បណ្តាញសង្គម

ប្រកាសតែងតាំង ប្រធានមន្ទីរ ឧស្សាហកម្ម និងសិប្បកម្ម ខេត្ដព្រះវិហារ

ពិធីប្រកាសតែងតាំង មុខតំណែង ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្ដព្រះវិហារ ត្រូវបានធ្វើឡើង នាព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៤ ក្រោមអធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ រដ្ឋមន្ដ្រី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ព្រមទាំងមានការអញ្ជើញចូលរួម ពីប្រធាន ក្រុមប្រឹក្សាខេត្ដ ឯកឧត្តម ឡុង សុវណ្ណ អភិបាលខេត្ដព្រះវិហារ ឯកឧត្តម អ៊ុំ ម៉ារ៉ា និង ថ្នាក់ដឹកនាំក្រសួង ព្រមទាំងមន្ដ្រីកងកម្លាំង ប្រដាប់អាវុធ មួយចំនួនទៀត ។

នៅក្នុងពិធីប្រកាសតែងតាំង ប្រធាន មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្ដព្រះវិហារ ដែលអង្គភាពនេះត្រូវបានកាត់ចេញ ពីក្រសួងឧស្សាហកម្មរ៉ែ និងថាមពលនោះ អភិបាលខេត្ដព្រះវិហារ បានលើកឡើងពី របាយការណ៍ ក៏ដូចជាសមិទ្ធិផលនានាដែល អាជ្ញាធរខេត្ដព្រះវិហារ សម្រេចបាននាពេល កន្លងទៅ ហើយនឹងបន្ដទិសដៅការងារនៅ ឆ្នាំខាងមុខទៀត ។

នៅក្នុងពិធីនេះ ឯកឧត្តម ទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធិ បានលើកឡើងថា ខេត្ដព្រះវិហារ គឺមានសក្ដានុពលយ៉ាងខ្លាំង លើផ្នែកសេដ្ឋកិច្ច  ហើយការរីកចម្រើន របស់ខេត្ដមួយនេះមាន ការកើនឡើងគួរឱ្យកត់សម្គាល់ បើប្រៀប ធៀបកាលពីពេលកន្លង ទៅរហូតមកដល់ ឆ្នាំ ២០១៤នេះ គឺមកពីការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំខេត្ដ និងមន្ដ្រីពាក់ព័ន្ធនានា។

ឯកឧត្តម ចម ប្រសិទ្ធ បានបញ្ជាក់ទៀតថា បើទោះបីអាជ្ញាធរ ខេត្ដព្រះវិហារបាន សម្រេចនូវសមិទ្ធិផល និងលទ្ធផលការងារ គួរឱ្យកត់សម្គាល់ក៏ដោយនោះ ប៉ុន្ដែ បញ្ហា ប្រឈមមួយចំនួន នៅតែកើតមានឡើង ដែលត្រូវឱ្យថ្នាក់ដឹកនាំ និងមន្ដ្រីពាក់ព័ន្ធ ទាំងអស់ ត្រូវរួមគ្នាដោះស្រាយនាពេល ខាងមុខ ។

សម្រាប់អង្គភាពឧស្សាហកម្ម និងសិប្បកម្ម ដែលមានវត្ដមាននៅ ខេត្ដព្រះវិហារ ខាងលើនេះ ឯកឧត្តម ទេសរដ្ឋមន្ដ្រី បានផ្ដាំផ្ញើ ឱ្យថ្នាក់ដឹកនាំ និងមន្ដ្រីក្រោមឱវាទត្រូវខិត ខំបំពេញការងារ ឱ្យមានប្រសិទ្ធភាព ទាំងលើការគ្រប់គ្រងបុគ្គលិក និងបញ្ហាបច្ចេកទេស ធ្វើយ៉ាងណា ឱ្យការងារប្រព្រឹត្ដទៅ ដោយរលូន ។

ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្ដ្រី ក៏បាន លើកឡើងថា ការប្រកាសសុពលភាព ប្រធាន និងសមាជិកក្រុមប្រឹក្សា ខេត្ដ ក្រុង ស្រុក ត្រូវធ្វើឡើង នាពេលខាងមុខ ដូច្នេះ ថ្នាក់ដឹកនាំទាំងអស់ ត្រូវរួមគ្នាដោះស្រាយ និងអភិវឌ្ឍន៍ខេត្ដមួយនេះ កាន់តែរីកចម្រើន ខ្លាំងឡើង ។

សូមបញ្ជាក់ថា យោងតាមប្រកាស របស់ក្រសួង បានសម្រេចតែងតាំង លោក ហួត គា ជាប្រធានមន្ទីរឧស្សាហកម្ម និង សិប្បកម្ម ខេត្ដព្រះវិហារ ៕