បណ្តាញសង្គម

សម្តេចពិជ័យសេនា ទៀ បាញ់ បំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជនជិត២,០០០នាក់ នៅខេត្តសៀមរាប​

(សៀមរាប)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាអនុប្រធានគណៈ កម្មាធិការកណ្តាល សមាគមអតីត យុវជនកម្ពុជា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ បានអញ្ជើញសំណេះសំណាល និងបំពាក់មេដាយ ការពារជាតិ ជូនដល់អតីតយុទ្ធជន ទូទាំងក្រុងសៀមរាប ចំនួន១,៨៥៥នាក់។

ថ្លែងក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ប្រទេសកម្ពុជាបាន ឆ្លងកាត់នូវសង្គ្រាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបំផ្លិចបំផ្លាញសង្គមជាតិ ខ្ទេចខ្ទីដល់ឬសគល់ ព្រមទាំងបានបន្សល់ ទុកនូវអតីតយុទ្ធជន ដែលជាជនពិការ និវត្តន៍ជន ជនបាត់បង់សមត្ថភាពការងារ និងគ្រួសារយុទ្ធជន ពលីមរណៈជាច្រើន។

ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជានិច្ចជាកាលបានគិតគូដល់សុខទុក្ខ និងជីវភាពរស់នៅរបស់កង កម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ តាមរយៈការ អភិវឌ្ឍមូលដ្ឋាន សម្ភារ ជីវភាព ការចុះសួរសុខទុក្ខដល់ អង្គភាពផងដែរ។

ដោយឡែកចំពោះអតីតយុទ្ធជន យុទ្ធនារី ដែលពលីកម្មដ៏ ធំធេងចំពោះជាតិ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភគាំទ្រជាច្រើន និងបានកសាងផ្ទះជូន អតីតយុទ្ធជនក្រីក្រ តាមរយៈសមាគមអតីតយុទ្ធជនកម្ពុជា បានរាប់រយខ្នងនៅ តាមសហគមន៍ និងផ្តល់អំណោយសប្បុរសធម៌ ដល់អតីតយុទ្ធជនជា ច្រើនទៀតផងដែរ។

ទន្ទឹមនឹងនោះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏ដូចជាអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធនានា បានផ្តល់អាទិភាពដល់អតីតយុទ្ធជន និងក្រុមគ្រួសារក្នុងការទទួលបាន នូវសេវាសាធារណៈផ្សេងៗ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។

សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា ជាមួយសមិទ្ធផលដ៏ធំធេង ដែលសម្រេចបានលើ វិស័យសុខុមាលភាព អតីតយុទ្ធជន និងវឌ្ឍនភាព នៃសមាគមអតីត យុទ្ធជនយ៉ាងណាក៏ដោយ ក៏អតីតយុទ្ធជននៅ មានឧបសគ្គជាច្រើន តម្រូវឲ្យត្រូវតែយកចិត្ត ទុកដាក់ ដោះស្រាយបញ្ហា ទាំងនោះជាបន្តបន្ទាប់ ដោយបន្តពង្រឹង និងពង្រីកសេវា បណ្តុះបណ្តាលជំនាញ និងឥទានជាដើម ដើម្បីឲ្យអតីតយុទ្ធជនទទួល បាននូវសមត្ថភាព និងលទ្ធភាពដើម្បី អភិវឌ្ឍន៍ជីវភាព ឲ្យកាន់តែប្រសើរឡើង បន្ថែមទៀត។

ក្នុងឱកាសនោះផងដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានឧបត្ថម្ភថវិកាដល់ អតីតយុទ្ធជន ចំនួន១,៨៨៥នាក់ ដោយម្នាក់ៗ ទទួលបានថវិកាចំនួន៥ម៉ឺនរៀល។

យោងតាមរបាយការណ៍របស់ លោកឧត្តមសេនីយទោ ស៊ិន ភាត់ មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងសៀមរាប និងជាប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជន កម្ពុជាខេត្តសៀមរាប បានឲ្យដឹងថា បច្ចុប្បន្ននេះ អតីតយុទ្ធជននៅខេត្តសៀមរាបមាន ចំនួន៦,៥១៥នាក់ ក្នុងនោះគ្រួសារពលី មានចំនួន ១,៩១៥គ្រួសារ, ជនមរណៈមានចំនួន២០១នាក់, ជនពិការមានចំនួន២,១២៧នាក់, និវត្តន៍ជនមានចំនួន២,១១៦នាក់ និងជនបាត់បង់ សម្បទាចំនួន១៥៦នាក់ផងដែរ៕

ដកស្រង់ពី៖  Fresh news