បណ្តាញសង្គម

ក្រសួងឧស្សាហកម្ម សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចាត់ចែងផ្គត់ផ្គង់ទឹកស្អាត ដល់ប្រជាពលរដ្ឋ នៅតំបន់ដែលកំពុងរងគ្រោះ ដោយសារសារធាតុគីមីក្នុងទឹកព្រែកទេ

(ក្រចេះ)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម បានចាត់បញ្ជូន មន្ត្រីជំនាញជាបន្តបន្ទាប់ ទៅកាន់តំបន់ដែលកំពុងរងគ្រោះ ដោយសារសារធាតុគីមី នៅក្នុងទឹកព្រែកទេ ដោយសហការជាមួយ អាជ្ញាធរខេត្តក្រចេះ ដើម្បីធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវ បន្តរកមូលហេតុ ដែលបង្កអោយមាន សារធាតុគីមីនៅ ក្នុងទឹកព្រែកទេរ។

ជាមួយគ្នានេះដែរ លោកក៏បានបញ្ជាឱ្យ មន្ត្រីក្រោមឱវាទឱ្យ សហការជាមួយអាជ្ញាធរខេត្ត ក៏ដូចជាអាជីវករផ្គត់ផ្គង់ ទឹកស្អាតក្នុងខេត្តក្រចេះ ចាត់ចែងផ្គត់ផ្គង់ទឹក ស្អាតជូនដល់ប្រជាពល រដ្ឋដែលកំពុងរស់នៅ ក្នុងតំបន់ដែលកំពុងរងគ្រោះ ដោយសារធាតុគីមី នៅក្នុងទឹកព្រែកទេ។

គួររំលឹកផងដែរថា ថ្មីៗនេះ បន្ទាប់ពីធ្វើការពិសោធន៍ ដោយវិទ្យាស្ថានស្តង់ដារ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម រកឃើញនូវសារធាតុគីមី មួយចំនួននៅក្នុងស្រាស និងទឹកព្រែកទេរួចមក ដើម្បីធានាសុវត្ថិភាព និងបង្ការគ្រោះថ្នាក់បន្ថែមទៀត ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាម បណ្តោយដងព្រែក និងដៃព្រែកទេ បញ្ឈប់ការពិសាស្រាស និងអនុវត្តតាមការណែនាំ របស់រដ្ឋបាលខេត្តក្រចេះ ដោយបញ្ឈប់ ប្រើប្រាស់ទឹកព្រែកទេ និងទឹកតាមដៃព្រែកទេ ជាបណ្តោះអាសន្នសិន ហើយរង់ចាំក្រុមមន្ត្រីជំនាញ សហការជាមួយអាជ្ញា ធរមូលដ្ឋានពិនិត្យ ស្រាវជ្រាវ និងដកហូតស្រាដែល មានជាតិពុល និងពិនិត្យឃើញថា ទឹកក្នុងព្រែកទេ ត្រូវបានសាបអស់ ជាតិពុលសិន បន្ទាប់មកក្រសួង និងអាជ្ញាធរមូលដ្ឋាន នឹងជូនដំណឹងតាមក្រោយ៕

ដកស្រង់ពី៖ Fresh News