បណ្តាញសង្គម

សម្ដេចតេជោ ហ៊ុន សែន៖ ​មិត្តចិនបានរួមចំណែកតភ្ជាប់ផ្ទៃក្នុង​​កម្ពុជា ក្នុងការធ្វើដំណើរពី​ភ្នំពេញ ទៅកាន់បណ្តាខេត្ត

(កំពង់ធំ)៖ ក្នុងពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៦ ប្រវែងសរុប ២៤៨.៥៣គីឡូម៉ែត្រ ចាប់ពីថ្នល់កែង ខេត្តកំពង់ចាម ដល់អង្រ្គង ខេត្តសៀមរាប ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា តាមរយៈការជួយសាងសង់ ផ្លូវជាតិលេខ៦នេះ រាជរដ្ឋាភិបាលចិន បានរួមចំណែកតភ្ជាប់ ផ្ទៃក្នុងប្រទេសកម្ពុជា ក្នុងការធ្វើដំណើរពីរាជធានីភ្នំពេញ ទៅកាន់បណ្តាខេត្ត ផ្សេងៗទៀត។

ក្នុងពិធីដែលបានធ្វើឡើង នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ ដោយមានការចូលរួមពី លោក ស្យុង ប៉ូ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាដែរនោះ, សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែឧបត្ថម្ភគាំទ្រចំពោះ ការរីកលូតលាស់របស់ប្រទេសកម្ពុជា ហើយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានសាងសង់ឡើងជាបន្តបន្ទាប់។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមយកឱកាសនេះ តាមរយៈឯកឧត្តម ស្យុង ប៉ូ អគ្គរដ្ឋទូតនៃសាធារណៈ រដ្ឋប្រជាមានិតចិន សូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលជានិច្ចជាកាលបានផ្ដល់នូវការឧបត្ថម្ភគាំទ្រ សម្រាប់ការរីកលូតលាស់នៃសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ត្រូវបានផ្ដល់ជាបន្ដបន្ទាប់»។

សម្ដេចនាយករដ្ឋមន្ដ្រី បានបន្ដថា «បើនិយាយពាក់ព័ន្ធជាមួយ នឹងផ្លូវជាតិលេខ៦នេះ មិត្តចិនបានជួយតភ្ជាប់ផ្ទៃក្នុង របស់យើងបានល្អប្រសើរណាស់ បើយើងក្រលែកមើលទៅខាងមុខដែលមិនឆ្ងាយប៉ុន្មានពីទីនេះ ការតភ្ជាប់ក៏បានពី ផ្លូវជាតិលេខ៦នេះ ដែលត្រូវទៅកាន់ខេត្តព្រះវិហារ ដែលផ្ដល់ភាពងាយស្រួល សម្រាប់ការតភ្ជាប់ ពីផ្លូវជាតិលេខ៦ ឆ្លងកាត់ទីរួមខេត្តព្រះវិហារ និងកាត់បណ្ដាស្រុកទៅ កាន់ប្រាសាទព្រះវិហារ ហើយក៏មានផ្លូវតភ្ជាប់ទៅខេត្តសៀមរាប តាមកោះកេរ្ដិ៍»។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានរំលឹកផងដែរថា ផ្លូវជាតិលេខ៦នេះ មានអតីតកាលឈឺចាប់ច្រើន ដែលត្រូវបានកាត់ផ្តាច់ ដោយសារតែភ្លើងសង្គ្រាម ប៉ុន្តែបានប្រែក្លាយជាមោទនភាពនាពេលបច្ចុប្បន្ន ដែលកម្ពុជាអាចបញ្ចប់ បាននូវភ្លើងសង្គ្រាម និងសម្រេចបាន សមិទ្ធផលដ៏ល្អ។

សម្ដេចតេជោ ហ៊ុន សែន បន្ថែមថា សម្តេចនៅតែចងចាំមិនអាច បំផ្លេចបាននូវស្លាកស្នាមពីអតីតកាល ដែលស្រុកស្ទោង ខេត្តកំពង់ធំ និងស្រុកជីក្រែង ខេត្តសៀមរាប គឺជាទីលានសមរភូមិសង្គ្រាមមិន អាចឆ្លងកាត់រកគ្នាបាននោះឡើយ ប៉ុន្ដែបច្ចុប្បន្នកម្ពុជា បានប្រែក្លាយតំបន់អតីត សមរភូមិសង្គ្រាម ទៅជាតំបន់ទីផ្សារ និងការអភិវឌ្ឍ។

យ៉ាងណាមិញ សម្រាប់ដំណើរការសាង សង់ផ្លូវជាតិលេខ៦នេះ សម្តេចតេជោ ហ៊ុន សែន បានអរគុណប្រជាពល រដ្ឋដែលរងផលប៉ះពាល់ ហើយព្រមដកថយ ដើម្បីផ្តល់លទ្ធភាពសាងសង់ផ្លូវនេះ។ សម្ដេចថា ប្រសិនបើមិនមានការគាំ ទ្ររបស់ប្រជាពលរដ្ឋទេ សម្តេចមិនអាចអនុវត្តន៍ នយោបាយឈ្នះឈ្នះ បិទបញ្ចប់សង្គ្រាម នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍដូចពេលបច្ចុប្បន្នឡើយ៕

ដកស្រង់ពី៖  Fresh News