បណ្តាញសង្គម

សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងមួយខ្សែ នៅក្រុងសិរីសោភ័ណ, នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ទៅបោះឆ្នោតជូនគណបក្សប្រជាជន ដែលមានលេខរៀងទី២០

(បន្ទាយមានជ័យ)៖ នៅព្រឹកអង្គារ៧កើត ខែបឋមសាឍ ឆ្នាំច សរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ប្រធានកិត្តិយសសមាគមមូល និធិមនុស្សចាស់ ខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយ ខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតី ភាពក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវបេតុង១ខ្សែ ប្រវែង២០២០ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៥ ឆ្លងកាត់ភូមិព្រះពន្លា ភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា និងសំណេះសំណាល ជាមួយប្រជាពលរដ្ឋ នៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលមានអ្នក ចូលរួមជាង៤០០០នាក់។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានមតិសំណេះសំណាល និងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំ កំពូលរបស់ជាតិមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចក្រឡាហោម ស ខេង និងសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងថា កម្ពុជាបច្ចុប្បន្នដឹកនាំ ដោយសម្តេចតេជោ ហ៊ុន សែន ប្រទេសជាតិមានការរីក ចម្រើនជាងពេលណាទាំងអស់ ប្រជាពលរដ្ឋរស់នៅ ជាមួយនឹងសិទ្ធិសេរីភាព ជីវភាពធូរធា និងកូនចៅយើងបានរៀន សូត្រចេះដឹងចូលរួមកសាង បាននូវសហគមន៍មូល ដ្ឋានមានសន្តិភាព សុវត្ថិភាព ផ្ទុយស្រឡះពីរបបប៉ុលពត អតីតកាលដែលមាន តែការឈឺចាប់ បែកបាក់ និរាសព្រាត់ប្រាស់ និងអំពើប្រល័យពូជសាសន៍ សាហាវយង់ឃ្នងហួសនឹងថ្លែង។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងអំណរគុណដល់មហាគ្រួសារ អ្នកបន្ទាយមានជ័យ ដែលបានចូលរួមថែរក្សា និងសូមបន្តថែរក្សានូវសន្តិភាពនេះ ឲ្យបានស្ថិតស្ថេរគង់វង្សដើម្បី បន្តការអភិវឌ្ឍសហគមន៍មូលដ្ឋានយើង ឲ្យកាន់តែរុងរឿងសំបូរ សប្បាយ និងជីវភាពកាន់តែធូរធា សូមបងប្អូនទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា នៅលេខរៀងទី២០ «ស្រួលចាំ ស្រួលគិត ស្រួលគូស» នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ឲ្យបានគ្រប់គ្នា ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំនាវាកម្ពុជាឆ្ពោះ ទៅការអភិវឌ្ឍរីក ចម្រើនបន្ថែមទៀត។

ជាវប្បធម៌ចែករំលែក និងគិតគូរពីសុខទុក្ខ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បាននាំយកថវិកានិងអំណោយ ចែកជូនមាន៖

ទី១៖ ជូនប្រជាពលរដ្ឋចំនួន៤០០០នាក់ ម្នាក់ៗ ទទួលបានសារ៉ុង១

ទី២៖ ជូនមនុស្សចាស់ពីអាយុ៧០ឆ្នាំឡើង នៅសង្កាត់ព្រះពន្លាចំនួន៤០៩នាក់ ម្នាក់ៗ ទទួលបាន៖ ថវិកា២ម៉ឺនរៀល សារ៉ុង១ បំពង់ទឹកក្ដៅ១ មី ពិល ទឹកដោះគោ ប្រេងកូឡា ប្រេងខ្យល់ ស្ករស អំបិលអ៊ីយ៉ូតតែ ប្រេងសណ្ដែក កៅអៀក។ ល។

ទី៣៖ ជូនសាលាសង្កាត់ព្រះពន្លា ថវិកា១លានរៀល ទី៤៖ ជូនដល់មណ្ឌលសុខភាពព្រះពន្លា ថវិកា៥០ម៉ឺនរៀល៕

ដកស្រង់ពី៖ Fresh News