បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន៖ ដើម្បីជំរុញឱ្យកម្មករទទួលបានប្រាក់ឈ្នួលអប្បបរមា១៧០ដុល្លារ រាជរដ្ឋាភិបាលត្រូវធ្វើការងារពីរ ដែលនាំឱ្យបាត់ចំណូលជាង៨០លានដុល្លារ

(កំពង់ឆ្នាំង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ដើម្បីជំរុញឱ្យ កម្មករ-កម្មការិនីទទួលបាន ប្រាក់ឈ្នួលអប្បបរមា ១៧០ដុល្លារ (ក្នុងឆ្នាំ២០១៨) រាជរដ្ឋាភិបាលត្រូវធ្វើការងារពីរ ជាមួយរោងចក្រសហគ្រាស ដើម្បីធានាថា រោងចក្រសហគ្រាសនោះ នៅតែអាចដំណើរការបាន ដែលនាំឱ្យរដ្ឋបាត់ចំណូលដល់ទៅ ជាង៨០លានដុល្លារ។

សម្តេចតេជោថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនីសរុប ២១,៤៦៥នាក់ មកពីរោងចក្រចំនួន១៤ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែបឋមាសាឍ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា គ.ស២០១៨។ នៅក្នុងឱកាសនោះ ប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា ឆ្នាំ១៩៩៧ កម្ពុជាមានរោងចក្រតែ៦៤ រោងចក្រប៉ុណ្ណោះ និងប្រាក់ឈ្នួលអប្បបរមា ត្រឹមតែ៤០ដុល្លារ ប៉ុន្តែបច្ចុប្បន្នកម្ពុជា មានរោងចក្រដល់ទៅ១,១៥៤រោងចក្រ ក្នុងនោះមានកម្មករបម្រើការ ចំនួន៧៧៦,៥០២នាក់ ជាមួយការទទួលបានប្រាក់ឈ្នួល អប្បរមា១៧០ដុល្លារ សម្រាប់ឆ្នាំ២០១៨ ដែលនេះជាការបង្ហាញពីវឌ្ឍន ភាពលើវិស័យ ឧស្សាហកម្មរបស់កម្ពុជា។

សម្ដេចបន្តថា ដើម្បីជំរុញឱ្យកម្មករទទួលបាន ១៧០ដុល្លារ រាជរដ្ឋាភិបាលត្រូវធ្វើការ ពីរជាមួយរោងចក្រសហគ្រាស ដើម្បីធានាថា រោងចក្រសហគ្រាសនោះនៅតែ អាចដំណើរការបាន។

ការងារទាំងពីរនោះ គឺទី១៖ រាជរដ្ឋាភិបាលពន្យារ ពេលយកពន្ធកាត់ទុក រហូតដល់ឆ្នាំ២០២២

និងទី២៖ ឈប់យកកម្រៃពីការនាំចេញ។ ការងារសម្របសម្រួលទាំងពីរនេះ ធ្វើឲ្យរាជរដ្ឋាភិបាលបាត់ចំណូលជាង ៨០លានដុល្លារអាមេរិក។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ហើយបើសិនជាពិនិត្យនៅឆ្នាំ២០១៧ កន្លងផុតទៅ ក្មួយៗទទួលបានបៀវត្សន៍តែ ១៥៣ដុល្លារទេ ហើយការចរចាត្រីភាគីរវាងតំណាងកម្មករ ម្ចាស់រោងចក្រ និងខាងរាជរដ្ឋាភិបាល (សម្រាប់ឆ្នាំ២០១៨) ម្ចាស់រោងចក្រមានលទ្ធភាពត្រឹមតែ ១៦៥ដុល្លារទេក្មួយ។

ហ្ចឹងដើម្បីឱ្យក្មួយៗមានលទ្ធភាព ទទួលបាននូវប្រាក់បៀវត្សន៍ ១៧០ដុល្លារ តើរាជរដ្ឋាភិបាលត្រូវធ្វើអ្វីខ្លះ? ព្រោះបើយើងធ្វើមិនស្រួលទេ រោងចក្រនឹងត្រូវបិទទ្វារ អ្នករងគ្រោះមុនគេគឺកម្មករ -កម្មការិនីរបស់យើង ដែលកំពុងធ្វើការ ដែលកំពុងមានប្រាក់ចំណូល ហើយត្រូវបាត់បង់ប្រាក់ ចំណូលមួយពព្រិចភ្នែក។ ដូច្នេះដើម្បីជំរុញឱ្យក្មួយៗ ទទួលបានប្រាក់ចំណូល ១៧០ដុល្លារ រាជរដ្ឋាភិបាលត្រូវធ្វើការងារ ពីរដើម្បីនឹងដោះស្រាយ បង្កើន៥ដុល្លារសម្រាប់ឱ្យក្មួយៗ នោះគឺ

ទី១. ពន្យារពេលយកពន្ធកាត់ ទុករហូតដល់ឆ្នាំ២០២២ ដែលនោះរដ្ឋនឹងត្រូវ បាត់បង់ប្រាក់ចំណូលជាង ៤០លានដុល្លារ ឯ

ទី២. កម្រៃនាំចេញដែលរដ្ឋធ្លាប់ ទទួលក្នុងមួយឆ្នាំជាង ៤០លានដុល្លារ រដ្ឋត្រូវបាត់បង់ សរុបទាំងអស់ជាង ៨០លានដុល្លារ ដើម្បីឱ្យក្មួយៗបានបន្ថែមក្នុងម្នាក់ ៥ដុល្លារ»។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបន្តថា ប្រទេសដែលអាចទាក់ទាញ រោងចក្រពីកម្ពុជា រួមមាន៖ ប្រទេសបង់ក្លាដេស ស្រីលង្ការ ឥណ្ឌា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងប៉ាគីស្ថានជាដើម ដែលប្រទេសទាំងនេះ មានកម្លាំងពលកម្មច្រើន ហើយប្រាក់ឈ្នួលក៏នៅ ទាបជាងកម្ពុជាផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា ហេតុអ្វីបានអ្នកវិនិយោគ មកវិនិយោគនៅកម្ពុជា ជាប្រទេសមានប្រាក់ ឈ្នួលខ្ពស់ជាងគេ តម្លៃអគ្គិសនីថ្លៃជាងគេ និងប្រព័ន្ធហេដ្ឋារចនា សម្ព័ន្ធក៏មិនជាល្អជាងគេដែរ? សម្តេចបានបញ្ជាក់ថា កត្តាសន្តិភាព និងស្ថិរភាពនយោបាយ ជាការផ្តល់ទំនុកចិត្ត ពេលវែងសម្រាប់អ្នកវិនិយោគ លើសពីនោះកម្ពុជាក៏អនុញ្ញាត ឱ្យបរទេសអាចបោះទុនវិនិយោគ ១០០ភាគរយ ដោយមិនចាំបាច់ចាប់ដៃជា មួយអ្នកវិនិយោគក្នុងស្រុកឡើយ។

សម្តេចតេជោបានអំពាវនាវឱ្យកម្មករ និងអាជ្ញាធរ ត្រូវរួមគ្នាប្រឹងប្រែងរក្សារោងចក្រ ដែលមានវត្តមាននា ពេលបច្ចុប្បន្ន ហើយប្រឹងប្រែងកៀរគ រអ្នកវិនិយោគថ្មីបន្ថែមទៀត ដើម្បីផ្តល់ការងារ ជូនប្រជាពលរដ្ឋ៕

ដកស្រង់ពី៖ Fresh news