បណ្តាញសង្គម

ឯកឧត្តម សម រង្ស៊ី ទូរស័ព្ទជួប ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស ខេង បង្ហាញជំហរ បើកកិច្ចចរចាជាថ្មី

ប្រធានគណបក្សសង្រ្គោះជាតិ ឯកឧត្តម សម រង្ស៊ី នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤នេះ បានទូរស័ព្ទជួបជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាមន្រ្តីជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជា ដើម្បីបង្ហាញនូវជំហរបើកកិច្ចចរចា ជាថ្មីរវាងគណបក្សទាំងពីរ ដោះស្រាយនូវបញ្ហានយោបាយ ដែលកំពុងជាប់គាំង។

ឯកឧត្តម សម រង្ស៊ី តាមរយៈសេចក្តីប្រកាស ជាភាសាអង់គ្លេសរបស់ខ្លួន ផ្ញើទៅកាន់បណ្តាញផ្សព្វផ្សាយ នាល្ងាចថ្ងៃទី២០ ខែឧសភា បានឲ្យដឹងថា «នៅថ្ងៃនេះ ខ្ញុំបានទាក់ទងទៅឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម ស ខេង ដើម្បីបញ្ជាក់ថា តំណាងរាស្រ្តជាប់ឆ្នោតគណបក្សសង្រ្គោះជាតិ ឯកឧត្តម សុន ឆ័យ និង ឯកឧត្តម គួយ ប៊ុនរឿន នឹងជួបជាមួយក្រុមការងារ គណបក្សប្រជាជនកម្ពុជា ដើម្បីពិភាក្សាឡើងវិញរវាង គណបក្សទាំងពីរ»។

នៅក្នុងលិខិតនេះ ឯកឧត្តម សម រង្ស៊ី បានសម្តែងការរំពឹងទុកថា កិច្ចពិភាក្សាជាថ្មីនេះ នឹងឈានដល់ការយោគយល់គ្នា ឆាប់ៗ ដើម្បីដោះស្រាយនយោបាយ នាពេលបច្ចុប្បន្ន។

សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋ បានមើលមុខគ្នាមិនចំ និងបន្សល់បញ្ហាជាច្រើន ក្នុងឆាកនយោបាយនៅកម្ពុជា បន្ទាប់ពីមិនបានឯកភាព លើលទ្ធផលឆ្នោត ចេញដោយ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត កាលពីខែកក្កដា ឆ្នាំ២០១៣។ មន្រ្តីគណបក្សនយោបាយ ទាំងពីរ បានបើកកិច្ចចរចា ចាប់តាំងពីកម្រិតទៀប រហូតដល់កម្រិតមន្រ្តីកំពូល តែការចរចាជាច្រើនលើកនេះ មិនទទួលបានលទ្ធផល ជាផ្លែផ្កានោះឡើយ៕