បណ្តាញសង្គម

កម្ពុជា-ស៊ុយអែត រួមគ្នាពង្រីកព័ត៌មានការងារ ឱ្យដល់អ្នកស្វែងរកការងារកាន់តែធំជាងមុន ក្រោយឃើញថា ព័ត៌មានការងារនៅកម្ពុជា ហាក់មិនទាន់ទូលំទូលាយ

(ភ្នំពេញ)៖ បន្ទាប់ពីលទ្ធផលអង្កេត ការណ៍ស្ដីពីកង្វះ និងគម្លាតជំនាញក្នុង ទីផ្សារការងារកម្ពុជា ឆ្នាំ២០១៧ បង្ហាញថា ព័ត៌មានអំពីទីផ្សារ ការងារដែលផ្សព្វផ្សាយ ទៅកាន់អ្នកស្វែងរកការងារធ្វើ ហាក់នៅមិនទាន់ ទូលំទូលាយរួចមក ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ នឹងសហការជាមួយ ប្រទេសស៊ុយអែត ដើម្បីអនុវត្តយន្តការពង្រីកព័ត៌មានការងារ ឱ្យដល់អ្នកស្វែងរកការងារ ពិសេសយុវជនកាន់ តែធំជាងមុន។

ការប្ដេជ្ញានេះ ត្រូវបានធ្វើឡើងក្នុងពិធីផ្សព្វ ផ្សាយលទ្ធផលអង្កេតនិយោជកស្តីពី កង្វះ និងគម្លាតជំនាញនៅ ក្នុងទីផ្សារការងារកម្ពុជា ឆ្នាំ២០១៧ និងរបាយការណ៍ស្តីពី ទស្សនវិស័យការងារ ឆ្នាំ២០១៨ ក្រោមអធីបតីភាពលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងជាប្រធានគណៈ កម្មាធិការជាតិបណ្តុះបណ្តាល និងលោកស្រី ម៉ារៀ សាគ្រិន ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំកម្ពុជា នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងការងារ។

របាយការណ៍ទាំងពីរនេះ ត្រូវបានធ្វើការអង្កេត វិភាគ បោះពុម្ព និងផ្សព្វផ្សាយដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ ក្រោមគម្រោងស្តីពី ការគាំទ្រដល់ការអភិវឌ្ឍជំនាញ និងការងារសម្រាប់យុវជននៅកម្ពុជា ផ្តល់ហិរញ្ញប្បទានដោយទីភ្នាក់ងារ សហប្រតិបត្តិការអភិវឌ្ឍន៍ អន្តរជាតិស៊ុយអែត (SIDA) និងអនុវត្តដោយទីភ្នាក់ងារ ផ្តល់សេវាការងារសាធារណស៊ុយអែត (Arbetsformedlingen)។

លោកស្រី ម៉ារៀ សាគ្រិន បានលើកឡើងថា «ប្រទេសស៊ុយអែត តាមរយៈទីភ្នាក់ងារផ្តល់សេវា ការងារសាធារណស៊ុយអែត បានសហការជាមួយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាំងពីឆ្នាំ២០១២ ដើម្បីគាំទ្រដល់ ការអភិវឌ្ឍជំនាញ និងការងារសម្រាប់យុវជន។

ជាក់ស្តែង របាយការណ៍ទាំងពីរ ដែលផ្សព្វផ្សាយថ្ងៃនេះ គឺជាផ្នែកមួយនៃកិច្ច សហប្រតិបត្តិការនេះ។ វាគឺជាប្រភពព័ត៌មាន ដែលអាចជឿទុកចិត្តបាន និងមានសារប្រយោជន៍សម្រាប់អ្នកស្វែងរកការងារធ្វើ ជាពិសេសយុវជនអាចស្វែង រកការងារបានកាន់តែល្អប្រសើរ នាពេលខាងមុខ»។

លោក អ៊ិត សំហេង បានបន្តថា លទ្ធផលនៃការធ្វើអង្កេតនេះ ពិតជាមានសារសំខាន់ណាស់ ក្នុងការផ្តល់ព័ត៌មានអំពី ស្ថានភាពទីផ្សារការងារ នាពេលបច្ចុប្បន្ន ទៅដល់ភាគីពាកព័ន្ធនានា និងរួមចំណែកពង្រឹងប្រព័ន្ធ ព័ត៌មានទីផ្សារការងារនៅកម្ពុជា ទាំងមូលឲ្យដំណើរការពេញលេញ ពិសេសយុវជន និងអ្នកស្វែងរកការងារអាច ត្រៀមខ្លួនបានកាន់តែប្រសើរ ស្របតាមតម្រូវការរបស់ទីផ្សារការងារ។

ការបន្តរក្សាបាននូវសន្តិភាព ស្ថិរភាពពេញលេញទូទាំងប្រទេស នាំឲ្យកម្ពុជាបន្តទាក់ទាញ បាននូវវិនិយោគិនកាន់តែល្អ និងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងរយៈពេល២ទសវត្សរ៍កន្លងមកនេះ នាំឱ្យកម្ពុជាអាចបង្កើត ការងារថ្មីកាន់តែប្រសើរជាច្រើន និងបន្តរក្សាការងារដែល មានស្រាប់ជូនប្រជាពលរដ្ឋ ជាពិសេសយុវជនដែលដល់ អាយុធ្វើការចំនួនប្រមាណ ៣សែននាក់ ក្នុងមួយឆ្នាំៗ។

កត្តានេះនាំឱ្យកម្ពុជាយើង ក្នុងពេលបច្ចុប្បន្ននេះ មានអត្រាមានការងារ ធ្វើខ្ពស់រហូតដល់កម្រិត ៩៩.៣% ស្មើនឹងប្រមាណជិត១០លាននាក់ ហើយអត្រាគ្មានការងារ ធ្វើត្រូវបានកាត់បន្ថយមកត្រឹមកម្រិតទាប ០.៧%។

លោកថ្លែងថា ក្នុងចំណោមអ្នកមានការងារ ធ្វើសរុបទាំងអស់មានចំនួនជិត ១.៥លាននាក់ ធ្វើការនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ, ជាង២.៤លាននាក់ នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ជាង៤លាននាក់ នៅក្នុងវិស័យកសិកម្ម, ១.២លាននាក់ ធ្វើការនៅក្រៅប្រទេស, និងចំនួនជាង០.៥លាននាក់ ជាមន្រ្តីសាធារណៈ។

ប៉ុន្តែការរីកចម្រើនសេដ្ឋកិច្ច សង្គមដ៏ឆាប់រហ័សនេះ នាំឲ្យទីផ្សារការងារនៅ កម្ពុជាមានជីវភាពខ្លាំង ដែលបណ្តាលឲ្យមានការ កើតឡើងនូវកង្វះ និងគម្លាតជំនាញ ដោយសារយន្តការគាំទ្រដោយលំហូរព័ត៌ មានរវាងភាគីពាក់ព័ន្ធ ជាពិសេសអ្នកស្វែងរកការងារ និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល មិនទាន់ត្រូវបានអភិវឌ្ឍល្អពេញលេញ។

លោកបន្តថា ដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាលបានយក ចិត្តទុកដាក់ខិតខំដោះស្រាយ តាមរយៈការអនុវត្តគោល នយោបាយទីផ្សារការងារសកម្ម ដោយបង្កើតឱ្យមានឡើងនូវប្រព័ន្ធព័ត៌មាន ទីផ្សារការងារជាតិមួយ គឺទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលដើរតួនាទីក្នុងការប្រមូល វាយតម្លៃ និងផ្តល់ព័ត៌មាន ទីផ្សារទូលំទូលាយ សំដៅធ្វើឱ្យមានតម្លាភាពទូទាំងប្រទេស ពាក់ព័ន្ធនឹងការផ្គត់ផ្គង់ និងតម្រូវការនៅលើទីផ្សារការងារ ផ្តល់ភាពងាយស្រួលឆាប់ រហ័សដល់អ្នកស្វែងរកការងារ និងនិយោជកក្នុង ការទទួលបានព័ត៌មាន និងការផ្គូរផ្គងរវាងឱកាសការងារ និងដំណឹងជ្រើសរើស កម្លាំងពលកម្ម ព្រមទាំងផ្តល់ការគាំទ្រផ្សេងទៀត ដើម្បីជួយឱ្យទីផ្សារការ មានដំណើរការកាន់តែប្រសើរ។

យោងតាមលទ្ធផល អង្កេតនិយោជកលើកទី៤ ស្តីពីកង្វះ និងគម្លាតជំនាញ នៅក្នុងទីផ្សារការងារ ឆ្នាំ២០១៧នេះ បង្ហាញថា ៧៧.៩% នៃនិយោជកនៅក្នុងវិស័យសណ្ឋាគារ និងការស្នាក់នៅកំពុងជួបបញ្ហា លំបាកក្នុងការជ្រើសរើសបុគ្គលិក។

ចំណែកឯវិស័យដទៃទៀត គឺស្ថិតក្នុងអត្រា ៦៤.១% ក្នុងវិស័យឡូជីស្ទីកនិងការដឹកជញ្ជូន, សុខាភិបាល ៥៨.៣%, អប់រំ និងបណ្តុះបណ្តាល ៥៣.០%, កែច្នៃម្ហូបអាហារ និងភេសជ្ជៈ ៥១.៧%, ហិរញ្ញវត្ថុ និងធានារ៉ាប់រង ៥០.៧%, ព័ត៌មានវិទ្យា ៣៦.៥%, សំណង់ ៣៤.៤%, វាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ២០.៩%, និងផលិតកម្មកៅស៊ូ និងផ្លាស្ទីក ៧.៣%។ កត្តាចម្បងដែលនាំឱ្យ និយោជកជួបប្រទះការលំបាក ក្នុងការជ្រើសរើសកម្លាំង ពលកម្មគឺបណ្តាលមកពី បេក្ខជនគ្មានជំនាញ បច្ចេកទេសតាមតម្រូវការ, មានការប្រកួតប្រជែងខ្លាំង ក្នុងចំណោមនិយោជក ក្នុងការជ្រើសរើស, កង្វះបពិសោធន៍ការងារ និងបេក្ខជនដាក់ពាក្យស្វែង រកការងារមានចំនួនតិច។

ជំនាញសំខាន់ៗដែលអ្នកស្វែង រកការងារមានការខ្វះខាត រួមមាន៖ ជំនាញភាសាបរទេស, ជំនាញបច្ចេកទេស, ការបម្រើសេវាអតិថិជន, ការនិយាយស្តី, ការបំពេញការងារជាក្រុម, ការដោះស្រាយបញ្ហា, និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន។ ទន្ទឹមនេះ ទិន្នន័យដែលប្រមូលបានពីការ អង្កេតនេះបានផ្តល់លទ្ធភាពឱ្យ NEA ធ្វើការវិភាគព្យាករណ៍ និងផលិតជារបាយការណ៍មួយទៀតស្តីពី ទស្សនវិស័យការងារកម្ពុជា ឆ្នាំ២០១៨ ដែលបង្ហាញអំពីការវិវត្ត របស់ទីផ្សារការងារនៅកម្ពុជា ដោយផ្តោតសំខាន់ទៅលើ ឱកាសការងារតាមប្រភេទ នៃមុខរបរ។ លទ្ធផលនៃរបាយការណ៍ នេះបានបង្ហាញថា ប្រភេទការងារដែលអាចឲ្យ អ្នកស្វែងរកការងារងាយ នឹងទទួលបាននោះ មានដូចជាវិស្វករឧស្សាហកម្ម និងផលិតកម្ម, វិស្វករទូរគមនាគមន៍, អ្នកឯកទេសផ្នែកវិទ្យុសាស្រ្ត និងថតកាំរស្មីអ៊ិច, អ្នកបកប្រែអត្ថបទនិងអ្នកបកប្រែផ្ទាល់មាត់, អ្នកបច្ចេកទេសផ្នែកសេវាគាំទ្រព័ត៌មានវិទ្យា, វិស្វករគីមី, អ្នកបញ្ជាម៉ាស៊ីនចំហ៊ុយទឹក, ជាងធ្វើកញ្ចក់, ជាងដំឡើងបំពង់ទុយោ និងបំពង់បង្ហូរ និងអ្នកតម្លើងម៉ាស៊ីនយានយន្ត។ សម្រាប់ព័ត៌មានលម្អិត សាធារណជនអាចចូលគេហទំព័ររបស់ NEA (www.nea.gov.kh/kh/nea/survey) ដើម្បីទាញយករបាយការណ៍ទាំងពីរនេះ៕

ដកស្រង់ពី៖ Fresh News