Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រសៀលនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតជាតិវិស័យសកម្មភាពមីន និងប្រកាសដាក់ឲ្យដំណើរការផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន២០១៨-២០២៥

  • បោះពុម្ព

(ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញបិទសន្និបាត ជាតិវិស័យសកម្មភាពមីន និងប្រកាសដាក់ឲ្យប្រើប្រាស់ ផែនការយុទ្ធសាស្ត្រ ជាតិសកម្មភាពមីនឆ្នាំ២០១៨-២០២៥ ដែលធ្វើឡើង នៅវិមានសន្តិភាព។

សន្និបាតជាតិវិស័យ សកម្មភាពមីនត្រូវបាន បើកតាំងពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ម្សិលមិញ មកម្ល៉េះក្រោមអធិបតី ភាពលោកឧបនា យករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីស្តីទីទីស្តីការគណៈរដ្ឋមន្ត្រី។

សន្និបាតនេះធ្វើឡើង ក្រោមប្រធានបទ «ឆ្ពោះទៅរកកម្ពុជាមួយ ដែលគ្មានមីននៅឆ្នាំ២០២៥» ក្នុងគោលបំណងបង្ហាញ ពីសមិទ្ធផលរយៈពេល ២៥ឆ្នាំ នៃវិស័យសកម្មភាពមីន បង្ហាញពីសមត្ថភាពរបស់ កម្ពុជាក្នុងការដោះស្រាយ ការគំរាមកំហែងពីគ្រាប់មីន និងសំណល់ជាតិ ផ្ទុះពីសង្គ្រាម។

សន្និបាតនេះ ក៏មានគោលបំណងស្វែងរកឱកាស និងមធ្យោបាយនានា ដើម្បីកៀរគរធនធានសម្រាប់ វិស័យសកម្មភាពមីនផងដែរ។

សូមបញ្ជាក់ថា កម្ពុជាជាប្រទេសមួយនៅតំបន់អាស៊ីដែលប្រឈមបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាច្រើន ដែលជាលទ្ធផលនៃសង្គ្រាមរ៉ាំរ៉ៃអូសបន្លាយយ៉ាងយូរក្នុងប្រទេស និងក្នុងតំបន់ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៦០ រហូតដល់ចុងឆ្នាំ១៩៩៨។

អាជ្ញាធរមីន បានឲ្យដឹងថា ស្ថានភាពទូទៅនៃបញ្ហាមីន និងសំណល់ជាតិផ្ទុះពី សង្គ្រាម មានលក្ខណៈស្មុគស្មាញយ៉ាងខ្លាំង។ បញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនេះ បានបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសចំនួនប្រមាណ ៦៤,៦៨៨នាក់ គិតចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០១៧ ព្រមទាំងបង្កនូវសោក នាដកម្មដ៏ឈឺចាប់ដែល មិនធ្លាប់កើតមាន ពីមុនមក និងធ្វើឲ្យរាំងស្ទះដល់ការអភិវឌ្ឍ ប្រទេសផងដែរ។

អាជ្ញាធរមីន បានឲ្យដឹងទៀតថា អស់រយៈពេល ២៥ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា បានសម្រេចជោគជ័យដ៏ ធំធេងក្នុងការរំដោះ ផ្ទៃដីដែលមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងកាត់បន្ថយ ចំនួនអ្នកស្លាប់ និងរបួសដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម យ៉ាងច្រើនសន្ធឹកសន្ធាប់។ គិតត្រឹមខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ ផ្ទៃដីទំហំ ១,៧០០គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាត សម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល។

ក្នុងនោះមីនប្រមាណ ១.២៥លានគ្រាប់ និងសំណល់ជាតិផ្ទុះ ពីសង្គ្រាមប្រមាណ ២.៧លានគ្រាប់ ត្រូវបានរកឃើញ និងបំផ្លាញចោល។ បើទោះបីរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍នានា បានទទួលស្គាល់ពីវឌ្ឍន ភាពគួរឲ្យកត់សម្គាល់ ក្នុងដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមក្តី ប៉ុន្តែផ្ទៃដីប្រមាណជា ២,០០០គីឡូម៉ែត្រក្រឡា នៅមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅឡើយ។

អាជ្ញាធរមីន រំពឹងថា កម្ពុជាមានសមត្ថភាព នឹងអាចរំដោះតំបន់ទាំង អស់ដែលដឹងថាមានមីន ប្រឆាំងមនុស្សនៅត្រឹមឆ្នាំ២០២៥។ តែដើម្បីសម្រេច ជោគជ័យនេះ គឺទាមទារឲ្យមានកិច្ចខិតខំប្រឹងប្រែងយ៉ាង សកម្មពីគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់នៃវិស័យនេះ ក្នុងការរំដោះផ្ទៃ ដីដែលមានមីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាមទាំងនេះ ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងសុវត្ថិភាពសំដៅបញ្ចប់ សោកនាដកម្មដ៏សែនឈឺចាប់ និងជំរុញការអភិវឌ្ឍនៅកម្ពុជា។

ដើម្បីឈានទៅសម្រេចជោគជ័យ ក្នុងការបោសសំអាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមឲ្យ អស់ពីផ្ទៃដីកម្ពុជានៅ ត្រឹមឆ្នាំ២០២៥នេះ អាជ្ញាធរមីន ក៏បានដាក់ចេញ ផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីនឆ្នាំ២០១៨-២០២៥ផងដែរ។

ផែនការយុទ្ធសាស្ត្រនេះ នឹងត្រូវសម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវ ការនៅរសៀលថ្ងៃនេះ។ ផែនការយុទ្ធសាស្ត្រនេះ មានគោលបំណងសម្រេច ឲ្យបាននូវចក្ខុវិស័យ «ប្រទេសកម្ពុជា គឺជាប្រទេសដែលគ្មានមីន ការគំរាមកំហែងដោយសារ សំណល់ជាតិផ្ទុះពីសង្គ្រាមត្រូវ បានកាត់បន្ថយឲ្យនៅ កម្រិតអប្បបរមា និងមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធនធានមនុស្ស ដែលប្រព្រឹត្តទៅដោយសុខភាព»។

ផែនការនេះ ក៏នឹងបង្ហាញពីវិធី សាស្ត្រដែលកម្ពុជា នឹងប្រើប្រាស់ដោះស្រាយបញ្ហាមីន និងសំណាល់ជាតិផ្ទុះពីសង្គ្រាម ជាពិសេសការរំដោះ ផ្ទៃដីដែលដឹងថា មានមីនប្រឆាំងមនុស្សឲ្យរួចរាល់ត្រឹមឆ្នាំ២០២៥ និងការរៀបចំខ្លួន ដើម្បីឆ្លើយតបការគំរាមកំហែង ដែលនៅសេសសល់ក្រោយឆ្នាំ២០១៥។ ដើម្បីសម្រេចចក្ខុវិស័យ ក្នុងការបោសសំអាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅឆ្នាំ២០២៥នោះ នៅក្នុងផែនការយុទ្ធសាស្ត្រ ជាតិសកម្មភាពមីន បានកំណត់ថា នឹងរំដោះផ្ទៃដីទាំង អស់ដែលដឹងថា មានមីនប្រឆាំងមនុស្ស រំដោះផ្ទៃដីអាទិភាពដែលរងគ្រោះដោយគ្រាប់បែកចង្កោម កាត់បន្ថយហានិភ័យដែលបណ្តាល មកពីសំណាល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា និងស្វែងរកការគាំទ្រលើសិទ្ធិ និងសេវាកម្មសម្រាប់ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងគ្រួសារ។ ក្នុងផែនការយុទ្ធសាស្ត្រ ជាតិសកម្មភាពមីន ក៏បានដាក់ចេញនូវគោល ដៅយុទ្ធសាស្ត្រចំនួន៨ និងគោលបំណងចំនួន២៧ផងដែរ។

គោលដៅទាំង៨នោះរួមមាន៖

១៖ រំដោះផ្ទៃដីដែលដឹងថា មានមានមីនឲ្យអស់ត្រឹមឆ្នាំ២០១៨

២៖ រំដោះផ្ទៃដីអាទិភាពដែលដឹងថាមានគ្រាប់បែកចង្កោមត្រឹមឆ្នាំ២០២៥

៣៖ ដោះស្រាយការគំរាមកំហែងដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម និងសំណល់ជាតិផ្ទុះពីសង្គ្រាមផ្សេងទៀត

៤៖ កាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមឲ្យនៅកម្រិតអប្បបរមា ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ជនរងគ្រោះ នងិសហគមន៍រងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម

៥៖ រួមចំណែកធ្វើឲ្យមានកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ

៦៖ ជំរុញនិសព្វាវុធ (ការធ្វើមិនឲ្យមានអាវុធ) និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិលើសកម្មភាពមីន

៧៖ បង្កើតសមត្ថភាពជាតិប្រកបដោយនិរន្តរភាព ដើម្បីដោះស្រាយបញ្ហាគំរាមកំហែងដែលនៅសេសសល់ក្រោយឆ្នាំ២០២៥

៨៖ ធានាថាវិស័យសកម្មភាពមីន មានប្រព័ន្ធគ្រប់គ្រងគុណភាពល្អប្រសើរ និងប្រព័ន្ធគ្រប់គ្រងព័ត៌ មានប្រកបដោយប្រសិទ្ធភាព និងដោយមានការយក ចិត្តទុកដាក់ខ្ពស់លើវិស័យយែនឌ័រ និងការការពារបរិស្ថាន។

ដើម្បីទទួលបានជោគជ័យ ក្នុងការអនុវត្តន៍ផែនការ យុទ្ធសាស្ត្រជាតិវិស័យ សកម្មភាពមីននេះ កម្ពុជាបានព្យាការណ៍ថា ខ្លួនត្រូវការថវិកាប្រមាណ ៤០៦លានដុល្លារ។ ផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីនឆ្នាំ២០១៨-២០២៥នេះ ក៏បានកត់សម្គាល់ផងដែរថា វិស័យសកម្មភាពមីននៅ កម្ពុជាឈានដល់ចំណុច របត់មួយយ៉ាងសំខាន់ គឺការផ្លាស់ប្តូរពីការពឹង ផ្អែកលើជំនួយអន្តរជាតិមកជាការប្រើប្រាស់ថវិកាក្នុងស្រុក។

ការថយចុះថវិកាអន្តរជាតិ អាចមើលឃើញកាន់តែច្បាស់ ហើយត្រូវបានជំនួសជា បន្តបន្ទាប់ដោយថវិកា របស់រាជរដ្ឋាភិបាល។

រាជរដ្ឋាភិបាលកម្ពុជា នឹងទទួលយកនូវការទទួល ខុសត្រូវកាន់តែច្រើនឡើងក្នុង ការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងពង្រឹងសមត្ថភាព របស់ខ្លួន ដើម្បីដោះស្រាយការគំរាម កំហែងដែលនៅសេសសល់ ក្រោយឆ្នាំ២០១៨៕

 

ដកស្រង់ពី៖  Fresh News