បណ្តាញសង្គម

សហជីពកម្ពុជា និងសហជីពឡាវ បន្តពង្រឹងកិច្ចសហប្រតិបត្តិការទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់សភាសម្ព័ន្ឋសហជីពជាតិកម្ពុជា (NACC) គណៈប្រតិភូសហព័ន្ឋសហជីពឡាវ (LFTU) ចំនួន៥រូប ដឹកនាំដោយលោក Vanhna Doungphachanh បានជួបពិភាក្សា  ការងារទ្វេរភាគីជាមួយ សភាសម្ព័ន្ឋសហជីពជាតិកម្ពុជា (NACC) នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីរឹតចំណងសាមគ្គីភាព ពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៏ នៃសហជីពប្រទេសទាំង២។

លោក សោម អូន ប្រធាន NACC បានលើកឡើងពីវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការ រវាងសហជីពប្រទេសទាំងពីរ ដែលក្នុងនោះ បានផ្លាស់ប្តូរគណ:ប្រតិភូ ទស្សនកិច្ចជារៀងជាទៀងទាត់ ហើយភាគីទាំងពីរតែងតែគាំទ្រគ្នា ទៅវិញទៅមកនៅក្នុងសកម្មភាព ដើម្បីការពារផល ប្រយោជន៍រួមទាំងទ្វេរភាគី ទាំងនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។

លោក សោម អូន បានវាយតម្លៃខ្ពស់ចំពោះដំណើរ ទស្សនកិច្ចរបស់គណៈប្រតិភូ សហជីពឡាវក្នុងរយៈពេល ៥ថ្ងៃនេះ ដែលនឹងទទួលបាននូវ លទ្ឋផលផ្លែការជាវិជ្ជមានបន្ថែមទៀត ជាពិសេសភាគីទាំងពីរនឹង ទទួលបាននូវការចែករំលែក បទពិសោធន៏ពីគ្នាទៅវិញទៅមក។

មិនតែប៉ុណ្ណោះដំណើរទស្សនកិច្ចនេះ នឹងពង្រឹងបានបន្ថែមទៀតនូវចំណងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការល្អ។

ជាមួយនេះដែរលោក សោម អូន ក៏បានលើកឡើង អំពីសភាពការណ៏បច្ចុប្បន្ន នៃចលនាសហជីពសភាពការណ៍ សេដ្ឋកិច្ច និងសភាពការណ៍នយោបាយ នៅកម្ពុជានៅក្នុងពេលបច្ចុប្បន្ន។

លោក VanhnaDoungphachanh ប្រធានគណៈប្រតិភូ និងជាអនុប្រធានសហព័ន្ធសហជីពឡាវ បានសម្តែងនូវមោទនភាព និងថ្លែងអំណរគុណចំពោះលោក សោម អូន ប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា ដែលបានដឹកនាំផ្តួចផ្តើម ឲ្យមានទំនាក់ល្អរវាង សហជីពប្រទេសទាំងពីរ។

លោកក៏បានសង្កត់ធ្ងន់ថា ភាគីសហជីពឡាវ នឹងខិតខំពង្រឹងបន្ថែមទៀត ដើម្បីរិតចំណងសាមគ្គីភាព និងពង្រឹងកិច្ចកិច្ចសហការ អោយរឹតតែស៊ីជម្រៅ ដើម្បីផលប្រយោជន៍ នៃពលករប្រទេសទាំងពីរ។

សូមបញ្ជាក់ថា យោងតាមស្មារតី នៃកិច្ចសហប្រតិបត្តិការនៃសហជីពទាំងពីរ សភាសម្ព័ន្ឋសហជីពជាតិកម្ពុជា បានអញ្ជើញ គណៈប្រតិភូសហព័ន្ឋ សហជីពឡាវ មកបំពេញទស្សនកិច្ច រយៈពេល៥ថ្ងៃ នៅកម្ពុជា គឺចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ហើយក្នុងដំណើរ ទស្សនកិច្ចលើកនេះ សហព័ន្ឋសហជីពឡាវ នឹងចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ថ្នាក់ដឹកនាំក្រសួងស្ថាប័ន ពាក់ព័ន្ឋមួយចំនួនផងដែរ ៕

ដកស្រង់ពី៖ Fresh News