បណ្តាញសង្គម

ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម ជួបសំណេះសំណាលសមាជិកបក្សប្រជាជន នៃ​ក្រសួងធម្មការ និងសាសនា

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម សមាជិកគណៈកម្មាការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈ កម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រសួងធម្មការ និងសាសនា នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ បានអញ្ជើញជា អធិបតីភាព ក្នុងពិធីជួបសំណេះ សំណាលជាមួយ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៃក្រសួងធម្មការនិងសាសនា។

ស្ថិតក្នុងបរិយាសនោះផងដែរ លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម ថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមាជិក សមាជិកាទាំងអស់ ដែលបានអញ្ជើញចូលរួម ដែលញ៉ាំងឲ្យកម្មវិធីអាចដំណើរការ បានយ៉ាងប្រសើរនាពេលនេះ។

លោកទេសរដ្ឋមន្ត្រី បានរំលឹកឡើង នូវប្រវត្តិប្រសាស្ត្របង្ហាញថា កម្ពុជាបានឆ្លងកាត់ដំណាក់កាល នៃសង្គ្រាម និងការផ្លាស់ប្តូររបប គ្រប់គ្រងរដ្ឋជាបន្តបន្ទាប់ ដែលកើតឡើងដោយ មូលហេតុជាច្រើន រួមមានការដណ្តើមភូមិ សាស្រ្តនយោបាយ ការប្រកួតប្រជែង មនោគមវិជ្ជា ការជ្រៀតជ្រែក ពីមហាអំណាច ជម្លោះដណ្តើមទឹកដី ការដណ្តើមអំណាចផ្ទៃក្នុង និងរបបប្រល័យជូពសាសន៍។

បើតាមលោក ហ៊ឹម ឆែម ជនក្រុមក្ដាមតូចបានធ្វើអំពើមួយចំនួន ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាល កម្ពុជាស្របច្បាប់ នៅក្នុងនោះការរៀប ចំបង្កើតឲ្យមាន ចលនាបដិវត្តន៍ពណ៌ គឺជាចលនាប៉ះបោរ ដោយមហាជន តាមរយៈបាតុកម្មអហិង្សា ឬកូដកម្ម ហើយប្រែក្លាយទៅ ជាកុបកម្មបន្តិចម្តងៗ ដែលមានការជួយរៀបចំ និងផ្តល់មធ្យោបាយហិរញ្ញវត្ថុ តាមរូបភាពផ្សេងៗ ពីប្រទេសមហាអំណាច និងសម្ព័ន្ធមិត្ត ក្រោមលេសពង្រឹង លទ្ធិប្រជាធិបេតយ្យ និងការពារសិទ្ធិមនុស្ស ក្នុងគោលដៅផ្តួលរំលំ មេដឹកនាំប្រទេសណាមួយ ដែលកើតឡើងដោយស្របច្បាប់។

បន្ថែមពីនេះ លោកទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម ក៏បានសូមអំពាវនាវឲ្យ សមាជិកទាំងអស់គ្នា ត្រូវបំពេញនូវកាតព្វកិច្ច របស់ខ្លួនជាពលរដ្ឋល្អ ក្នុងការចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ហើយបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដែលមានរៀងទី២០ ដើម្បីបន្តការគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់អាណត្តិទី៦ និងអាណត្តិបន្តបន្ទាប់ទៀត។

បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺមានសន្តិភាព មានការបង្រួបបង្រួមជាតិ មានការអភិវឌ្ឍន៍គ្រប់វិស័យ មានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គឺមានអ្វីៗគ្រប់បែបយ៉ាង។ មានតែគណបក្សប្រជាជនកម្ពុជាមួយទេ ជាអ្នកមានគុណ អ្នកផ្តល់កំណើតទីពីរ និងជាអ្នកបានរំដោះទឹកដីចេញពី របបដ៏ខ្មៅងងឹត ឲ្យមានយើងបានរស់រានមានជីវិត មានសិទ្ធិសេរីភាពពេញលេញ មានសិទ្ធិបញ្ចេញមតិ មានសិទ្ធិជឿនិងកាន់ជំនឿ សាសនាផ្សេងៗរៀងខ្លួន៕

ដកស្រង់ពី៖ Fresh News