បណ្តាញសង្គម

ក្រសួងការងារ នៅតែបញ្ជាក់ថាជំនាញបច្ចេកទេសវិជ្ជាជីវៈ នៅតែមានតម្រូវការខ្ពស់ក្នុងទីផ្សារការងារ ហើយទិវាជាតិ TVET Day នឹងបំភ្លឺប្រាប់មហាជនកាន់តែច្បាស់ពីតម្រូវការនេះ (2)

(ភ្នំពេញ)៖ ក្នុងពិធីបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ (TVET Day) លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងជាអនុប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្តាល នៅតែបញ្ជាក់យ៉ាងច្បាស់ថា ទីផ្សារការងារនៅកម្ពុជានៅតែមានតម្រូវការខ្ពស់នូវកម្លាំងពលកម្មដែលមានជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ហើយទិវាជាតិ TVET Day នេះនឹងឆ្លុះបញ្ចាំងប្រាប់មហាជន ពិសេសយុវជនឱ្យកាន់តែយល់ច្បាស់ថា តម្រូវការក្នុងទីផ្សារការងារត្រូវការអ្វីខ្លះ។

 

ពិធីបើកទិវាជាតិ TVET Day លើកទី១នេះ ត្រូវបានធ្វើឡើងនៅអគារពិព័រណ៍ពាណិជ្ជកម្មកោះពេជ្រ នាថ្ងៃសុក្រ ៣កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា គ.ស២០១៨ ក្នុងនោះមានការចូលរួមតាំងពិព័រណ៍ និងផ្សព្វផ្សាយពីសំណាក់អង្គភាពពាក់ព័ន្ធសរុបចំនួន ៧៣កន្លែងផងដែរ។

លោករដ្ឋលេខាធិការបានឱ្យដឹងថា ទិវាជាតិ TVET Day ត្រូវបានរៀបចំឡើងក្នុងគោលបំណងចំនួន៥ រួមមាន៖
១. ផ្សព្វផ្សាយអំពីសារសំខាន់នៃវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅកម្ពុជានាពេលបច្ចុប្បន្ន។
២. ផ្សព្វផ្សាយណែនាំអំពីមុខជំនាញបច្ចេកទេស និងព័ត៌មានអាហារូបករណ៍ ដែលមាននៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។
៣. តាំងបង្ហាញពីស្នាដៃសិស្ស និស្សិត និងក្រុមហ៊ុនឯកជន។
៤. ជំរុញការផ្លាស់ប្តូរផ្នត់គំនិតមហាជន និងសិស្សានុសិស្សឱ្យងាកមកសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលទីផ្សារការងារកំពុងមានតម្រូវការខ្ពស់។
៥. បង្កើតទំនាក់ទំនងរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ វិស័យឯកជន និងអង្គការជាតិ និងអន្តរជាតិ។

លោកបន្តថា ទិវាជាតិ TVET Day នេះ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ផ្សេងៗទៀត ដែលក្រសួងការងារបាននិងកំពុងខិតខំផ្តួចផ្តើមសម្របសម្រួល និងរៀបចំឡើងជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយអំពីភាពចាំបាច់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជូនដល់មហាជន ជាពិសេសសិស្សនិស្សិត និងយុវជនយុវនារី ដែលតែងតែមានការបារម្ភអំពីការជ្រើសរើសជំនាញ និងគ្រឹះស្ថានសម្រាប់សិក្សាបន្តក្នុងការអភិវឌ្ឍជំនាញ ដែលប្រកបដោយគុណភាព ប្រសិទ្ធភាព ឥរិយាបថការងារ និងសីលធ៌មវិជ្ជាជីវៈ ដើម្បីអាចឈានចូលទៅក្នុងទីផ្សារការងារដោយជោគជ័យ និងទទួលបានប្រាក់ចំណូលកាន់តែប្រសើរ។

ទិវាជាតិនេះដែរ ក៏ជាការប្រមូលផ្តុំនូវភាគីពាក់ព័ន្ធសំខាន់ៗ រួមមាន៖ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្រុមហ៊ុនឯកជន អង្គការ សមាគមន និយោជក និងវាគ្មិនជំនាញ ដែលនឹងផ្តល់ឱកាសដល់ក្មួយៗសិស្សនិស្សិត និងយុវជនយុវនារីបានជួបផ្ទាល់ដើម្បីទទួលបាននូវព័ត៌មាន បទពិសោធន៍ និងមគ្គទេ្ទសអំពីការអប់រំបណ្តុះបណ្តាលជំនាញ ការបង្កើតអាជីព និងជម្រើសការងារសម្រាប់អនាគតរបស់ខ្លួន។

លោក ពេជ សោភ័ន បញ្ជាក់ទៀតថា បច្ចុប្បន្ន ក្រសួងការងារមានគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្រោមឱវាទចំនួន១០២ ក្នុងនោះគ្រឹះស្ថានសាធារណៈមានចំនួន៣៩ និងមានក្រសួងស្ថាប័នរដ្ឋចំនួន១២ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជនមួយចំនួនទៀត ដែលបាននិងកំពុងផ្តល់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

លោក ឡៅ ហ៊ីម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ បានបង្ហាញថា ក្នុងឆ្នាំ២០១៧ កន្លងទៅ ក្រុមមន្ត្រីបានផ្តល់ព័ត៌មានដល់សិស្សានុសិស្ស យុវជន និងសាធារណជនទាំងថ្នាក់ជាតិ និងក្រោមជាតិបានចំនួនសរុប ៤៨,៦៩៣នាក់ តាមរយៈវេទិកាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការចុះផ្សព្វផ្សាយតម្រង់ទិសវិជ្ជាជីវៈដល់សិស្សានុសិស្សសាលាចំណេះទូទៅគ្រប់រាជធានី-ខេត្ត ដោយផ្សព្វផ្សាយតាមខិតប័ណ្ណបានចំនួនសរុប ៨១,៤៩៧សន្លឹក បោះពុម្ពសៀវភៅព័ត៌មានទូទៅរបស់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈបានចំនួន ៣,៣០០ក្បាល ហើយក៏បានធ្វើការផ្សព្វផ្សាយតាមរយៈវិទ្យុ ទូរទស្សន៍ សារព័ត៌មាន បណ្តាញសង្គម ការផលិតជាវីដេអូ និងមធ្យោបាយផ្សេងៗទៀត។

លោក ឡៅ ហ៊ីម បានបន្តថា គិតត្រឹមឆមាសទី១ ឆ្នាំ២០១៨ ការផ្សព្វផ្សាយការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺបានធ្វើការចុះផ្សព្វផ្សាយការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈផ្ទាល់ ជូនដល់សិស្សានុសិស្សសាលាចំណេះទូទៅ និងតាមភូមិភាគតេជោសែនចំនួន៣ គឺភូមិភាគតេជោសែនតាកែវ ភូមិភាគតេជោសែនបាត់ដំបង និងភូមិភាគតេជោសែនស្វាយរៀង និងការចុះតម្រង់ទិសវិជ្ជាជីវៈដល់សាលាចំណេះទូទៅដោយផ្ទាល់របស់អគ្គនាយកដ្ឋាន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈមួយចំនួនទៀត ដែលបានចំនួនសរុប ៩,៧៤៣នាក់ មានសាលាចំណេះទូទៅ (អនុវិទ្យាល័យ និងវិទ្យាល័យចំនួន៥៥) និងបានផ្សព្វផ្សាយតាមរយៈការចែកខិតប័ណ្ណបានចំនួន ១២,៤៦៩សន្លឹក និងការផ្សព្វផ្សាយតាមមធ្យោបាយផ្សេងៗទៀតជាដើម៕

ដកស្រង់ពី៖FRESH NEWS