បណ្តាញសង្គម

ឥណ្ឌូនេស៊ីនឹងបញ្ជូន អ្នកសង្កេតការណ៍ជាន់ខ្ពស់ពីរក្រុម ចូលរួមសង្កេតការណ៍បោះឆ្នោត នៅកម្ពុជានៅចុងខែកក្កដានេះ

(ភ្នំពេញ)៖ រដ្ឋាភិបាលឥណ្ឌូនេស៊ី នឹងបញ្ជូនអ្នកសង្កេត ការណ៍ជាន់ខ្ពស់ពីរក្រុម មកចូលរួមសង្កេតការណ៍ បោះឆ្នោតនៅកម្ពុជា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

នេះជាការបញ្ជាក់របស់លោក ស៊ូ ឌីរ៉ាម៉ាន់ ហាស់សេន ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា ក្នុងពេលជួបសម្តែងការគួរសម ជាមួយលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ។

អ្នកនាំពាក្យក្រសួង ការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានដកស្រង់សម្តីរបស់លោក ឯកអគ្គរដ្ឋទូតពីក្នុង ជំនួបមកបញ្ជាក់ថា «ឯកឧត្តមឯកអគ្គរដ្ឋ ទូតបានជម្រាបជូនអំពីការ សម្រេចរបស់រដ្ឋាភិបាល ឥណ្ឌូនេស៊ីបញ្ជូនអ្នក សង្កេតការណ៍ចំនួនពីរក្រុម មកចូលរួមសង្កេត ការបោះឆ្នោតទូទៅ នៅកម្ពុជាក្នុងខែកក្កដានេះ ដែលក្រុមមួយដឹកនាំដោយឥស្សរៈ ជនជាន់ខ្ពស់របស់ឥណ្ឌូនេស៊ី ហើយក្រុមមួយទៀត ដឹកនាំដោយអ្នកការទូតជាន់ខ្ពស់ របស់ឥណ្ឌូនេស៊ីមកចូលរួម ជាអ្នកសង្កេតការណ៍ក្នុង ការបោះឆ្នោតនៅកម្ពុជា»។

បើតាមលោក ជុំ សុន្ទរី នៅក្នុងជំនួបនាព្រឹកមិញនេះ លោកឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ក៏បានបញ្ជាក់ពីបំណង នៃការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិលើ វិស័យផ្សេងៗទៀតជាមួយកម្ពុជា ឲ្យកាន់តែល្អប្រសើរ។

ជាពិសេស បញ្ជាក់ជំហររបស់ រដ្ឋាភិបាលឥណ្ឌូនេស៊ី ពីការគោរពអធិបតេយ្យ ភាពរបស់កម្ពុជា និងមិនលូកដៃចូលជ្រៀត ជ្រែកកិច្ចការផ្ទៃក្នុង របស់កម្ពុជានោះឡើយ។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រអាណត្តិទី៦ នឹងឈានចូលមកដល់នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដោយមានគណៈ នយោបាយចំនួន២០ចូលរួមប្រកួតប្រជែង ជាមួយចំនួនអ្នកបោះឆ្នោតនៅ លើបញ្ជីឈ្មោះបោះឆ្នោត ជាង៨.៣លាននាក់។

សម្រាប់ការបោះឆ្នោតជ្រើស រើសតំណាងរាស្ត្រអាណត្តិថ្មី មានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិជាច្រើន បានចុះឈ្មោះចូលរួម សង្កេតការណ៍ដំណើរការ បោះឆ្នោតនេះផងដែរ។

តាមរយៈការចូលរួមដ៏ច្រើន របស់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិនេះ គឺជាចំណែកមួយបង្ហាញ ឲ្យឃើញពីតម្លាភាព និងយុត្តិធម៌ នៃដំណើរការបោះឆ្នោត នៅក្នុងប្រទេសកម្ពុជា តាមរបបលទ្ធិប្រជាធិបតេយ្យ ដែលកម្ពុជាបានរកបាន មកដោយលំបាក និងប្រឹងប្រែង ប្រកាន់ខ្ជាប់រយៈពេល ២៥ឆ្នាំមកហើយ៕

ដកស្រង់ពី៖  Fresh News