បណ្តាញសង្គម

នាយកខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន៖ អាមេរិកចោទនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង រំលោភសិទ្ធិមនុស្ស ស្របពេលខ្លួនបែរជាចាប់បំបែកកូនតូចៗពីម្តាយ ជាទីស្រឡាញ់របស់ពួកគេ ដាក់ក្នុងទ្រុងដូចសត្វធាតុ

(ភ្នំពេញ)៖ ថ្លែងតាមរយៈកិច្ចសម្ភាសន៍ ពិសេសមួយ រវាងនាយកខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ដោយលោក ហូ សិទ្ធី បានថ្លែងទាំងអស់សំណើច និងបានចោទសួរថា សហរដ្ឋអាមេរិក ដែលអះអាងថាខ្លួនជាបិតា ប្រជាធិបតេយ្យលើលោក បានចោទនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ថាជាអ្នករំលោភសិទ្ធិមនុស្ស ស្របពេល អាមេរិកខ្លួនឯងនេះ បែរជារំលោភ សិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដោយចាប់បំបែកម្តាយ និងកូនតូចៗជនជាតិម៉ិចស៉ិក ហើយដាក់ពួកគេដូចសត្វធាតុ នៅក្នុងទ្រុងទៅវិញ។

ការលើកឡើងរបស់លោក ហូ សិទ្ធី នាយកខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន តាមរយៈបណ្តាញព័ត៌មាន Fresh News នេះបានធ្វើឡើងស្រប ពេលដែលសហរដ្ឋអាមេរិក បានបើកយុទ្ធនាការយ៉ាងឃោឃៅ ចាប់បំបែកកូនក្មេងតូចៗ ពីឪពុកម្តាយជាទីស្រឡាញ់ របស់ពួកគេ ដែលបានឆ្លងកាត់ ព្រំដែនពីប្រទេសម៉ិចស៊ិក ចូលសហរដ្ឋអាមេរិក។

ទង្វើរបស់អាមេរិកបែបនេះ ត្រូវបានបណ្តាប្រទេសជាច្រើន នៅលើពិភពលោក ថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុត ដោយពួកគេលើកឡើងថា វាជាការបំបែកទឹកចិត្ តមនោសញ្ចេតនា ដ៏ជ្រាលជ្រៅរវាងម្តាយនិងកូន ដែលធ្វើឲ្យក្មេងតូចៗ នៅឆ្ងាយពីម្តាយយ៉ាងយូរថ្ងៃ។

ករណីនេះបានផ្ទុះការរិះគន់ ស្របពេលដែលរូបភាព ជាច្រើនទើបបែកធ្លាយចេញមក និងឃើញគួរឲ្យខ្លោចផ្សារ (ដូចក្នុងរូបភាព)។

នាយកខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ទង្វើរបស់សហរដ្ឋអាមេរិក គឺជាការរំលោភសិទ្ធិ មនុស្សដ៏ធ្ងន់ធ្ងរ ប៉ុន្តែប្រទេសនេះបែរជាចោទ ប្រកាន់យ៉ាងអយុត្តិធម៌ មកលើប្រទេសតូចៗ ដែលមិនរណបខ្លួនថា ជាប្រទេសរំលោភ សិទ្ធិមនុស្សទៅវិញ។

លោកបានថ្លែងថា ទង្វើរបស់សហរដ្ឋអាមេរិកពេលនេះ មិនខុសគ្នាទៅនឹងរបបប៉ុលពត ដែលបានបង្ខាំងឪពុកម្តាយ ដាច់ដោយឡែកពីកូនតូចៗ ធ្វើឱ្យពិភពលោកមិន អាចទទួលយកបាន។

តាមសារព័ត៌មានបរទេស នានាចេញផ្សាយឲ្យដឹងថា ក្នុងរយៈពេល៣៥ថ្ងៃ ចាប់តាំងពីថ្ងៃទី៥ ខែឧសភា ដល់ថ្ងៃទី៩ ខែមិថុនានេះ មានកូនក្មេងជាង២៣០០នាក់ បានត្រូវបានគេបំបែក ពីឪពុកម្តាយ ឬអ្នកព្យាបាលជាទីស្រឡាញ់ របស់ពួកគេ ដែលប្រឈមនឹងការចោទ ប្រកាន់ពីបទចូលប្រទេស អាមេរិកខុសច្បាប់ ក្រោមគោលនយោបាយថ្មី របស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ។

ចំណាត់ការនេះបានធ្វើឱ្យមាន ការរិះគន់យ៉ាងខ្លាំងពី មន្រ្តីសិទ្ធិមនុស្សអន្តរជាតិ និងបណ្តាប្រទេសផ្សេងៗទៀត ប៉ុន្តែសហរដ្ឋអាមេរិក មិនទទួលយកនូវការរិះគន់ទាំង នេះទេ ហើយថ្មីៗនេះសហរដ្ឋអាមេរិក ដែលអះអាងថាខ្លួនជាបិតា សិទ្ធិមនុស្សលើលោក ក៏បានដកខ្លួនចេញក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ UNHRC។ ទង្វើបំបែកកូនពីម្តាយនេះ ដោយជាមធ្យមក្នុងមួយថ្ងៃៗ មានក្មេងមិនក្រោម៤៥នាក់ទេ ដែលត្រូវពង្រាត់ចេញ ពីឪពុកម្តាយជាជនអន្តោ ប្រវេសន៍របស់ពួកគេ។

រដ្ឋាភិបាលម៉ិចស៉ិចបានបង្ហាញឲ្យដឹងថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ដែលបានប្រកាសដកខ្លួន ពីក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ UNHRC គឺសហរដ្ឋអាមេរិក មិនមែនរួចខ្លួនពីការទំនួល ខុសត្រូវក្នុងការគោរព ប្រតិបត្តិសិទ្ធិមនុស្ស ទាំងនៅក្នុងប្រទេសរបស់ខ្លួន និងនៅទូទាំងសកល លោកនោះឡើយ៕

ដកស្រង់ពី៖ Fresh News