្យដឹងថា កម្មករ-កម្មការិនី ដែលជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន មានចំនួនសរុប ១៩,៤៨៩នាក់ ក្នុងនោះស្រី ១៤,៧០៧នាក់ និងស្រ្តីមានផ្ទៃពោះមានចំនួន៥៩២នាក់។

លោករដ្ឋមន្ត្រី បានឲ្យដឹងថា រោងចក្រទាំង សហគ្រាសទាំង៣៣ ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីជួបសំណេះសំណាលជាមួយសម្តេចនាយករដ្ឋមន្ត្រីនាព្រឹកនេះ មានអ្នកវិនិយោគមកពីប្រទេសចិន ជប៉ុន ខ្មែរ អាមេរិក និងអាឡឺម៉ង់។ រោងចក្រទាំងនេះ មានកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង ដំឡើងកង់ ផលិតស្រោមដៃ ផលិតខ្សែគ្រឿងបង្គុំអគ្គិសនី ផលិតតួកង់ ផលិតស៊ុមរូបថត ផលិតសម្ភារៈវេចខ្ចប់ ដំឡើងបង្អួច ផលិតគ្រឿងបន្លាស់កង់ ផលិតស្ទីកគ័ររូបភាពខ្សែនាឡិកា ផលិតម៉ែត្រ ផលិតថ្នាំពណ៌លាបកង់ ផលិតគ្រឿងបន្លាស់នាឡិកាដៃ ផលិតខ្សែនាឡិកា ផលិតបារី ផលិតវាំងននស្លាបព្រិល និងផលិតប៉ុងស្មាអាវ។

បើតាមលោករដ្ឋមន្ត្រី ផលិតផលទាំងនេះ ត្រូវបាននាំយកទៅលក់នៅក្រៅប្រទេស និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកផងដែរ។

ខេត្តស្វាយរៀង ត្រូវបានចាត់ទុកជាខេត្តមានការអភិវឌ្ឍវិស័យឧស្សាហកម្ម និងសេវាកម្មមានការឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ មកដល់ពេលបច្ចុប្បន្នខេត្តស្វាយរៀង មានរោងចក្រ សហគ្រាស គ្រឹះស្ថានសរុប១៦៥ និងផ្តល់ការងារជូនប្រជាពលរដ្ឋ ៥៩,១៨៣នាក់។

លោក អ៉ិត សំហេង បានអះអាងថា តំបន់សេដ្ឋកិច្ច និងរោងចក្រ សហគ្រាស នៅក្នុងខេត្តស្វាយរៀង បានកសាងឡើងនៅជិតព្រំដែនកម្ពុជា-វៀតណាម ហើយបានប្រែក្លាយតំបន់ព្រំដែននេះ ទៅជាតំបន់ព្រំដែនសន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។ បានបង្កើតនូវមុខរបរ និងការងារបន្ថែមជាច្រើនងាយស្រួលដល់យុវជនក្នុងការរកការងារធ្វើក្នុងមូលដ្ឋានរបស់ខ្លួន របរជួលផ្ទះ លក់ម្ហូបអាហារ ការដឹកជញ្ជូន និងសេវាកម្មផ្សេងៗទៀត រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជនក្នុងមូលដ្ឋាន។

លោករដ្ឋមន្ត្រីបន្ថែមថា ការអភិវឌ្ឍតំបន់នេះ គឺជាជោគជ័យនៃគោលនយោបាយទាក់ទាញវិនិយោគ បង្កើតការងារជូនកម្មករ និយោជិតរបស់រាជរដ្ឋាភិបាល និងជាជោគជ័យក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ, គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា, គោលនយោបាយស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ដែលបាននឹងកំពុងប្រែក្លាយខេត្តស្វាយរៀង ទៅជាតំបន់សេដ្ឋកិច្ចដ៏មានសក្តានុពលមួយ។

សូមបញ្ជាក់ថា គិតចាប់តាំងពីរថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ មកដល់ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបកម្មករ កម្មការិនីសរុប ៤១លើកហើយ។ មានកម្មករ កម្មការិនីសរុប ៥០៤,៥២៧នាក់ហើយ ដែលបានជួបសំណេះសំណាលជាមួយសម្តេចនាយករដ្ឋមន្ត្រី។

តាមរយៈជំនួបជាបន្តបន្ទាប់នេះ ដំណោះស្រាយជាច្រើនត្រូវបានដោះស្រាយជូនកម្មករ កម្មការិនី។ ជាពិសេសអត្ថប្រយោជន៍ជាច្រើនត្រូវបានធ្លាក់ដល់កម្មករ កម្មការិនី ដើម្បីជួយឲ្យជីវភាពរបស់ពួកគេបានកាន់តែប្រសើរ៕

 ដកស្រង់ពី៖FRESH NEWS