បណ្តាញសង្គម

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន និងឯកអគ្គរដ្ឋទូតជប៉ុន អញ្ជើញបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិ៥ ពីព្រែកក្តាម ដល់ខេត្តពោធិ៍សាត់

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ហ៊ីដេហ៊ីសា ហូរីនូឈី (Hidehisa HORINOUCHI) ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅកម្ពុជា អញ្ជើញបើកការដ្ឋាន សាងសង់កំណាត់ផ្លូវ ជាតិលេខ៥ ប្រវែង ១៣៥.២៤គីឡូម៉ែត្រ ចាប់ពីព្រែកក្តាម ខេត្តកណ្តាល ដល់ធ្លាម្អម ខេត្តពោធិ៍សាត់ ក្រោមហិរញ្ញប្បទាន សម្បទានពី រដ្ឋាភិបាលជប៉ុន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងសាងសង់ កំណាត់ផ្លូវជាតិលេខ៥ ឆ្លងកាត់ខេត្ត ចំនួន០៣ រួមមាន ខេត្តកណ្តាល ប្រវែង ៤.២៥គីឡូម៉ែត្រ ខេត្តកំពង់ឆ្នាំង ប្រវែង ៩៣.៥៤គីឡូម៉ែត្រ និងខេត្តពោធិ៍សាត់ ប្រវែង ៣៧.៤៥គីឡូម៉ែត្រ។

លោករដ្ឋមន្ត្រី បានឲ្យដឹងផងដែរថា ទទឹងតួផ្លូវនៅតំបន់ជនបទ ត្រូវពង្រីករហូតដល់ ២៣ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ AC ទទឹង ២០ម៉ែត្រ លើទទឹងតួផ្លូវសរុប ២៣ម៉ែត្រ ដោយក្នុងនោះ រួមមាន គន្លងផ្លូវធ្វើចរាចរណ៍ សម្រាប់រថយន្ដ និងម៉ូតូ មានទទឹង ១៤ម៉ែត្រ ចែកជា ៤គន្លង (២គន្លងទៅ ២គន្លងមក) ដោយមានខឿនសួន ចែកទិសដៅចរាចរណ៍ នៅចំកណ្តាលទ្រូងផ្លូវ ទទឹង ៣ម៉ែត្រ បំពាក់ដោយរនាំង ដែកសុវត្ថិភាព ចំកណ្តាលសួន និងចិញ្ចើមផ្លូវសងខាង ក្រាលបេតុងកៅស៊ូ AC ទទឹង ៣ម៉ែត្រ រួមទាំងបរិក្ខារសុវត្ថិភាព ចាំបាច់ផ្សេងៗទៀត។

សម្រាប់ទទឹងតួផ្លូវ នៅតំបន់ទីប្រជុំជន ត្រូវពង្រីករហូតដល់ ២៨ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ AC ទទឹង ១៩ម៉ែត្រ លើទទឹងតួផ្លូវសរុប ២៨ម៉ែត្រ ដោយក្នុងនោះ រួមមាន គន្លងផ្លូវធ្វើចរាចរណ៍ សម្រាប់រថយន្ដ និងម៉ូតូ មានទទឹង ១៤ម៉ែត្រ ចែកជា ៤គន្លង (២គន្លងទៅ ២គន្លងមក) ដោយមានខឿន សួនចែកទិសដៅ ចរាចរណ៍នៅ ចំកណ្តាលទ្រូងផ្លូវទទឹង ៣ម៉ែត្រ ចិញ្ចើមផ្លូវសង ខាងក្រាលបេតុងកៅស៊ូ AC ទទឹង ២,៥០ម៉ែត្រ និងផ្លូវសម្រាប់អ្នក ថ្មើរជើងសងខាង ក្រាលការ៉ូឡា ទទឹង ៣ម៉ែត្រ។

គម្រោងផ្លូវនេះ ក៏មានសាងសង់ ផ្លូវវាងក្រុងចំនួន ២ខ្សែ រួមមាន៖ ១.) ផ្លូវវាងឧដ្តុង្គ (ចាប់ពីគីឡូម៉ែត្រលេខ ៣៥+០៨០ ដល់គីឡូម៉ែត្រលេខ ៤០+២៨៥ ប្រវែង ៥,២០គីឡូម៉ែត្រ) និង២.) ផ្លូវវាងក្រុងកំពង់ឆ្នាំង (ចាប់ពីគីឡូម៉ែត្រលេខ ៨១+៨៣០ ដល់គីឡូម៉ែត្រ លេខ ៩៣+៩០៤ ប្រវែង ១២,០៧គីឡូម៉ែត្រ) ដែលមានទទឹងតួផ្លូវសរុប ២៣ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ AC ទទឹង ២០ម៉ែត្រ លើទទឹងតួផ្លូវសរុប ២៣ម៉ែត្រ ដោយក្នុងនោះរួមមាន គន្លងផ្លូវធ្វើចរាចរណ៍ សម្រាប់រថយន្ដ និងម៉ូតូ មានទទឹង ១៤ម៉ែត្រ ចែកជា ៤គន្លង (២គន្លងទៅ ២គន្លងមក) ដោយមានខឿនសួន ចែកទិសដៅចរាចរណ៍ នៅចំកណ្តាលទ្រូងផ្លូវ ទទឹង ៣ម៉ែត្រ បំពាក់ដោយរនាំង ដែកសុវត្ថិភាពចំកណ្តាលសួន និងចិញ្ចើមផ្លូវសងខាង ក្រាលបេតុងកៅស៊ូ AC ទទឹង ៣ម៉ែត្រ រួមទាំងបរិក្ខារសុវត្ថិភាព ចាំបាច់ផ្សេងៗទៀត។

បើតាមលោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គម្រោងសាងសង់ កំណាត់ផ្លូវខាងលើ គ្រោងចំណាយថវិកា សរុបប្រមាណ ២៦១លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាលជប៉ុន រួមជាមួយថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះ ស្រាយផលប៉ះពាល់ ការបោសសម្អាតមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករ។

ការសាងសង់ផ្លូវនេះ គ្រោងប្រើរយៈពេល ៤៨ខែ គិតចាប់ពីខែមេសា ឆ្នាំ២០១៨ រហូតដល់ខែមីនា ឆ្នាំ២០២២។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ដែរថា គម្រោងសាងសង់ កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្តាម ខេត្តកណ្តាល ដល់ធ្លាម្អម ខេត្តពោធិ៍សាត់ គឺជាកំណាត់ផ្លូវ ផ្នែកខាងត្បូង នៃគម្រោងធ្វើឲ្យប្រសើរ ឡើងកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្តាម ដល់ប៉ោយប៉ែត ក្រោមហិរញ្ញប្បទាន សម្បទានពីរដ្ឋាភិបាលជប៉ុន ដោយកំណាត់ផ្លូវ ផ្នែកខាងជើង ចាប់ពីបាត់ដំបង ដល់សិរីសោភ័ណប្រវែង ៨៤.៧៤គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋាន សាងសង់កាលពីខែមីនា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ។

កំណាត់ផ្លូវផ្នែកកណ្តាល ចាប់ពីធ្លាម្អម ដល់បាត់ដំបង បូកនិងពីសិរីសោភ័ណ ដល់ប៉ោយប៉ែត ប្រវែងសរុប ១៤៦.០៤គីឡូម៉ែត្រ បានបញ្ចប់ការ ជ្រើសរើសក្រុម ហ៊ុនទីប្រឹក្សា ត្រួតពិនិត្យបច្ចេកទេស និងកំពុងស្ថិតក្នុង ដំណាក់កាលនៃនីតិ វិធីរៀបចំឯក សារសម្រាប់ ការដេញថ្លៃជ្រើសរើស ក្រុមហ៊ុនសាងសង់ ហើយគ្រោងចាប់ផ្តើម បើកការដ្ឋានសាងសង់ នៅក្នុងកំឡុងខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ។

លោករដ្ឋមន្ត្រី បានអះអាងថា ការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន ដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើសមាហរណ កម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួយបណ្តា ប្រទេសក្នុងតំបន់ និងពិភពលោក។

សូមបញ្ជាក់ថា នៅឆ្នាំ២០១៨នេះ មានផ្លូវជាតិជាច្រើនខ្សែ ត្រូវបានរាជរដ្ឋាភិបាល បើកការដ្ឋានសាងសង់ និងស្តារឡើងវិញ មានដូចជា កំណាត់ផ្លូវជាតិលេខ១១ កំណាត់ផ្លូវជាតិលេខ៥ ពីបាត់ដំបង ទៅសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងផ្លូវជាតិលេខ៣ផងដែរ៕

ដកស្រង់ពី៖  Fresh News