បណ្តាញសង្គម

លោក ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋសិង្ហបុរី

(សិង្ហបុរី)៖ នៅវេលាម៉ោង២៖៣០នាទី រសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ ដែលជាថ្ងៃទី១ នៃដំណើរទសន្សកិច្ចសិក្សា ផ្លាស់ប្តូរបទពិសោធន៍ «លីក្វាន់យូរ», លោក ហ៊ុន ម៉ាណែត បានជួបសម្តែងការគួរសម និងពិភាក្សាការងារជា មួយលោកបណ្ឌិត អ៊ឹង អេង ហេន (Dr Ng Eng Hen) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋសិង្ហបុរី ។

ក្នុងជំនួបនេះ រដ្ឋមន្រ្តីការពារជាតិ នៃសាធារណរដ្ឋសិង្ហបុរី បានកោតសសើរចំពោះការ រីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោយពេលដែលប្រទេសនេះ ទទួលបានសន្តិភាពពេញលេញ ហើយលោកក៏បាន ថ្លែងអំណរគុណដល់ប្រទេសកម្ពុជា ដែលតែងតែគាំទ្រ និងជាដៃគូដ៏ល្អក្នុងការថែ រក្សាសន្តិសុខក្នុងតំបន់។

លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ដល់ប្រទេសសិង្ហបុរី ដែលតែងតែយកចិត្តទុក ដាក់ក្នុងការបណ្តុះបណ្តាល ធនធានមនុស្ស និងជាដៃគូសហប្រតិបត្តិការដ៏ល្អ ហើយសង្ឃឹមថាប្រទេសទាំងពីរ នឹងពង្រឹងទំនាក់ទំនង ក្នុងវិស័យសន្តិសុខ កាន់តែល្អប្រសើរនាពេលអនាគត។

សូមបញ្ជាក់ថា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះ និងជាមេបញ្ជាការរងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បាននិងកំពុងបំពេញ ទស្សនកិច្ចនៅប្រទេសសិង្ហបូរី ក្នុងកម្មវិធីទស្សនកិច្ច សិក្សាផ្លាស់ប្តូរបទ ពិសោធន៍ «លីក្វាន់យូរ» លើកទី៦៤ រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨។

នៅក្នុងកឡុងពេលទស្សនកិច្ចនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នឹងជួបជាមួយថ្នាក់ដឹកនាំ រួមមាន៖ លោក លី សៀនឡុង (Lee Hsien Loong) នាយករដ្ឋមន្រ្តី នៃប្រទេសសិង្ហបូរី, លោក ហ្គោ ចុកតុង (Emeritus Senior Minister Goh Chok Tong) អតីតនាយករដ្ឋមន្រ្តី ប្រទេសសិង្ហបូរី និងលោកបណ្ឌិត អ៊ឹង អេង (Dr Ng Eng Hen) រដ្ឋមន្ត្រីការពារជាតិសិង្ហបូរី និងឥស្សរជនសំខាន់ៗ នៃសាធារណ រដ្ឋសិង្ហបុរីផងដែរ៕

ដកស្រង់ពី៖ Fresh News