បណ្តាញសង្គម

ក្រសួងការងារ ចាប់ដៃជាមួយសហព័ន្ធនិយោជកក្នុងស្រុក ពង្រីកវិសាលភាពនៃការបណ្ដុះបណ្ដាលជំនាញមេកានិករថយន្ត សំណង់ ការងារ អគ្គីសនី និងកម្មន្តសាល

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា ដើម្បីពង្រីកវិសាលភាពនៃការអប់រំបណ្តុះបណ្តាលជំនាញមេកានិករថយន្ត សំណង់ ការងារ អគ្គីសនី និងកម្មន្តសាល ស្របនឹងគោលនយោបាយជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាល។

 

អនុស្សរណៈនេះ ធ្វើឡើងរវាងលោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ ជាមួយលោក  វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) នៅទីស្ដីការក្រសួងការងារ។

លោក ពេជ សោភ័ន បានឱ្យដឹងថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនេះ ផ្តល់នូវក្របខណ្ឌសម្រាប់ការអភិវឌ្ឍរយៈពេលវែង នៃវិស័យ TVET នៅក្នុងប្រទេស ដើម្បីធានានូវការឆ្លើយតបទៅនឹងតម្រូវការទីផ្សារពលកម្មជំនាញថ្នាក់ជាតិ និងអន្តរជាតិ។ យុទ្ធសាស្រ្តគន្លឹះក្នុងការអនុវត្តគោលនយោបាយ គឺការចូលរួមយ៉ាងសកម្មរបស់វិស័យឯកជន ជាពិសេសឧស្សាហកម្ម តាមរយៈក្រុមប្រឹក្សាជំនាញតាមវិស័យ (SSCs)។

លោកថា ផ្អែកលើបទពិសោធន៍ និងការអនុវត្តរបស់បណ្តាប្រទេសផ្សេងៗ SSCs គឺជាវេទិកាសម្រាប់កំណត់នូវតម្រូវការជំនាញរបស់វិស័យនីមួយៗ និងផ្តល់ឱកាសដល់សមាជិករបស់ខ្លួន ក្នុងការចូលរួមយ៉ាងសកម្មនៅក្នុងការអភិវឌ្ឍន៍ និងការអនុវត្តគោលនយោបាយ និងកម្មវិធីយ៉ាងច្បាស់លាស់ដើម្បីឆ្លើយតបទៅនឹងតម្រូវការជំនាញរបស់ពួកគេនេះ ក្រុមប្រឹក្សាជំនាញតាមវិស័យ នឹងជាដៃគូរក្នុងការអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញ រវាងវិស័យសាធារណៈ និងឯកជន។

ក្នុងការផ្តួចផ្តើមបង្កើតក្រុមប្រឹក្សាជំនាញតាមវិស័យ (SSCs)នៅគ្រប់វិស័យ នឹងជួយក្នុងប្រតិបត្តិការរបស់ខ្លួន ហើយបង្ហាញពីបញ្ហាប្រឈម ដោយសារជាគំនិតនេះសម្រាប់បរិបទកម្ពុជា។ យើងជឿជាក់ថាកម្ពុជា
អាចនឹងមានដំណោះស្រាយ ប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈម ខណៈដែលវិស័យសាធារណៈ និងវិស័យឯកជនធ្វើការជាមួយគ្នា។ ក្នុងនាមជាសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា តំណាងឲ្យសមាគមឧស្សាហកម្ម និងសហគ្រាសនៅក្នុងប្រទេសកម្ពុជា ពិតជារីករាយដែលបាន CAMFEBA ជាដៃគូក្នុងការងារនេះ។

តួនាទី និងការទទួលខុសត្រូវបានកំណត់នៅក្នុងអនុស្សរណៈយោគយល់នេះ។ ដំបូងនឹងបង្កើតក្រុមប្រឹក្សាជំនាញតាមវិស័យ ក្នុងវិស័យចំនួន៤ គឺមេកានិករថយន្ត សំណង់ ការងារ អគ្គីសនី និងកម្មន្តសាល ដែលបច្ចុប្បន្នមានមូលនិធិគាំទ្រ ដោយគម្រោងអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVETSDP)។ ភាគីទាំងពីរនឹងពិចារណាក្រុមប្រឹក្សាជំនាញតាមវិស័យ សម្រាប់វិស័យផ្សេងៗទៀតនៅពេលក្រោយ ជាពិសេសអាស្រ័យលើយោបល់របស់ CAMFEBA។

ក្រុមប្រឹក្សា SSCs នីមួយៗ មានការិយាល័យមួយហៅថា មជ្ឈមណ្ឌលឧត្តមភាព (COE) តាមវិស័យនីមួយៗ ដូចជា៖

* វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជានៅភ្នំពេញ (NPIC) - វិស័យកម្មន្តសាល។
* វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈនៅភ្នំពេញ (PPI) - -វិស័យការងារអគ្គីសនី។
* វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (BIT)នៅខេត្តបាត់ដំបង - -វិស័យមេកានិករថយន្ត។
* វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA)នៅខេត្តសៀមរាប
* វិស័យសំណង់។

បន្ទាប់ពីការចុះអនុស្សរណៈនៃការយោគយល់នេះ នឹងមានចេញនូវប្រកាសមួយក្នុងការបង្កើតក្រុមប្រឹក្សាជំនាញតាមវិស័យ ដែលមានរាយនាមសមាជិកចាប់ផ្តើមដំណើរការ ហើយក៏បើកចំហរទទួលសមាជិកបន្ថែមដើម្បីធ្វើឱ្យ SSC ក្លាយជាតំណាងតាមវិស័យយ៉ាងរឹងមាំ។ កិច្ចប្រជុំមួយនឹងត្រូវបានរៀបចំក្នុងចំណោមសមាជិក SSC ហើយការប្រជុំបានរៀបចំផែនការសកម្មភាពដោយពិចារណាទៅលើវិស័យអទិភាពតាមវិស័យនីមួយៗ។ បន្ទាប់ពីមានប្រកាសរួច នឹងមានការប្រជុំរៀបចំផែនការសកម្មភាពដែលមាន ការគាំទ្រផ្នែកបច្ចេកទេស និងរដ្ឋបាលពីគណៈកម្មការ SSC ដែលមានតំណាងមកពី MLVT និង CAMFEBA ។

ដូច្នេះថ្ងៃនេះយើងចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះដើម្បីចាប់ផ្តើមដំណាក់កាលថ្មីនៃ PPP (Public-private partnership) ដែលមានអត្ថប្រយោជន៍ទៅវិញទៅមក នៅក្នុងការអភិវឌ្ឍន៍កម្លាំងពលកម្ម តាមរយៈក្រុមប្រឹក្សាជំនាញតាមវិស័យ ក្នុងការគាំទ្រគោលនយោបាយជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ហើយរំពឹងថាសេដ្ឋកិច្ចកម្ពុជាកាន់តែមានលក្ខណៈប្រកួតប្រជែង និងកាន់តែរីកចម្រើនបន្ថែមទៀត៕