បណ្តាញសង្គម

ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យច្បាប់ជាង ៣ពាន់នាក់

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញប្រគល់ សញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ចប្រមាណ ៣,៣៤៩នាក់ ក្នុងនោះមាននារី ១,៤៤៩នាក់។

ខាងក្រោមនេះជាប្រសាសន៍ សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្តេចរីករាយ ខ្លាំងណាស់ ដែលបានអញ្ជើញ មកប្រគល់សញ្ញាបត្រដល់ និស្សិតជ័យលាភីប្រមាណ ៣,៣៤៩នាក់ មកពីសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងចាប់អារម្មណ៍ ចំពោះបញ្ហាជញ្ជីង។

សម្តេចថ្លែងថា ជញ្ជីងនៅតាមទីផ្សារ ពេលខ្លះមិនមែនអ្នក លក់ស៊ីភ្នែកជញ្ជីងនោះទេ តែអាចបណ្តាលមក ពីការផលិតជញ្ជីង មានលក្ខណៈខុសៗគ្នា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់តាំងពីឆ្នាំ១៩៩៦ មកសម្តេចបានអញ្ជើញ ចែកសញ្ញាបត្រដល់ និស្សិតសាលាច្បាប់ចំនួន ១៨លើកមកហើយ។ នេះមិនទាន់គិតពីការ ដែលសម្តេចទៅ បង្រៀននិស្សិតនៅ សាលានេះនៅឡើយទេ។

* សម្តេចនាយករដ្ឋ មន្ត្រីបានថ្លែងថា គ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ទោះបើកឲ្យមានការ សិក្សាបង់ថ្លៃក្តី ប៉ុន្តែនៅតែអាចរក្សា ឧត្តមភាពរបស់ខ្លួន និងទទួលបានការ ចាប់អារម្មណ៍ខ្ពស់ពីនិស្សិត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ធនធានមនុស្សនៅកម្ពុជា នៅតែមិនទាន់ឆ្លើយ តបចំពោះក្រុមហ៊ុន នានានៅកម្ពុជា ដែលទាមទារឲ្យ មានការជ្រើសរើសយក អ្នកជំនាញពីក្រៅប្រទេស។

ដូច្នេះតម្រូវការបណ្តុះបណ្តាល ធនធាននៅតែជាបញ្ហាអាទិភាព។

* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា មូលហេតុដែលកម្ពុជា ដើរចូលអាស៊ានបាន ដោយសារតែកម្ពុជាមាន ធនធានមនុស្សគ្រប់គ្រាន់។

សម្តេចថា លក្ខិណៈវិនិច្ឆ័យ របស់អាស៊ាន គឺសមត្ថភាពស្ថាប័ន និងធនធានមនុស្ស។

* សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា ប្រទេសទីម័រមិនទាន់  អាចចូលជាសមាជិក អាស៊ានបាន ដោយសារតែប្រទេស មានធនធានមនុស្សមិន ឆ្លើយតបតម្រូវការ របស់អាស៊ាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសអាស៊ានដែល មានការលូតលាស់កំពុង យកចិត្តទុកដាក់លើការ បណ្តុះបណ្តាលធន ធានមនុស្ស ហើយការកាត់ បន្ថយគម្លាតរវាង សមាជិកអាស៊ានចាស់ និងអាស៊ានថ្មី ក៏ត្រូវផ្តោតសំខាន់ទៅ លើការបណ្តុះបណ្តាល ធនធានមនុស្សនេះផងដែរ។

* ប្រមុខនៃរាជរដ្ឋា ភិបាលបន្តរំលឹកថា ការកាត់បន្ថយគម្លាតធនធាន ទ្រព្យសម្បត្តិជារឿង លំបាក ដូចជានៅប្រទេសធំៗ លើលោកមិនមែនសុទ្ធ មានប្រជាពលរដ្ឋជា សេដ្ឋីគ្រប់គ្នានោះទេ ប៉ុន្តែប្រជាពលរដ្ឋធម្មតា និងសេដ្ឋីនោះ សុទ្ធតែអាចរៀន ចប់ថ្នាក់អនុបណ្ឌិត ឬបណ្ឌិតបានដូចគ្នា។

សម្រាប់កម្ពុជាវិញ ការបណ្តុះបណ្តាល ធនធានមនុស្ស គឺកូនអ្នកមាន និងអ្នកក្រ គឺសុទ្ធតែអាចរៀន បានខ្ពស់ដូចគ្នា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិ ថ្មីរបស់គណបក្សប្រជាជន កម្ពុជាដឹកនាំដោយសម្តេច នៅតែយកការបណ្តុះ បណ្តាល និងអប់រំជាមុំទី១ សម្រាប់នយោបាយយុទ្ធ សាស្រ្តចតុកោណ ដំណាក់កាលទី៤។

* សម្តេតេជោ បានបន្ថែមថា សម្រាប់នយោបាយយុទ្ធ សាស្ត្រចតុកោណដំណាក់ ទី៤នេះ គឺរាជរដ្ឋាភិបាលនៅ តែបន្តយកចិត្តទុកដាក់ លើសំណាញ់សុវត្ថិភាពសង្គម ដូចជាការផ្តល់សាច់ ប្រាក់ដល់កម្មការិនី មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធជាដើម នៅពេលពួកគេ សម្រាលកូន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអប់រំនាពេលបច្ចុប្បន្ន កំពុងតែបាញ់ឆ្ពោះទៅ លើការអប់រំនៅតាម ទីជនបទ ដោយដាក់ចេញគោល ដៅភូមិមួយមានសាលាមួយ និងស្រុកមួយមាន វិទ្យាល័យច្រើន និងខេត្តមួយត្រូវមាន សាកលវិទ្យាល័យរដ្ឋមួយ។

* សម្តេចនាយករដ្ឋមន្ត្រី នៅតែបង្ហាញការព្រួយបារម្ភ ចំពោះចំនួននិស្សិតជានារី ដែលមានកម្រិតទាបជាង បុរសនៅថ្នាក់ឧត្តមសិក្សា ដែលត្រូវមានការគិតគូរ និងយកចិត្តទុកដាក់ បន្ថែមទៀត។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ពីដើមមានតែកម្ពុជាបញ្ជូន និស្សិតទៅសិក្សា នៅក្រៅប្រទេស តែបច្ចុប្បន្នមានបរទេស ជាច្រើនបានមករៀននៅ តាមសាកលវិទ្យាល័យរបស់កម្ពុជា មានដូចជា បារាំង ចិន កូរ៉េ ជប៉ុន ម៉ារ៉ុក អង់គ្លេស ម៉ាលី និងអង់គ្លេសផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងជំរុញឲ្យ គ្រឹះស្ថានអប់រំ បន្តយកចិត្តទុកដាក់ពង្រឹង ការអប់រំបន្ថែមទៀត។

* សម្តេចប្រមុខរាជ រដ្ឋាភិបាលបន្តថា យុវជនសម័យសុខសន្តិភាព នេះមានឱកាសច្រើន ណាស់ក្នុងការស្វែង រកការអប់រំ ខុសគ្នាឆ្ងាយពីយុវ ជនក្នុងសម័យសង្គ្រាម ដែលគ្មានផ្លូវជ្រើស រើសនោះឡើយ ក្រៅតែពីការចូល បម្រើកងទ័ព។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកឡើងវិញ ពីការសម្រេចចិត្តធ្វើ ការតស៊ូទៅក្រៅប្រទេស ដើម្បីផ្តួលរំលំរបប ប្រល័យពូជសាសន៍កាល ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលសម្រេចចិត្ត ចេញតស៊ូដំបូងក្នុងវ័យត្រឹម ២៥ឆ្នាំនោះ សម្តេចមាន ជម្រើសចំនួន៤ រួមមាន៖ ការតស៊ូនៅក្នុងស្រុក មិនចេញទៅណាឲ្យប៉ុលពត ចាប់ទៅសម្លាប់ ការធ្វើអត្តឃាតខ្លួនឯង និងចុងក្រោយគឺការ ភៀសខ្លួនទៅក្រៅ ប្រទេស ហើយតស៊ូពីក្រៅ ប្រទេសមកវិញ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យុវជនសម័យនេះ មានឱកាសច្រើនណាស់ ដូច្នេះត្រូវរួមគ្នាថែរក្សា ឲ្យបាននូវសុខសន្តិភាព ហើយត្រូវប្រើប្រាស់ ឱកាសក្នុងពេលមានសុខ សន្តិភាពនេះឲ្យបានត្រឹមត្រូវ។

* សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការលើក ឡើងរបស់លោក សម រង្ស៊ី និងអតីតមេកដឹកនាំ អតីតបក្សសង្គ្រោះ ជាតិថា បក្សនយោបាយថ្មី សុទ្ធតែបង្កើតដោយសម្តេចនោះ គឺជាការមើលស្រាលមួយ ចំពោះបក្សនយោ បាយទាំងនោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទឹកចិត្តឪពុកម្តាយ ដូចគ្នាទាំងអស់ មិនខុសគ្នានោះទេ គឺរីករាយណាស់នៅពេល កូនចៅបានបញ្ចប់ ការសិក្សា។

សម្តេចបានរំលឹកថា សម្តេចរីករាយខ្លាំងណាស់ ពេលដែលកូនប្រុស គឺលោក ហ៊ុន ម៉ាណែត រៀនថ្នាក់ទី១ ទទួលបានចំណាត់ ថ្នាក់លេខ៣ ហើយយកប័ណ្ណសរសើរ មករក្សាទុក ហើយពេលកូនបានចូល ដល់វិទ្យាល័យ ក៏ដូចជារៀនដល់សាកល វិទ្យាល័យយោធាអាមេរិក គឺសម្តេចលួចសប្បាយ លួចញញឹមក្នុង ចិត្តតែម្នាក់ឯង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវធ្វើសកម្មភាពព្រមគ្នា ដើម្បីធានាដល់ការរក្សា បានម៉ាក្រូសេដ្ឋកិច្ច និងកម្រិតជីវភាពរបស់ ប្រជាពលរដ្ឋ មិនត្រូវធ្លាក់ចុះ។

សម្តេចនាយករដ្ឋមន្ត្រីថា ដើម្បីរក្សាបាននូវស្ថាន ភាពល្អប្រសើរនេះ ត្រូវតែរក្សាឲ្យបាននូវ សុខសន្តិភាព។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ២០១៨នេះ ត្រូវតែរួមគ្នាជំរុញសេដ្ឋកិច្ច  ជាតិឲ្យបាន ៧ភាគរយ តែក៏ត្រូវរួមគ្នាត្រៀម ការពារទឹកជំនន់។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ មិនមែនជាចំណាប់ខ្មាំង របស់ក្រុមណាមួយ នោះទេ ត្រូវតែចូលរួម បោះឆ្នោតទាំងអស់គ្នា ដើម្បីរួមគ្នារក្សា បាននូវសន្តិភាព និងដំណើរការលទ្ធិ ប្រជាធិបតេយ្យ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែង សុន្ទករថានៅវេលា ម៉ោង៨៖៤៥នាទីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨, សូមអរគុណចំពោះ ការទស្សនាការផ្សាយផ្ទាល់៕

ដកស្រង់ពី៖  Fresh News