បណ្តាញសង្គម

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង ៣ពាន់នាក់

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ អញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យា ល័យភូមិន្ទភ្នំពេញ៣,២៣៣នាក់ ដែលក្នុងនោះមាននារី ១,៥០៨នាក់។

ពិធីប្រគល់សញ្ញាបត្រនេះ នឹងធ្វើឡើងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឲ្យ Fresh News ដឹងថា និស្សិតជ័យលាភីទទួលសញ្ញាបត្រ នៅថ្ងៃនេះមានថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។

ចាប់តាំងពីឆ្នាំ១៩៩៨មក សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមក្នុងកម្មវិធី នានារបស់សាកលវិទ្យាភូមិន្ទ ភ្នំពេញសរុប ២២លើកហើយ។

អ្នកនាំពាក្យរូបនេះក៏បានឲ្យដឹងដែរថា គិតចាប់ពីឆ្នាំ១៩៨០ មកដល់បច្ចុប្បន្ននិស្សិត ដែលបានបញ្ចប់ការសិក្សា មានចំនួនសរុប ៤៤,៥២៤នាក់ មាននារី ១៥, ៥៤៩នាក់។ ក្នុងនោះមាននិស្សិតអាហារូបករណ៍ចំនួន ១៧,៩៣៥នាក់ មាននារី ៤,៩៩៧ នាក់។ ក្នុងឆ្នាំសិក្សា២០១៧-២០១៨ និសិ្សតកំពុងសិក្សា មានចំនួនសរុប ១៩,៥៩៩នាក់ មាននារី ៩,៥១៤នាក់៕

ដកស្រង់ពី៖ Fresh News