បណ្តាញសង្គម

បដិមា៣អង្គ កសាងសម័យ ព្រះបាទជ័យវរ្ម័នទី៤ ត្រឡប់ដល់កម្ពុជា បន្ទាប់ពីឃ្លាតឆ្លាយ ជាង៤ទសវត្សរ៍

ភ្នំពេញ៖ បន្ទាប់ពីឃ្លាតឆ្ងាយ ពីដែនដីសុវណ្ណភូមិ ពេញដោយវប្បធម៌រុងរឿង ជាង៤ទសវត្សរ៍ បដិមា ៣អង្គ កសាងឡើង ក្នុងសម័យកាល ព្រះបាទជ័យវរ្ម័នទី៤ បានវិលត្រឡប់ មកដល់កម្ពុជាវិញហើយ ក្រោមកិច្ចទាមទារ និងតស៊ូមតិ ពីរាជរដ្ឋាភិបាលកម្ពុជា។

ថ្លែងនៅក្នុងពិធីប្រគល់បដិមា ទុរយោធន៍ ភីម និងពលរាមនោះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម សុខ អាន បានមានប្រសាសន៍ថា ព្រះបដិមាទាំង ៣អង្គនេះ ត្រូវកសាងឡើងតាំងពីសម័យ ព្រះបាទជ័យវរ្ម័នទី៤ មកម្ល៉េះ ដែលមានអាយុកាល ច្រើនសត្សវត្សរ៍មកហើយ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្តថា «បដិមា ទុរយោធន៍ ត្រូវបានប្រគល់ជូន រាជរដ្ឋាភិបាលកម្ពុជាវិញ កាលពីខែ មុន នៅទីក្រុងញូវយ៉ក បន្ទាប់ពីជោគជ័យ នៃការតស៊ូក្តី ដែលរៀបចំឡើងដោយ ការិយាល័យអគ្គរដ្ឋអាជ្ញាសហរដ្ឋ អាម៉េរិក ប្រចាំតំបន់ Southern District of New York រួមជាមួយនឹងការគាំទ្រ យ៉ាងសកម្មរបស់ក្រុមអ្នកច្បាប់ កម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម ច័ន្ទ តានី»។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សុខ អាន បានបន្ថែមថា បដិមា ភីម ដែលបានលក់ទៅសារមន្ទីរ Norton Simon នៅទីក្រុង  Pasadena រដ្ឋ California ក្នុងឆ្នាំ១៩៧៦នោះ ក៏ត្រូវបានបញ្ជូនត្រឡប់មក ទីឋានកំណើររបស់ខ្លួនវិញដែរ។  ទន្ទឹមនឹងនេះដែរ បដិមា ពលរាម ក៏បានត្រឡប់មកវិញ តាមរយៈការព្រមព្រៀងគ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និង ក្រុមហ៊ុនដេញថ្លៃ Christie’s។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាល បានរកឃើញបដិមា និង វត្ថុបុរាណជាច្រើន ដែលត្រូវបាន ជនខិលខូច យកលក់ទៅឲ្យជនបរទេស ហើយរាជរដ្ឋាភិបាល នឹងខិតខំស្វែងរកបដិមាផ្សេងៗ បន្ថែមទៀត៕