បណ្តាញសង្គម

រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បង្ហាញពីការអភិវឌ្ឍវិស័យមុខងារសាធារណៈនៅកម្ពុជា តាមរយៈការធ្វើបាឋកថា នៅសាលាភូមិន្ទរដ្ឋបាល​

(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ បានរៀបចំបាឋកថាស្តីពី «ការអភិវឌ្ឍវិស័យមុខងារសាធារណៈកម្ពុជា» ក្រោមអធិបតីភាព លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងមានការចូលរួម ពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួង មុខងារសាធារណៈ និងយុវជន សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យមុខងារសាធារណៈ ប្រមាណ៣០០នាក់ នៅសាលសហសិក្សា សាលាភូមិន្ទរដ្ឋបាល។

ការរៀបចំបាឋកថានេះ គឺមានគោលបំណងដើម្បី ពង្រឹងសមត្ថភាព និងពង្រីកការយល់ដឹង បន្ថែមជូនដល់យុវជន និងមន្ត្រីរាជការក្រសួង និងដើម្បីចែករំលែក ពីកិច្ចខិតខំប្រឹងប្រែង អស់រយៈពេល៥ឆ្នាំ (២០១៣-២០១៨) នៃការងារកែទម្រង់ រដ្ឋបាលសាធារណៈ ដែលមានក្រុមការងារកែ ទម្រង់រដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈ ជាសេនាធិការ។

លោករដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ បានគូសបញ្ជាក់ជូនអង្គពិធីថា ក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកប ដោយចក្ខុវិស័យត្រឹមត្រូវ និងវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋលេខាធិការដ្ឋាន មុខងារសាធារណៈ ត្រូវបានដំឡើងជា ក្រសួងមុខងារសាធារណៈ នៅឆ្នាំ២០១៣ ដែលក្នុងនោះបានរួមបញ្ចូល អតីតអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល និងសាលាភូមិន្ទរដ្ឋបាល ស្ថិតក្នុងក្រសួងតែមួយ។

លោក ពេជ្រ ប៊ុនធិន បានលើកឡើងថា ការងារកែទម្រង់បាន ចាក់ឫសគល់យ៉ាងជ្រៅ នៅក្នុងកិច្ចដំណើរការអភិវឌ្ឍ ប្រទេសចាប់តាំងពីពេល ក្រោយការរំដោះប្រទេស ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានឆ្លងកាត់ការកែទម្រង់ របបសេដ្ឋកិច្ចជាតិ ពីសេដ្ឋកិច្ចផែនការ ទៅជាសេដ្ឋកិច្ចទីផ្សារ ខណៈដែលស្ថាប័ននយោបាយ កំពុងផ្លាស់ប្តូរជាបណ្តើរៗ និងបានបន្តរហូតការដាក់ឲ្យ ដំណើរការគ្រប់ជ្រុងជ្រោយ នូវកម្មវិធីកែទម្រង់ ទៅតាមគ្រប់វិស័យ ឲ្យស្របទៅតាមឧត្ត មានុវត្តន៍ជាអន្តរជាតិ រហូតដល់បច្ចុប្បន្ន។

សមិទ្ធផលទាំងអស់នេះ មិនអាចកើតមានដោយឯកឯង ឬគ្មានការលះបង់កម្លាំងកាយ ចិត្តបានឡើយពីសំណាក់ យុវជនជំនាន់មុនៗ។

សមិទ្ធផលទាំងអស់ ជាសមិទ្ធផលជាក់ស្តែង ដែលបានឃើញទាំងអស់គ្នា មានដូចជា៖ កម្ពុជាជាប្រទេសមានចំណូល មធ្យមកម្រិតទាប បន្ទាប់ពីសម្រេចបាន កំណើនសេដ្ឋកិច្ចជាមធ្យម៧% ក្នុងរយៈពេល២០ឆ្នាំកន្លងទៅ ហើយគ្រោងសម្រេចឲ្យបានជាប្រទេស ដែលមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិត ខ្ពស់នៅឆ្នាំ២០៥០។

សម្រេចបាននូវការដំឡើង ប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់ឤវុធ ច្រើនជាង១លានរៀល ចាប់ពីឆ្នាំ២០១៨ ក្នុងនោះគ្រូបង្រៀន និងគ្រូពេទ្យទទួលបានច្រើនជាង ១លាន១សែនរៀល គឺប្រហាក់ប្រហែលប្រទេស ភាគច្រើនក្នុងតំបន់ និងអត្ថប្រយោជន៍ ផ្សេងៗទៀត ព្រមទាំងបើកបៀវត្ស បានទាន់ពេលវេលា។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ក្នុងក្របខ័ណ្ឌ នៃការជំរុញការអនុវត្តកម្មវិធី កំណែទម្រង់រដ្ឋបាលសាធារណៈរាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៥ នៃរដ្ឋសភា បានគូសបញ្ជាក់ក្នុងយុទ្ធ សាស្រ្តចតុកោណដំណាក់ កាលទី៣ និងបានដាក់ចេញនូវចក្ខុ វិស័យច្បាស់លាស់ គឺការកសាងរដ្ឋបាល សាធារណៈឲ្យកាន់តែ មានភាពឆ្លើយតប មានប្រសិទ្ធភាព ប្រសិទ្ធផល និងជំនឿទុកចិត្ត ព្រមទាំងលើកកម្ពស់ វប្បធម៌សេវាសាធារណៈ ឆន្ទៈម្ចាស់ការ ភក្តីភាព និងមនសិការវិជ្ជាជីវៈ របស់មន្រ្តីរាជការ ដើម្បីប្រែក្លាយរដ្ឋបាល សាធារណៈឲ្យទៅជាអ្នកផ្តល់ សេវាសាធារណៈដ៏មានប្រសិទ្ធ ភាពក្នុងគោលដៅរួម គឺបម្រើប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរឡើង។

ដូចនេះ ការលើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាពការងាររបស់មន្រ្តីរាជការ ជាថ្នាក់ដឹកនាំក្នុងការបង្កើន សមត្ថភាពរដ្ឋបាល សាធារណៈ គឺជាវិធានការបន្ទាន់ និងអាទិភាពបំផុតមួយ ព្រោះមន្រ្តីរាជការដែលជាយុវជន គឺជាឆ្អឹងខ្នងនៃរដ្ឋបាលសាធារណៈ ហើយក៏ជាតួអង្គដ៏ សំខាន់បំផុត នៅក្នុងការចូលរួមសម្របសម្រួល ការអនុវត្តគោលនយោបាយ និងកម្មវិធីជាតិនានា របស់រាជរដ្ឋាភិបាល ដើម្បីធានាពីភាពជោគជ័យ និងការអភិវឌ្ឍប្រកបដោយ ចីរភាពរបស់ប្រទេសជាតិ។

លោករដ្ឋមន្ដ្រី បានលើកទឹកចិត្ត និងផ្តាំផ្ញើឲ្យយុវជន និងមន្ត្រីរាជការទាំងអស់ក្នុងពិធីនេះ យកចិត្តទុកដាក់ ខិតខំស្វែងយល់អំពី អត្ថន័យពិតប្រាកដ នៃការងារកែទម្រង់ របស់រាជរដ្ឋាភិបាល ព្រមទាំងផ្តល់មតិយោបល់ កែលម្អដល់ការងារកែ ទម្រង់ក្នុងស្មារតីនៃ ភាពជាម្ចាស់ និងការទទួលខុសត្រូវ ចំពោះជោគវាសនា នៃប្រទេសជាតិរបស់ខ្លួន, ចូលរួមគាំទ្រ និងពង្រីកការយល់ដឹង ភាពជាចាំបាច់ នៃការកែទម្រង់របស់ រាជរដ្ឋាភិបាល ឲ្យកាន់តែទូលំទូលាយថែមទៀត ទៅកាន់មជ្ឈដ្ឋានរបស់ខ្លួន, ពិនិត្យលទ្ធភាពចូលរួមដោយផ្ទាល់ និងដោយស្មារតីនៃភាពជាម្ចាស់ ក្នុងការងារកែទម្រង់ របស់រាជរដ្ឋាភិបាល ក្នុងករណីយកិច្ចនីត្យានុកូល នានាក្នុងនាមជាពលរដ្ឋ និយោជិក ធុរជន សហគ្រិន មន្ត្រីរាជការ អ្នកនយោបាយអាស្រ័យ តាមអង្គវិជ្ជាជីវៈរបស់ ខ្លួនរៀងៗខ្លួន ជាមួយគ្នានេះ លោក ឈឿន ប៊ុណ្ណារ័ត្ន អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ និងជាសមាជិកអចិន្ត្រៃយ៍ស.ស.យ.ក បានគូសបញ្ជាក់ថា ការរៀបចំបាឋកថានេះ ជាឱកាសដ៏កម្រមួយដែលក្រសួង មុខងារសាធារណៈសាលាភូមិន្ទរដ្ឋបាល និងក្រុមការងារ ស.ស.យ.ក វិស័យមុខងារសាធារណៈ បានប្រមូលផ្តុំបង្កើត ជាបាឋកថា ក្នុងក្របខ័ណ្ឌរួមដើម្បីចែករំលែក បទពិសោធន៍ ដល់យុវជនដែល ជាកម្លាំងស្នូល និងជាអ្នកបន្តវេន របស់ប្រទេសជាតិ៕

ដកស្រង់ពី៖  Fresh News