បណ្តាញសង្គម

រសៀលនេះសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញបិទកីឡាជាតិលើកទី២ជាមួយផ្ទាំងទស្សនីយភាពដ៏អស្ចារ្យមិនចាញ់ពិធីបើកឡើយ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨នេះ នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទព្រឹត្តិការណ៍កីឡាជាតិលើកទី២ បន្ទាប់ពីដំណើរការប្រកួតអស់រយៈពេល ១១ថ្ងៃកន្លងទៅ។ ពិធីបិទនេះ នឹងធ្វើឡើងតាមស្ដង់ដារពិធីបិទកីឡាស៊ីហ្គេម ជាមួយការរៀបចំផ្ទាំងទស្សនីយភាពដ៏អស្ចារ្យជាច្រើន មិនចាញ់ពិធីបើកកាលពីថ្ងៃទី២៥ ខែឧសភា កន្លងទៅថ្មីៗនេះឡើយ។

សូមបញ្ជាក់ថានៅព្រឹកថ្ងៃទី០៤ ខែមិថុនានេះ គឺជាថ្ងៃចុងក្រោយ ដែលអត្តពលិកមកពីរាជធានី-ខេត្ត និងក្រសួងទាំង២៨ បញ្ចប់បេសកកម្មប្រកួតកីឡាជាតិលើកទី២ លើប្រភេទកីឡាទាំង ២៧ប្រភេទ បន្ទាប់ពីពិធីបើកការប្រកួតផ្លូវការ ដែលរៀបចំឡើងក្រោមអធិតបីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ពិសេសគឺការព្រះរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះអង្គរបានប្រោសព្រះរាជទានភ្លើងគប់ ដើម្បីប្រារព្ធពិធីបើកផ្លូវការ កាលពីថ្ងៃទី២៥ ខែឧសភាកន្លងទៅ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឲ្យដឹងថា ពិធីបិទកីឡាជាតិ ដែលរៀបចំនៅពហុកីឡដ្ឋានជាតិនេះ នឹងមានក្បួនដង្ហែរ និងការសម្ដែងជាច្រើន ពិសេសគឺទស្សនីយភាពដ៏អស្ចារ្យស្ដីពី «សន្ដិភាព និងការអភិវឌ្ឍន៍» ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បះ ហើយក៏មានការចូលរួមពីតារាចម្រៀងល្បីៗ។

លើសពីនេះ ក៏មានការបាញ់កាំជ្រួចតាមចង្វាក់ភ្លេងស្ដង់ដារអន្ដរជាតិយ៉ាងកក្រើក ដើម្បីអបអរសាទរពិធីបិទការប្រកួតផ្លូវការ ក្រោយសម្ដេចតេជោ ហ៊ុន សែន បញ្ចប់ការថ្លែងសុន្ទរកថា និងពិធីពន្លត់ភ្លើងគប់ផងដែ។ ជារួមព្រឹត្តិការណ៍ថ្ងៃនេះ គឺមិនចាញ់ពិធីបើក ដែលបានចំណាយលើការរៀបចំអស់ជាង ៣០ម៉ឺនដុល្លារឡើយ។

សម្រាប់លទ្ធផលបណ្ដោះអាសន្នគិតត្រឹមល្ងាចថ្ងៃទី០៣ ខែមិថុនា នៃការប្រកួតកីឡាជាតិ លើកទី២ គឺក្រុមអត្តពលិកក្រសួងមហាផ្ទៃ កំពុងឈរកំពូលតារាងមេដាយ ដោយដណ្ដើមបានមេដាយសរុប ១៣៨គ្រឿង មានមេដាយមាស៧៩, ប្រាក់៣៦ និងសំរឹទ្ធ២៣ ហើយរាជធានីភ្នំពេញ ដែលធ្លាប់ឈ្នះមេដាយច្រើនជាងគេកាលពីកីឡាជាតិ លើកទី១ ឈរលេខរៀងទី២ មានមេដាយមាស៣៧, ប្រាក់៣៥ និងសំរឹទ្ធ៤៣ សរុប១១៥គ្រឿង។ ចំណែកក្រសួងការពារជាតិ ឈរលេខ៣ ដណ្ដើមបានមេដាយមាស៣១, ប្រាក់១៧ និងសំរឹទ្ធ១៣ សរុប៦១គ្រឿង។ រីឯខេត្តដែលគ្មានមេដាយសោះ គឺខេត្តប៉ៃលិន ដែលឈរបាតតារាងតែម្ដង៕

ដកស្រង់ពី៖FRESH NEWS