Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា និងអនុរដ្ឋមន្រ្តីពាណិជ្ជកម្មចិន ជួបជជែកគ្នាជំរុញទំហំពាណិជ្ជកម្មឲ្យដល់ ៦ពាន់លានដុល្លារនៅឆ្នាំ២០២០

  • បោះពុម្ព

(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការចម្រុះ ទ្វេភាគីកម្ពុជា-ចិន នៅសណ្ឋាគារសុខាភ្នំពេញ កាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ពិភាក្សាការងារជាមួយ គណៈប្រតិភូចិន ដឹកនាំដោយលោកស្រី កៅ យាន អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន ដើម្បីពិនិត្យលទ្ធផលនៃកិច្ច សហប្រតិបត្តិការក្នុង បណ្តាឆ្នាំកន្លងមក និងលើកទិសដៅការងារ ជំរុញទំហំពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ឲ្យបានដល់ ៦ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០២០ ស្របតាមផែន ការដែលថ្នាក់ដឹកនាំនៃ ប្រទេសទាំងពីរបានដាក់ ចេញនាពេលកន្លងមក។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ និងលោកស្រី កៅ យាន បានអបអរចំពោះកំណើនពាណិជ្ជកម្ម ទ្វេភាគីក្នុងឆ្នាំ២០១៧ ដែលសម្រេចបាន ប្រមាណ ៥,៨០០លានដុល្លារអាមេរិក ពោលគឺបានកើនឡើង ២១,៨% បើធៀបនឹងឆ្នាំ២០១៦ ដែលមានត្រឹមតែ ៤,៧៦០លានដុល្លារអាមេរិក។

ក្នុងនោះការនាំចេញ របស់កម្ពុជាទៅចិន បានកើនឡើងចំនួន ២២% ប្រៀបធៀបនឹងឆ្នាំ២០១៦ ដែលមានចំនួនត្រឹមតែ ៣,៩២៩លានដុល្លារប៉ុណ្ណោះ។

ភាគីទាំងពីរបានរំលេចអំពីវឌ្ឍន ភាពសំខាន់ៗនៃវិស័យពាណិជ្ជកម្មទ្វេភាគី លើការងារបញ្ហាអនាម័យ និងភូតគាមអនាម័យ ដែលស្ថិតជារបាំងបច្ចេកទេស រាំងស្ទះការធ្វើពិពិធកម្មការ នាំចេញកសិផលរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ដែលរួមមាន ផ្លែឈើ និងផលដំណាំផ្សេងទៀត។

ភាគីចិននឹងពិចារណាក្នុងការបង្កើន ការទិញផលិតផលបន្ថែមពីកម្ពុជា រួមទាំងការទិញអង្ករផងដែរ សម្រាប់ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីកាត់បន្ថយអតុលុ្យ ភាពនៃជញ្ជីងពាណិជ្ជកម្ម។

លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ រដ្ឋាភិបាលនៃប្រទេសចិន ដែលកន្លងមកតែងជួយគាំទ្រ ការអនុវត្តគម្រោងនានា របស់រដ្ឋាភិបាលកម្ពុជា និងបានកៀរគរវិនិយោគិន ឲ្យចូលមកបណ្តាក់ទុននៅកម្ពុជា ក្រោមក្របខណ្ឌផ្លូវមួយ-ខ្សែក្រវ៉ាត់មួយ ក្នុងបំណងចូលរួមជំរុញ កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនកម្ពុជា ស្របតាមផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ។

ជាការឆ្លើយតប លោកស្រី កៅ យាន បានសន្យានឹងធ្វើការសម្របសម្រួល ជាមួយស្ថាប័នពាក់ព័ន្ធសំដៅ ស្វែងរកដំណោះស្រាយបញ្ហានានា ជូនវិស័យឯកជនកម្ពុជា និងរាជរដ្ឋាភិបាលផងដែរ។

លោកស្រី ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តមរដ្ឋមន្ត្រី ដែលកន្លងមកតែងជួយ សម្របសម្រួលវិនិយោគិនចិន និងគាំទ្រការរៀបចំជំនួបធុរកិច្ច ក៏ដូចជាព្រឹត្តិការណ៍ពិព័រណ៍ ពាណិជ្ជកម្មផ្សេងៗ។ អង្គប្រជុំបានបញ្ចប់ ប្រកបដោយជោគជ័យ នៅថ្ងៃដដែល ក្រោមបរិយាកាសរីករាយ និងសាមគ្គីភាពល្អ៕

ដកស្រង់ពី៖  Fresh News