បណ្តាញសង្គម

លោក ប៉ាន សូរស័ក្តិ៖ ផ្សារពាណិជ្ជកម្មចិន នឹងផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាង សម្រាប់សេដ្ឋកិច្ចកម្ពុជា

(កណ្តាល)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា វត្តមានរបស់ផ្សារពាណិជ្ជកម្មចិន នឹងផ្តល់អត្ថប្រយោជន៍ច្រើន យ៉ាងសម្រាប់សេដ្ឋកិច្ចកម្ពុជា ដោយសារផ្សារនេះ នឹងស្រូបយកទំនិញក្នុងស្រុក ដែលផលិតដោយសហគ្រាសធុនតូច និងមធ្យម ដើម្បីជំរុញការនាំចេញ។

លើសពីនេះ ផ្សារនេះ នឹងបង្កើតឱកាសការងារ និងប្រាក់ចំណូលជូនប្រជាជន លើកកម្ពស់វិស័យទេសចរណ៍ជាតិ ព្រមទាំងជំរុញ ទំហំពាណិជ្ជកម្ម ទ្វេភាគីរវាងកម្ពុជា និងចិនថែមទៀត។

លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ដូច្នេះ នាឱកាសអញ្ជើញជាអធិបតីភាព នៅក្នុងពិធីបើកសម្ពោធផ្សារពាណិជ្ជកម្ម ចេឌូបាយី កម្ពុជា-ចិន ដែលមានទីតាំងស្ថិតនៅតាម បណ្តោយផ្លូវជាតិលេខ៤ ក្នុងឃុំរការ ស្រុកអង្គស្នូល ខេត្តកណ្តាល នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដោយមានចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការមកពីស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី តំណាងមន្ទីរពាណិជ្ជកម្ម ខេត្តស៊ីឈួនប្រទេសចិន អាជីវករ ពាណិជ្ជករ និងប្រជាពលរដ្ឋ ប្រមាណជាង៦០០នាក់។

នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានលើកឡើងពីកំណើនរឹង មាំសេដ្ឋកិច្ចរបស់កម្ពុជា និងវឌ្ឍនភាពនៃវិស័យសំណង់ ដែលធ្វើឲ្យកើនឡើង នូវតម្រូវការប្រើប្រាស់សម្ភារ និងគ្រឿងសង្ហារឹមប្រណិតៗ ហើយការមកដល់នៃ ផ្សារពាណិជ្ជកម្មចិន នឹងផ្តល់ជម្រើសកាន់តែច្រើន សម្រាប់ប្រជាជនកម្ពុជា ដែលប្រាថ្នាចង់បានជីវិតរស់ នៅតាមបែបស៊ីវិល័យ ស្របតាមបរិបទរីក ចម្រើននៃវិស័យសេដ្ឋកិច្ច។

លើសពីនេះ ដើម្បីជំរុញការនាំចេញផលិតផលខ្មែរ លោករដ្ឋមន្ត្រី បានអំពាវនាវដល់សហគ្រិន និងផលិតករកម្ពុជា សហការជាមួយក្រសួងពាណិជ្ជកម្ម ដាក់តាំងបង្ហាញផលិតផល និងមុខទំនិញ នៅក្នុងបរិវេណពិព័រណ៍ ដែលផ្តល់ជូនដោយក្រុមហ៊ុន ចេឌូបាយី គ្រឿងសង្ហារឹម គ្រុប ដើម្បីស្វែងរកអតិថិជន និងដៃគូពាណិជ្ជកម្ម មកពីប្រទេសចិន សំដៅលក់ និងចែកចាយទៅកាន់ទីផ្សារ ធំៗនៅក្នុងប្រទេសចិន។

ជាមួយគ្នានេះ លោកស្រី ចាង យីង (Zhang Ying) អនុប្រធានមន្ទីរពាណិជ្ជកម្ម នៃខេត្តស៊ីឈួន ប្រទេសចិន បានជម្រាបជូនអង្គពិធី អំពីសក្តានុពលសេដ្ឋកិច្ច របស់ខេត្តស៊ីឈួន ដែលជាមជ្ឈមណ្ឌលឧស្សាហកម្ម ធំមួយនៅក្នុងប្រទេសចិន ហើយការវិនិយោគបង្កើតផ្សារ ពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា គឺដើម្បីធ្វើគំរូផ្សារលើក ដំបូងរបស់ខេត្តស៊ីឈួន នៅក្នុងតំបន់អាស៊ាន សំដៅឆ្លើយតបនឹងគោល នយោបាយផ្លូវមួយ ខ្សែក្រវ៉ាត់មួយ របស់រដ្ឋាភិបាលចិន។

គួរកត់សម្គាល់ថា បច្ចុប្បន្នប្រទេសចិន បានក្លាយជាដៃគូវិនិយោគ ធំបំផុតនៅកម្ពុជា។

បើតាមកំណត់ត្រារបស់ក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ស្តីពីទុនវិនិយោគផ្ទាល់ ពីបរទេស (FDI) បង្ហាញថា ចាប់ពីតាំងឆ្នាំ២០០៤ រហូតដល់ខែមិថុនា ឆ្នាំ២០១៧ ទឹកប្រាក់វិនិយោគពីប្រទេសចិន មានចំនួន៧២៦ប៊ីលានដុល្លារ ហើយបានឈរក្នុងលំដាប់ទី១ ក្នុងចំណោមប្រទេសដៃគូទាំងអស់។

លើសពីនេះ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងចិន នៅក្នុងឆ្នាំ២០១៧ សម្រេចបាន៥,៨ប៊ីលានដុល្លារ ក្នុងនោះការនាំចេញរបស់កម្ពុជា មានចំនួន១ប៊ីលានដុល្លារ និងនាំចូលពីប្រទេសចិនមានចំនួន ៤,៧ប៊ីលានដុល្លារ៕

ដកស្រង់ពី៖ Fresh News